កំពង់ចាម៖ កម្មវិធីក្តីបារម្ភដ៏ធំធេងពី ក្រុមហ៊ុនហុងដា NCX HONDA ក្រោមប្រធានបទ «ស្រលាញ់អ្នកណាម្នាក់ត្រូវពាក់មួកសុវត្ថិភាព» នាព្រឹកថ្ងៃទី២២ នេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម លន់ លឹមថៃ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង លោកបណ្ឌិត ខាន់ឆៃ កៀស្រ៊ីថាណាកន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន NCX HONDA ព្រមទាំង មន្ត្រីជុំវិញខេត្ត មន្ត្រីចរាចរណ៍ និង អតិថិជន របស់ HONDA ទាំងអស់ប្រមាណ ១៥០០នាក់។
ក្នុងកម្មវិធីនេះដែរ រៀបចំឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទើបតែអនុម័ត ដូចដែលបានចែងនៅក្នុងមាត្រា ៨ ចំនុចទី៨ ដែលតម្រូវអោយអ្នកបើកបរទោចក្រយានយន្ត និងអ្នករួមដំណើរជាមួយត្រូវតែពាក់មួកសុវត្ថិភាព ក៏ដូចជា ពញ្ញាក់ស្មារតីអ្នកបើកបរ និង អ្នករួមដំណើរអោយពាក់មួកសុវត្តិភាពគ្រប់ៗគ្នា ដើម្បីបញ្ចាសនូវគ្រោះថ្នាក់ចរាចរណ៍ ដល់អាយុជីវិតដោយសារកាប៉ះទង្កិចក្បាល។
នាឱកាសនោះ លោកបណ្ឌិត ខាន់ឆៃ កៀស្រ៊ីថាណាកន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន NCX HONDA បានមានប្រសាសន៍ក្នុងកម្មវិធីថា ក្នុងនាមលោកជាប្រធានក្រុមប្រឹក្សារបស់ក្រុមហ៊ុន NCX HONDA លោកមានសេចក្តីរីករាយជាខ្លាំងដល់ភ្ញៀវកិតិ្តយស និងអតិថិជនទាំងអស់ក្នុងកម្មវិធីនេះ និងសូមធ្វើកាថ្លែងអំណរគុណទៅដល់អតិថិជនដែលតែងតែគាំទ្រ ផលិតផលម៉ូតូ របស់ក្រុមហ៊ុន HONDA ។
លោកបានបន្តទៀតថា នាពេលបច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈម ធ្ងន់ធ្ងរ ហើយបានប៉ះបាល់ និង ជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា បានបាត់បង់ធនធានមនុស្ស ខាតបង់ថវិកាទ្រព្យសម្បិត្ត និងពេលវេលាជាដើម ។
ដោយមើលឃើញពីបញ្ហានេះ ក្រុមហ៊ុនបានបង្កើតសាលាបង្រៀនបើកបរ ទោច្រយានយន្ត និងច្បាប់ចរាចរណ៍ដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសរួមគ្នាជាមួយសាខា ម៉ូតូខេត្តកំពង់ចាម បានបើកវគ្គ បណ្តុះបណ្តាលច្បាប់ចរាចរណ៍នេះ ដោយមិនគិតថ្លៃ។
ក្រៅពីនេះ ក្រុមហ៊ុនបានសហការជាមួយនិងភ្នាក់ងារចែកចាយធ្វើសកម្មភាពការងារសង្គម វិស័យអប់រំនានា ដែលមានដូចជា តុកៅអី កម្រាលការ៉ូ ជួសជុលអគារសិក្សា និង ដូចដែលបានឃើញក្នុងពេលនេះស្រាប់។ ជាចុងក្រោយលោក សូមអំពាវនាវ ដល់ប្រជាជនរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ទាំងអស់គ្នា ។
គួរបញ្ជាក់ផងដែរថា កន្លងមក ក្រុមមហ៊ុនមានគម្រោង ធ្វើការចែកមួកសុវត្ថិភាពដល់អតិថិជន ហុងដា និងស្ថាប័នដែលពាក់ព័ន្ធទូទាំងប្រទេសចំនួន ១០,០០០មួក ដោយកន្លងមក ក្រុមហ៊ុនបានចែក៤លើករួចមកហើយ គឺ លើកទី១ ចែកចំនួន ១៣២០មួក នៅមជ្ឈមណ្ឌលកម្សាន្ត កោះពេជ្យ ទី២ ចែកចំនួន ១,០០០មួក នៅក្រុងតាខ្មៅខេត្តកណ្ដាល ទី៣ ១,៥០០មួកនៅខេត្តបាត់ដំបង និងទី៤ ១,៥០០មួកនៅខេត្តសៀមរាប និងថ្ងៃនេះដែរ នៅខេត្តកំពង់ចាមចែកចំនួន១,៥០០មួក។
ជាចុងក្រោយឯកឧត្តមអភិបាលខេត្ត លន់ លឹមថៃ បានមានប្រសាសន៍ក្នុងឱកាសនោះផងដែរ មានសេចក្តីរីករាយ និងសូមថ្លៃងអំណរគុណ ដល់ក្រុមហ៊ុន HONDA និង លោកបណ្ឌិត ខាន់ឆៃ កៀស្រ៊ីថាណាកន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន NCX HONDA ដែលបានបង្កើតកម្មវិធីនេះឡើងស្របតាមច្បាប់ចរាចរណ៍ផ្លូវគោគថ្មី នៃព្រះរាជាណាចក្រកម្ពុជា និងជាការពញ្ញាក់ស្មារតីដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរដោយម៉ូតូទាំងអស់ ត្រូវតែពាក់មួកសុវត្ថិភាព អោយបានគ្រប់ៗគ្នា លោកបានសង្កត់ធ្ងន់ថា ចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៦នេះតទៅ ច្បាប់ចរាចរណ៍ផ្លូវគោគថ្មី នឹងរឹតបណ្តឹងក្នុងករណីដែលប្រជាពលរដ្ឋ ឬ ជនណាម្នាក់ល្មើសនឹងច្បាប់ គឺត្រូវផាកពិន័យគុណ និង ប្រាំ និងស្ថានទំនង់ទោស៕ ដោយ ហ៊ាង អ៊ាមហុយ