ភ្នំពេញ៖ ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ នៅសាលាខណ្ឌដង្កោបានរៀបចំវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌដង្កោ ដើម្បីទទួលនិងដោះស្រាយបញ្ហា សំណើ សំណួរ សំណូមពរនានារបស់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់ដង្កោ សង្កាត់ជើងឯក និងសង្កាត់ព្រែកកំពឹស ។
ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌង្កោ ឯកឧត្តម កែប ជុតិមា តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌដង្កោ។
នាឱកាសនេះ មានការអញ្ជើញចូលរួមពី លោក ប៉ឹល កុសល ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ចេង មុនីរ៉ា អភិបាលរងខណ្ឌ តំណាងលោកអភិបាលនៃគណៈអភិបាលខណ្ឌដង្កោ សមាជិកក្រុមប្រឹក្សាខណ្ឌ លោក លោកស្រីជាប្រធានការីយាល័យចំណុះខណ្ឌ អធិការនគរបាលអាវុធហត្ថខណ្ឌ លោក លោកស្រីជាក្រុមប្រឹក្សាសង្កាត់ ប៉ុស្តិ៍នគរបាលសង្កាត់ មេភូមិ និងប្រជាពលរដ្ឋទាំង៣សង្កាត់សរុបប្រមាណ៤០០នាក់។
បន្ទាប់ពីលោក ចេង មុនីរ៉ា តំណាងអភិបាលខណ្ឌដង្កោបានធ្វើរបាយការណ៍ស្វាគមន៍ ស្ដីពីការអនុវត្តកាងាររបស់អាជ្ញាធរខណ្ឌ គណៈអភិបាលក្រុមប្រឹក្សាខណ្ឌ ការគ្រប់គ្រងការងាររដ្ឋបាល ការបំរើសេវាសាធារណៈ ការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការងារអភិវឌ្ឍ និងការដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋានភូមិសង្កាត់ ជូនគណៈអធិបតីនិងអ្នកចូលរួមជ្រួតជ្រាបរួចមក ។
លោកជំទាវ អ៊ឹង កន្ថាផាវី បានមានមតិសំណេះសំណាលជាមួយអ្នកចូលរួមថា ខ្ញុំមានក្ដីរីករាយយ៉ាងក្រៃលែងដោយមានវត្តមានបងប្អូន និងអាជ្ញាធរចូលរួមក្នុងវេទិកានេះយ៉ាងច្រើន សបញ្ជាក់អោយឃើញថាការយល់ដឹងបងប្អូនលើការដឹកនាំរបស់អាជ្ញាធរនិងថ្នាក់ដឹកនាំ ផ្សេងៗបានល្អប្រសើរ ។
លោកជំទាវបានបញ្ជាក់ទៀតថា វេទិកានេះយោងតាមផែនការរបស់សម្ដេចនាយកមន្ត្រីនិងក្រសួងមហាផ្ទៃ គឺក្នុង១ឆ្នាំក្រុមការងារក្រសួងសហការជាមួយថ្នាក់ខេត្តនិងអ្នកដែលពាក់ព័ន្ធ ត្រូវធ្វើការចុះប្រជុំនៅមូលដ្ឋានអោយបាន៤ដងយ៉ាងតិច ទៅតាមស្ថានការជាក់ស្ដែង ដើម្បីស្រង់រកសំណើឬកង្វល់របស់ប្រជាពលរដ្ឋ និងចំណុចអសកម្មរបស់មន្ត្រីអាជ្ញាធរ ហើយបើកសិទ្ធិពេញលេញនូវការចោទសួរ តែគោរពតាមប្រធានបទ រាល់ចំណុចដែលបានលើកឡើង ចំពោះករណីក្រុមការងារដោះស្រាយមិនបាននិងពាំនាំទៅថ្នាក់ជាតិដើម្បីដោះស្រាយបន្ត ។
បន្ទាប់មកប្រជាពលរដ្ឋបានសាកសួរដល់អង្គវេទិកាលើការសន្តិសុខ បទល្មើស ផ្សេងៗ ការងារ ពាក់ព័ន្ធនិងការបំរើសេវាសាធារណៈ និងការដោះស្រាយ ទំនាស់ផ្សេងៗ របស់អាជ្ញាធរ សំណួរនិងសំណើដែលបានលើកឡើងត្រូវបានអ្នកដែលពាក់ព័ន្ធធ្វើការបកស្រាយ ជូនបងប្អូនប្រជាពលរដ្ឋ ។
បន្ទាប់មក លោកជំទាវ បានមានមតិមន្ថែម និងស្នើដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ពិសេសកងកំលាំងនគរបាល អាវុធហត្ថ ត្រូវបង្កើនកិច្ចសហការជាមួយមន្ត្រីនៅមូលដ្ឋាន ភូមិសង្កាត់និងអនុវត្តន៍គោលនយោបាយភូមិសង្កាត់មានសិវត្ថិភាព ទាំង៩ចំណុច អោយមានប្រសិទ្ធភាពខ្ពស់ ។
លោកជំទាវបានមានមតិសង្កត់ធ្ងន់លើការងារស្ត្រីនិងកុមារ ទុរគតជនដែលឆាប់ងាយរងគ្រោះ ហើយត្រូវបង្ការទប់ស្កាត់បទល្មើស ការជួញដូរ ស្ត្រី កុមារអំពើហិង្សាផ្សេងៗ ដែលកើតមាន និងថ្នាក់ខណ្ឌមានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារ (គសយក) ដែលមានសមាជិកក្រុមប្រឹក្សាខណ្ឌជានារី១រូបទទួលបន្ទុកជាប្រធានគណៈកម្មាធិការនិងប្រធានការិយាល័យកិច្ចការនារីជាស្នូល សហការនិងអ្នកពាក់ព័ន្ធចុះប្រជុំផ្សព្វផ្សាយដោយសហការជាមួយគណៈកម្មាធិការកិច្ចការនារីនិងកុមារសង្កាត់ (គកនក) លើការងារទាំងឡាយ ដើម្បីអោយប្រជាពលរដ្ឋបានយល់ដឹងកាន់តែប្រសើរឡើង។
ជាទីបញ្ចប់លោកជំទាវបានថ្លែងនូវអំណរគុណចំពោះបងប្អូននិងអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ដែលបានចំណាយពេលមកចូលរួមក្នុងវេទិកានៅថ្ងៃនេះប្រកបដោយភាពស្និទ្ធស្នាលនិងទទួលខុសត្រូវខ្ពស់៕ ដោយ មែន កំសត់