កំពង់ចាម៖ នាព្រឹកថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៥ អយ្យការអមសាលាដំបូងខេត្តកំពង់ចាម និងគម្រោងយុត្តិធម៌ដើម្បីកុមារ របស់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សាការងាររវាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នគរបាលយុត្តិធម៌ និងអង្គភាពពាក់ព័ន្ធ ក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ។
កិច្ចប្រជុំនេះបង្កើតឡើងដោយផ្អែកឡើងតាម ស្មារតីក្រមនិតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា អនុវត្តន៍តាមលិខិតណែនាំ លេខ៧៨៦ មហក០១៣ ចុះថ្ងៃទី ០១ ខែ សីហា ឆ្នាំ២០១៣ ស្តីពីការពង្រឹងកិច្ចប្រជុំអង្គភាពពាក់ព័ន្ធ ក្នុងវិស័យព្រហ្មទណ្ឌ របស់អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ និង លិខិតរបស់ក្រសួងយុត្តិធម៌លេខ ១៣៦ កយ.រប/០៩ ចុះថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០០៩ ស្តីពីកិច្ចប្រជុំការងាររវាង អង្គភាពពាក់ព័ន្ធក្នុងវិស័យយុត្តិធម៌ព្រមទណ្ឌ ព្រមទាំងស្មារតីសិក្ខាសាលា ស្តីពីប្រព័ន្ធយុត្តិធម៌កុមារមេត្រីសម្រាប់តួអង្គយុត្តិធម៌ ក្រោមកាផ្តល់ការឧបត្ថម្ភគាំទ្រពី ឆ្នោតជាតិនៅអង់គ្លេស (Big lottery Fund) តាមរយៈអង្គការ អេវ្រីឆាលអង់គ្លេស (Every Child) ។
កិច្ចប្រជុំនេះមានគោលបំណង ធ្វើអោយប្រសើរឡើងនូវការអនុវត្តន៍ច្បាប់ អោយមានកំណើនសេចក្តីទុកចិត្តពីប្រជាពលរដ្ឋដល់មន្ត្រីអនុវត្តន៍ច្បាប់ទាំងអស់ និងដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ ក្នុងប្រពន្ធ័យុត្តិធម៌ព្រហ្មទណ្ឌ ជាពិសេសគឺកាចែករំលែកព័ត៌មាន ការពិភាក្សាបញ្ហាប្រឈម ការដោះស្រាយបញ្ហារួមគ្នាអំពីការអនុវត្តន៍ច្បាប់ ការចាត់ការលើបណ្ដឹងអាជ្ញា ការតាមដានការអនុវត្តសេចក្តីសម្រេចរបស់តុលាការ ការបំពេលបេសកកម្មយុត្តិធម៌ព្រហ្មទណ្ឌលើកុមារ ការលើកកម្ពស់ការគោរពសិទ្ធិពលរដ្ឋ សិទ្ធិកុមារ ការលើកកម្ពស់ការអនុវត្តន៍អនុសញ្ញាអន្តរជាតិ លិខិតបទដ្ឋានគតិយុត្តនានា ទាក់ទងទៅនឹងកុមារ ពិភាក្សាបន្ថែមលើបទបង្ហាញ ស្តីពី ការស៊ើបអង្កេត ក្នុងរឿងព្រហ្មទណ្ឌ ។
នៅក្នុងកិច្ចប្រជុំរយៈពេលពេញមួយព្រឹកនេះផងដែរ មានការអញ្ជើញចូលរួមពីអង្គភាពពាក់ព័ន្ធ ក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌរួមមាន៖ សាលាដំបូងខេត្តកំពង់ចាម តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ស្នងការនគរបាលខេត្តកំពង់ចាម បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម នគរបាលយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត ក្រុង ស្រុក មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរកិច្ចការនារី មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសុខាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលប្រចាំនៅខេត្តកំពង់ចាម និងភ្នំពេញ សរុបប្រមាណ ៦៨នាក់ ៕ ដោយ ហ៊ាង អ៊ាមហុយ