ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ មានរៀបចំពិធីប្រគល់វ៉ែនតាជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចំនួន ៦០៩នាក់ ដែលមានបញ្ហាភ្នែកនៅវិទ្យាល័យសន្ធរម៉ុក ក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកសាស្ត្រាចារ្យបណ្ឌិតតំណាងក្រសួងសុខាភិបាល លោក លោកស្រីប្រធានអង្គការពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត។
កម្មវិធីពិនិត្យភ្នែក និងវាស់វ៉ែនតាសិស្សតាមសាលារៀន ត្រូវបានអនុវត្តតាំងពីឆ្នាំ២០១០ ដែលក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការពាក់ព័ន្ធ ដោយបានចុះពិនិត្យភ្នែក និងប្រគល់វ៉ែនតាជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅតាមសាលារៀនជាច្រើនក្នុងរាជធានីភ្នំពេញ។
សកម្មភាពនេះ គឺជាចំណែកមួយជួយដល់សេវាព្យាបាលភ្នែកដោយបានពង្រឹង និងបង្កើនសក្តានុពលរបស់កុមារ ឲ្យគំហើញរបស់ពួកគាត់ច្បាស់ល្អ ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា៕
ប្រភព៖ ទំព័រក្រសួងអប់រំ យុវជន និងកីឡា