មណ្ឌលគីរី៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគីរី បាននឹងកំពុងញាប់ដៃញាប់ជើងធ្វើផ្លូវវាង ព្រមទាំងជួសជុល «ស្ពានអូរផ្លាយ» ឡើងវិញ នេះបើតាម ឯកឧត្តម អេង ប៊ុនហ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី កាលពីម្សិលមិញ។
លោកបានឲ្យដឹងថា ដើម្បីសុវត្ថិភាព អំឡុងពេលធ្វើផ្លូវវាង និងជួសជុល ស្ពាននេះ លោកអភិបាលខេត្ត បានប្រកាសផ្អាកជាបណ្តោះអាសន្នរាល់ការធ្វើចរាចរណ៍រថយន្តធុនធ្ងន់ នៅលើកំណាត់ផ្លូវនេះ។
តាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះ លោកអភិបាលខេត្តបានបង្ហាញក្តីសង្ឃឹមមុតមាំថា សាធារណជនប្រជាពលរដ្ឋ ដែលធ្វើចរាចរតាមដងផ្លូវលេខ ៣៧៦៤ នឹងមានការយោគយល់អធ្យាស្រ័យខ្ពស់ ចំពោះផលលំបាកនានាអំឡុងពេលជួសជុលស្ពាន «អូរផ្លាយ» នេះ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២១ ខែធ្នូ «ស្ពានអូរផ្លាយ» ដែលជាស្ពានដែកបាឡេតិ៍ ប្រវែង ៤៩ម៉ែត្រ ស្ថិតនៅលើផ្លូវលេខ ៣៧៦៤ ក្នុងឃុំស្រែអំពូម ស្រុកពេជ្រាដា បានបាក់កាត់ផ្តាច់ទាំងស្រុង ដោយសាររថយន្តដឹកឥដ្ឋ ស៊ីម៉ងតិ៍លើសចំណុះឆ្លងកាត់ស្ពាន។ កំណាត់ផ្លូវនេះ ជាផ្លូវសំខាន់ឆ្ពោះទៅរមណីយដ្ឋានទឹកធ្លាក់ប៊ូស្រា៕
ប្រភព៖ meatophoum.com