ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះនិងជាអគ្គមេបញ្ជាការរងកងទ័ពជើងគោក អនុប្រធានគណៈកម្មការជ្រើសរើសបុគ្គលិក វាយតំលៃបុរេលក្ខណៈសម្បត្តិនៃការប្រលងជ្រើសរើសនាយទាហានសកម្មជំនាន់ទី២០ បានអញ្ជើញចូលរួមធ្វើសន្និសីទសារព័ត៌មានស្ដីពីការប្រលងជ្រើសរើសនាយទាហាននៅមណ្ឌលរាជធានីភ្នំពេញ ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងទៅកាន់សារព័ត៌មានជាតិ អន្តរជាតិ និងប្អូនៗជាបេក្ខជនដែលបានចូលរួមប្រលង ឯកឧត្តម មានក្ដីរីករាយដោយពិនិត្យឃើញប្អូនៗ សិស្ស និស្សិត ទាំងអស់ដែលបានដាក់ពាក្យប្រលង នាយទាហានសកម្មជំនាន់ទី៨ និងបន្តវេនជំនាន់ទី៩សំរាប់កងទ័ពជើងគោក តាមការប្រកាសរបស់ក្រសួងការពារជាតិ ដោយមានបេក្ខជនប្រមាណជាង៣០០០នាក់។
ឯកឧត្តមបានបញ្ជាក់អំពីគោលបំណងនៃការជ្រើសរើសសំខាន់ៗចំនួន ៣ គឺ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សមត្ថភាព និងជំនាញ ហើយនាយទាហានណាសកម្មនឹងឈានទៅធ្វើការបណ្ដុះបណ្ដាលនៅក្រៅប្រទេសបន្ថែមទៀតក្រោយពីប្រលងជាប់ ។ ចំពោះវិញ្ញាសាប្រលង មាន៣ គឺ ទី១ ចំណេះដឹងទូទៅ ទី២ ភាសា និងទី៣ លើកាយសម្បទា សកម្មភាពប្រលងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៥ ។
ឯកឧត្ដមបានធ្វើការបញ្ជាក់បន្ថែម ការប្រលងនេះមានគណៈកម្មការត្រឹមត្រូវ និងមានរៀបចំមេប្រយោគត្រួតពិនិត្យ អនុរក្ស តាមដានទប់ស្កាត់រាល់ភាពមិនប្រក្រតីរបស់បេក្ខជន ។
ឯកឧត្តមក៏បានសំណូមពរដល់បេក្ខជនទាំងអស់ សូមមេត្តាគោរពតាមគាលការណ៍របស់គណៈកម្មការប្រលង ហើយបើមានសភាពការណ៍ណាមួយកើតឡើងជា យថាហេតុសូមរាយការណ៍ផ្ដល់ព័ត៌មានអោយបានឆាប់ និងទាន់ពេលដើម្បីងាយស្រួលបង្ការទប់ស្កាត់។
ក្រោយមកក៏មានចំណាប់អារម្មណ៍ពីបេក្ខជន ដែលបានចូលរួមប្រលងបានលើកឡើងអំពីសកម្មភាព និងដំណើរការ របស់គណកម្មការ គឺប្អូនសុំសរសើរចំពោះការគ្រប់គ្រង ទាំងមេប្រយោគ អនុរក្ស និងអ្នកដែលពាក់ព័ន្ធ ហើយដំណើរការប្រលង មានភាពយុត្តិធម៌ តម្លាភាព មិនប្រកាន់បក្សពួក និងមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវ ពោលគឺអនុវត្តន៍តាមបទបញ្ជាផ្ទៃក្នុងទាំងគណៈកម្មការនិងបេក្ខជន ។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកសារព័ត៌មានទាំងអស់ និងជូនពរប្អូនដែលជាបេក្ខជន សូមអោយប្រលងទទួលបានលទ្ធផលល្អគួរជាទីមោទនៈអាចទទួលយកបាន សក្ដិសមជានាយទាហានសកម្មជំនាន់ទី៨ និងបន្តវេនជំនាន់ទី៩សំរាប់នាយទាហានកងទ័ពជើងគោក៕