ស្វាយរៀង៖ នាល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានចុះឃាត់ខ្លួនកម្មករកម្មការនីរោងចក្រចំនួន៥៨នាក់ ក្នុងនោះស្រី៣៦នាក់ ដែលបានបង្កការអុកឡុក នៅរោងចក្រតំបន់សេដ្ឋកិច្ច តាយ សេង បាវិត ។
បើតាមការគូសបញ្ជាក់របស់ លោកឧត្តមសេនីយ៍ត្រីស្នងការនគរបាលខេត្តបានអោយដឹងថា កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ កម្មករកម្មការនីប្រមាណ២០០០នាក់ បាននាំគ្នាធ្វើកូដកម្មតវ៉ាដល់និយោជកដែលជាម្ចាស់រោងចក្រតំបន់សេដ្ឋកិច្ច តាយ សេង បាវិត ដើម្បីសុំតំលើងប្រាក់ខែបន្ថែមចំនួន២០ដុល្លា ពេលនោះមានអ្នកខ្លះបានយកដុំដី ដុំថ្ម និងវាយកញ្ចក់បង្អួចទ្វារធ្វើអោយខូចខាតមួយចំនួន បន្ទាប់មកត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន អ្នកបង្កបានចំនូន៥៨នាក់ ស្រី៣៦នាក់ និងយកមកធ្វើការអប់រំណែនាំនៅស្នងការខេត្ត ។
ជុំវិញករណីនេះ លោកស្នងការនគរបាលខេត្ត បានបញ្ជាក់ជូនដល់កម្មករកម្មការនីរោងចក្រ សូមមេត្តារក្សាភាពស្ងៀមស្ងាត់កុំជឿតាមការញុះញង់របស់អ្នកផ្សេង ហើយនាំគ្នាបញ្ឈប់រាល់សកម្មភាពអុកឡុក អសន្តិសុខទាំងឡាយ ចូលបំរើការងារតាមធម្មតាវិញ ចំពោះករណីនេះស្ថាប័នដែលពាក់ព័ន្ធ នឹងលើកវិធានការទៅថ្នាក់បន្តដើម្បីដោះស្រាយ។
លោកបានបន្ថែមទៀតថា ក្រោយពីសមត្ថកិច្ចធ្វើការអប់រំកម្មករកម្មការនីទាំងអស់ បានព្រមព្រៀងស្ដាប់និងចុះកិច្ចសន្យាផ្ដិតស្នាមមេដៃបញ្ឈប់ការប្រព្រឹត្តតាមការអប់រំណែនាំរបស់សមត្ថកិច្ច បន្ទាប់មកលោកស្នងការបានឧបត្ថម្ភដល់កម្មករកម្មការនីម្នាក់ៗទទួលបាននូវ បាយ១កញ្ចប់ នំបុ័ងបាក់យ៉ុង១ ទឹកសុទ្ធ១ដប និងបញ្ជូនអោយត្រលប់ទៅផ្ទះវិញនៅវេលាម៉ោង៦ល្ងាច៕ ដោយ មែន កំសត់