ឯកឧត្តម ស្បោង សារ៉ាត់ ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រៃវែង អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​វេទិកា​ពិគ្រោះ​យោបល់​

25-December-2015 | ដោយ មួយឡា

​ព្រៃវែង​៖ នា​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​បរិវេណ​សាលាស្រុក ស៊ីធរ​កណ្ដាល មាន​ប្រារព្ធ​ពិធី​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ខេត្ត ក្រោម​អធិបតីភាព​ឯកឧត្តម ស្បោង សារ៉ាត់ ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រៃវែង ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់ គណៈ​អភិបាលខេត្ត មន្ត្រី​សាលាខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ស្នងការ​នគរបាល​ខេត្ត អាវុធហត្ថ​ខេត្ត គណៈ​អភិបាលស្រុក​ក្រុមប្រឹក្សា​ស្រុក អធិការនគរបាល​ស្រុក អាវុធហត្ថ​ស្រុក ប្រធានការិយាល័យ​ជុំវិញ​ស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និង​ប្រជាពលរដ្ឋ​ចូលរួម​សរុប​ប្រមាណ ២២៦​នាក់​។​

​លោក ម៉ន នី​បណ្ឌិត អភិបាលស្រុក​ស៊ីធរ​កណ្ដាល បាន​ឡើង​ធ្វើ​របាយការណ៍​ស្ដីពី​ការអនុវត្ត​ការងារ​របស់​អាជ្ញាធរ​ស្រុក​រយៈពេល​១​ឆ្នាំ រួមមាន​ការងាររដ្ឋបាល​ដែនដី ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់ ការបំរើ​សេវាសាធារណៈ និង​ការងារ​អភិវឌ្ឍន៍ ការដោះស្រាយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ស៊ីធរ​កណ្ដាល ជូន​គណៈអធិបតី​សមាជិក​សមាជិកា​នៃ​អង្គ​វេទិកា ។​

ឯកឧត្តម ស្បោង សារ៉ាត់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​ជំរាបជូន​អំពី​គាល​បំណង​នៃ​វេទិកា​ពិគ្រោះ​យោបល់​រវាង​ក្រុមប្រឹក្សា​ខេត្ត​និង​ប្រជាពលរដ្ឋ  ឯកឧត្តម​បាន​បញ្ជាក់ថា ផ្អែក​តាម​យុទ្ធសាស្ត្រ​របស់​ថ្នាក់ជាតិ​ក្រសួង​ដែល​ពាក់ព័ន្ធ​ត្រូវមាន​ផែន​ការចុះ​ប្រជុំ​នៅ​មូលដ្ឋាន​ក្នុង​១​ឆ្នាំ​៤​ដង​ទៅតាម​សភាព​ជាក់ស្ដែង ។

​កិច្ចប្រជុំ​មូលដ្ឋាន​នេះ​មាន​សារសំខាន់​ណាស់​គឺ​យើង​បានទទួល​ព័ត៌មាន​ពី​អ្នកចូលរួម​ទុក្ខលំបាក​សេចក្ដីត្រូវការ និង​ភាព​អសកម្ម​ទាំងឡាយ​របស់​មន្ត្រី​នៅ​ថ្នាក់ក្រោម​ជាតិ ពោលគឺ​បងប្អូន​ហ៊ាន​និយាយ​ការពិត​លើ​ការងារ​ដែល​ពាក់ព័ន្ធ​ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​កែ​តំរូវអោយ​ស្របតាម​អនុ​សាស៍​ដ៏​ខ្ពង់ខ្ពស់​របស់​រាជរដ្ឋាភិបាល ក្នុងន័យ​ថា “​ងូតទឹក ដុះក្អែល សំអាត​កាយ​” “​ឆ្លុះ​កញ្ជក់​បើ​មាន​មេរោគ ត្រូវ​ព្យាបាល​សង្គ្រោះបន្ទាន់​”​។

​បន្ទាប់មក​លោក ម៉ន នី​បណ្ឌិត អភិបាលស្រុក​បានបញ្ជាក់​បន្ថែម​អំពី​បងប្អូន​អ្នកចូលរួម​មានការ​លើក​ឡើង​នៅ​ចំងល់​ដែល​ពាក់ព័ន្ធ ជៀសវាង​សួរ​ខុស​ប្រធានបទ ហើយ​សំនួរ​ឬ​សំណើ​ដែល​គណៈអធិបតី​មន្ទីរជំនាញ​ដោះស្រាយ​មិនបាន ក្រុមការងារ​នឹង​រៀបចំ​ធ្វើ​របាយការណ៍​បន្តទៅ​ថ្នាក់ជាតិ​។​

​ក្រោយមក​មាន​តំណាង​ប្រជាពលរដ្ឋ​បាន​លើក​សំណូមពរ​ដល់​សមត្ថកិច្ច មេត្តា​បង្កើន​ការយកចិត្តទុកដាក់​លើ​ការងារ​សន្តិសុខ ដោយ​ពិនិត្យឃើញ​ថ្មីៗ​នេះ មាន​ករណី​លួច ឆក់ ប្លន់ សំលាប់​អាជីវករ ករណី​គ្រឿងញៀន​ចេញ​សកម្មភាព​នៅតាម​បណ្ដា​ខេត្ត​ច្រើនណាស់​។

​បងប្អូន​មួយចំនួន​បាន​កោតសរសើរ​ដល់​លោក​អភិបាលស្រុក​ដ៏​វ័យក្មេង ត្បិតតែ​លោក​ចូលកាន់​តំណែង​បាន​រយៈពេល​តែ​ជាង​១​ខែ លោក​បាន​ដឹកនាំ​ការងារ​បានល្អ​ប្រសើរ និង​ចុះសាកសួរ​សុ​ក្ខ​ទុក​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​មិន​ប្រកាន់​និន្នាការ​អ្វី​ឡើយ ថែមទាំង​បាន​អភិវឌ្ឍ​ការងារ​នៅក្នុង​ស្រុក​ប្រកបដោយ​អភិបាលកិច្ច​ល្អ គណនេយ្យភាព តម្លាភាព សក្តិ​សមជា​អ្នកដឹកនាំ​គំរូ​នៅ​មូលដ្ឋាន​។​

​ក្រោយពី​បាន​សាកសួរ​និង​បកស្រាយ​ពី​ការងារ​ពាក់ព័ន្ធ​រួចមក តំណាង​ប្រជាពលរដ្ឋ​មូលដ្ឋាន​បានស្នើ​សុំ​អោយមាន​វេទិកា​នេះ​ជា​រៀងរាល់ឆ្នាំ​ដើម្បីអោយ​ពួកគាត់​បាន​យល់ដឹង​ការងារ​របស់​ថ្នាក់ដឹកនាំ​និង​បាន​លើក​នូវ​រាល់​សំណូមពរ​ជូន ទោះបីជា​ការឆ្លើយតប​នៅមានកំរិត​ក៏ដោយ​។​
 
ឯកឧត្តម ស្បោង សារ៉ាត់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បានលើកឡើង​និង​គាំទ្រ​ចំពោះ​ការស្នើសុំ​របស់​បងប្អូន ហើយ​បងប្អូន​ហ៊ាន​និយាយ​ត្រង់​នូវ​ចំណុច​ខ្វះខាត​របស់​មន្ត្រី​ការងារ​អសកម្ម​ទាំងឡាយ រាល់​សំណូមពរ​ទាំងឡាយ​ក្រុម​ការ​នឹង​យក​បញ្ចូល​ក្នុង​របាយការណ៍​ប្រជុំ​និង​ធ្វើការ​ផ្ដល់ព័ត៌មាន​ត្រលប់មក​តាមរយៈ​សាលាស្រុក​ឃុំ​អោយបាន​ជ្រួតជ្រាប​។​

​ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​លោក លោកស្រី​ដែល​បាន​ចូលរួម​វេទិកា​ពិគ្រោះ​យោបល់​រវាង​ក្រុមប្រឹក្សា​ខេត្ត​នា​ថ្ងៃនេះ សបញ្ជាក់​អោយឃើញថា​ថ្នាក់ដឹកនាំ​និង​ប្រជាពលរដ្ឋ​គឺ​នៅ​ជិត​គ្នា មិន​ឃ្លាត​គ្នា ហ៊ាន​និយាយ​ត្រង់​នូវ​រាល់​ចំណុច​ខ្វះខាត​ដើម្បីអោយ​ថ្នាក់លើ​ធ្វើ​ការកែ​តំរូវ​និង​មាន​ភាព​ស៊ី​ជំរៅ ទទួលបាន​ប្រជាប្រិយភាព​នៅ​មូលដ្ឋាន​៕ ដោយ មែន កំសត់

ចំនួនអ្នកទស្សនា

    20487147

  • ថ្ងៃនេះ7431
  • ម្សិលមិញ10901
  • សប្តាហ៍នេះ22811
  • ខែនេះ44691
  • ឆ្នាំនេះ44691
  • សរុប20487147