ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់ថវិកាចំនួន ២៧០លានរៀល ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តចំនួន៣ផ្សេងទៀត ដែលបានខិតខំយកចិត្តទុកដាក់បង្ក្រាបបទល្មើសឈានទៅចាប់បានមុខសញ្ញាតូច ធំ គឺនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តពោធិសាត់។
យោងតាមលិខិតចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ របស់សម្តេចក្រឡាហោម ស ខេង ជម្រាបជូនឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា ក្នុងរយៈពេលដល់ខ្លីប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់ពីប្រមុខរាជរដ្ឋាភិបាល ដ៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្តេចសង្កេតឃើញថា កងកម្លាំងប្រដាប់អាវុធ ដែលមានកម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថ បានខិតខំយកចិត្តទុកដាក់បង្ក្រាបបទល្មើសឈានទៅចាប់បានមុខសញ្ញាតូច ធំ នៅតាមមូលដ្ឋានរបស់ខ្លួនគួរឲ្យកត់សម្គាល់ គឺនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងខេត្តពោធិសាត់។
សម្តេចក្រឡាហោម ស ខេង បានបន្តថា តាមរយៈលទ្ធផលជាផ្លែផ្កា ដែលកងកម្លាំងប្រដាប់អាវុធខិតខំសម្រេចបានកន្លងមកនេះ ក្នុងនាមរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សូមកោតសរសើរដោយស្មោះចំពោះការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបាននឹងកំពុងខិតខំអស់កម្លាំងកាយចិត្តក្នុងការថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទូទាំងប្រទេស សំដៅលុបបំបាត់នូវរាល់បទល្មើសគ្រប់ប្រភេទ និងបាតុភាព អសកម្ម ក្នុងស្មារតីពង្រឹង និងបង្កើនជំនឿទុកចិត្តពីសាធារណជនគ្រប់មជ្ឈដ្ឋាន។
ជាមួយនឹង ការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលវិជ្ជមានទាំងនេះ ក្នុងនាមរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សូមធ្វើការផ្តល់ជូនរង្វាន់លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងកងកម្លាំងប្រដាប់អាវុធ ទាំងកងកម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថ ដែលបានចូលរួមដឹកកនាំបញ្ជា និងធ្វើប្រតិបត្តិការផ្ទាល់នូវថវិកាមួយចំនួនដូចខាងក្រោម ១.អគ្គស្នងការដ្ឋាននគរបាលជាតិ ៨០លានរៀល, ២.បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ៤០លានរៀល, ៣.ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៤០លានរៀល, ៤.ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ៤០លានរៀល, ៥.ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ៤០លានរៀល , ៦.ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ៣០លានរៀល។
ទន្ទឹមនេះ សម្តេចក្រឡាហោម ស ខេង ក៏សូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ត្រូវបន្តខិតខំបន្ថែមទៀត ដើម្បីបំបែកករណីបទល្មើសដែលកើតមានកន្លងមក ឈានទៅចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ឲ្យបានជាដាច់ខាត ក្នុងគោលដៅរួមចំណែកថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងបង្កើនជំនឿទុកចិត្តពីសំណាក់បងប្អូនអាជីវករ ពាណិជ្ជករ និងវិនិយោគិនជាតិ និងអន្តរជាតិ ឲ្យប្រកបជិវភាពរស់នៅ និងអាជីវកម្មរបស់ខ្លួនដោយសុខដុមរមនារួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា ឲ្យកាន់តែមានការរីកចំរើនជឿនលឿនទៅមុខជាលំដាប់៕
ប្រភព៖ rasmeinews.com