ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ បាននាំយកអំណោយ ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យចំនួន ១០គ្រួសារ ស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ ។
ពិធីចែកអំណោយនេះ ធ្វើឡើងក្រោមការដឹកនាំដោយ លោក ជា ពិសី អនុប្រធានកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ តំណាងលោក ធុយ សុខន ប្រធានកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ និងមានការចូលរួមពីសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌជាច្រើនរូបផងដែរ។
ក្នុងនោះ គ្រួសារនីមួយៗទទួលបានអំណោយដូចជា៖ អង្ករ ២៥គីឡូក្រាម ធុងជ័រ ១ ធុងទឹកកក១ ស្ករស ១គីឡូក្រាម ត្រីខ ៥ កំប៉ុង វែក១ ខ្ទះឆា១ តែ១កញ្ចប់ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ និងថវិកា ៥០,០០០រៀល ដោយឡែក ម្ចាស់ផ្ទះទទួលបានអង្ករ ២៥គីឡូបន្ថែម ទៀត។
ក្នុងឱកាសនេះ ដោយមានការនិមន្តចូលរួមពីព្រះតេជគុណ សុវណ្ណជោតិ ខឹម សម្បត្តិ រាជាគណៈថ្នាក់កិត្តិយស ជាព្រះវិន័យធម៌ អនុគណៈខណ្ឌឫស្សីកែវ ព្រះចៅអធិការវត្តញាណរង្សី បានឧបត្ថម្ភបន្ថែមទៅឲ្យគ្រួសាររងគ្រោះ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ១០កញ្ចប់ ស្ករស ១គីឡូក្រាម ទឹកដោះគោ ២កំប៉ុង ទឹកត្រី ២ដប ទឹកស៊ីអ៊ីវ ២ដប ទឹកក្រូច ៥កំប៉ុង ត្រីខ ២កំប៉ុង តែ ៥កញ្ចប់ និងថវិកា៥០,០០០រៀល។
ឆ្លៀតក្នុងឱកាសនោះ ក្រុមគ្រួសាររងគ្រោះដែលបានមកទទួលនូវអំណោយទាំងអស់នេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះនូវភាពខ្វះខាត និងសូមជូនពរឲ្យសប្បុរសជនទាំងអស់ជួបតែសេចក្ដីសុខ សេចក្ដីចម្រើនគ្រប់ក្រុមគ្រួសារ ៕
ប្រភព៖ ទំព័រសាលាខណ្ឌឫស្សីកែវ