លោក ហែម ដា​រិ​ទ្ធិ និង​ក្រុមការងារ ចុះ​ចែក​អំណោយ​ជូន​ស្ត្រី​មេម៉ាយ​ក្រីក្រ​៥​គ្រួសារ​

23-December-2015 | ដោយ មួយឡា

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​ភ្លើង​ឆេះ​រទេះ​កើត សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោ​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ប្រារព្ធ​ពិធី​ចែក​អំណោយ​ដល់​ស្ត្រី​សំរាលកូន​មាន​ជីវភាព​ក្រីក្រ ចំនួន​៥​គ្រួសារ​។​

​ពិធី​នេះ មានការ​អញ្ជើញ​ចូលរួម​ដោយ​មន្ត្រីនគរបាល អាវុធហត្ថ កំលាំង​ប្រជា​ការពារ សមាជិក​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខណ្ឌ​ពោធិ៍​សែន​ជ័យ មន្ត្រីសង្កាត់ មេភូមិ កំលាំង​ប្រជា​ការពារ​ភូមិ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ទៀត ក្រោម​អ​ធីប​តី​ភាព លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម សាយ សំ​អាល់ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ  និង​លោក សេង គន្ធ ប្រធាន​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​នាឱកាស​នោះ លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​មានមតិ​សំណេះសំណាល​ទៅកាន់​បងប្អូន​ដែលជា​ស្ត្រី​មេម៉ាយ​មាន​ជីវភាព​ទីទ័លក្រ និង​អ្នកចូលរួម​ពោរពេញ​ទៅដោយ​ភាព​រីករាយ និង​កក់ក្ដៅ​ជាទីបំផុត ។​

​លោក​អភិបាល​ក៏បាន​បញ្ជាក់ថា​៖ សំភារៈ​ដែល​យកមក​ប្រគល់ជូននៅថ្ងៃនេះ ដោយ​ទទួលបាន​ព័ត៌មាន​ពី​មូលដ្ឋាន​មក​ក្រុមការងារ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខណ្ឌ និង​ដោយមាន​ការយកចិត្តទុកដាក់ គិតគូរ​សុខទុក្ខ​ពី​សំណាក់ ឯកឧត្តម សាយ សំ​អាល់ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ ទើប​ថ្ងៃនេះ​ឯកឧត្តម​បាន​ចាត់​អោយ​រូបខ្ញុំ និង​ក្រុមការងារ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា នាំយក​សំភារៈ​ថវិកា​ទាំង​នោះមក​ធ្វើការ​ប្រគល់ជូន​ដល់​ស្ត្រី​មេម៉ាយ​ដែល​ទើប​និង​សំរាលកូន​ដែលមាន​ជីវភាព​ក្រីក្រ ។

​លោក​ក៏បាន​បញ្ជាក់បន្ថែម​ផងដែរ​ថា ថ្វី​ត្បិត​សំភារៈ​ថវិកា​នេះ​មាន​ចំនួន​តិចតួច​យ៉ាងណាក៏ដោយ ក៏​អាច​សំរាល​និង​ជួយ​សំរួល​ដោះស្រាយ​ជីវភាព​បាន​មួយកំរិត​ដែរ​។ លោក​អភិបាលខណ្ឌ​និង​ក្រុមការងារ​បាន​ចែក​សំភារៈ​ថវិកា​ជូន​ដល់​ស្ត្រី​មេម៉ាយ​ទាំង​៥​គ្រួសារ​ដោយ​មួយ​គ្រួសារ​ទទួលបាន​ដូចជា​៖ អង្ករ ២០​គីឡូក្រាម មី​២​កេស ទឹកស៊ីអ៊ីវ​១​យួរ នំ​១​ស្បោង និង​ថវិកា ១០០,០០០​រៀល ។

​បន្ទាប់ពី​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​រួចមក លោក​អភិបាលខណ្ឌ និង​ក្រុមការងារ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា កងកម្លាំង ប្រជា​ការពារ​និង​ក្រុមយុវជន បាន​ចុះជួយ​ច្រូតស្រូវ​ជូន​ស្ត្រី​មេម៉ាយ នៅ​ភូមិ​ភ្លើង​ឆេះ​រទេះ​កើត សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង​ផ្តល់​ថវិកា​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​ស៊ីឈ្នួល​ច្រូតកាត់​ផងដែរ ដោយ​ពិនិត្យឃើញថា​ស្ត្រី​មេម៉ាយ​ទាំងនោះ មិនមាន​លទ្ធភាព​ជួល​គេ​មក​ច្រូត​។

​បងប្អូន​ប្រជាពលរដ្ឋ​បាន​សំដែង​នូវ​សេចក្ដីត្រេកអរ និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម សាយ សំ​អាល់ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ថ្នាក់ដឹកនាំ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួមទាំង​ក្រុមការងារ​ខណ្ឌ​សង្កាត់​ដែល​បាន​យកចិត្ត​ទុក្ខ​ដាក់​គិតគូរ​សុខទុក្ខ ដល់​ពួកគាត់​កំពុង​ជាប់​ការលំបាក​ទីទ័លក្រ ស្របតាម​នយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​រាជរដ្ឋាភិបាល​៕ ដោយ មែន កំសត់​

ចំនួនអ្នកទស្សនា

    20488687

  • ថ្ងៃនេះ8971
  • ម្សិលមិញ10901
  • សប្តាហ៍នេះ24351
  • ខែនេះ46231
  • ឆ្នាំនេះ46231
  • សរុប20488687