អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ក្តៅ​អនុវត្តន៍ច្បាប់​ចរា​ចរណ៍​​​នៅ​​​ដើម​​ឆ្នាំ​​២០១៦​​

29-December-2015 | ដោយ មួយឡា

តាមរយៈ​សេចក្តីជូនដំណឹង​​ ចុះ​ថ្ងៃទី៧ ខែធ្នូ ឯកឧត្តម នាយឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានប្រកាសថា ចាប់ពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ កម្លាំង​សមត្ថកិច្ច​នគរ​បាលច​រា​ចរណ៍​ផ្លូវគោក​នឹង​បើក​យុទ្ធនាការ​ ត្រួតពិនិត្យព្រមៗគ្នា​នៅ​គ្រប់ទីកន្លែង​ទូទាំងប្រទេស​ដើម្បី​ធ្វើការ​ ផាកពិន័យ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ករណី​បើកបរ​ដោយ​គ្មាន​ប័ណ្ណបើកបរ បើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​ផ្លាកសញ្ញា​ចរាចរណ៍ បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រ​វឹង មិន​ពាក់មួក ខ្សែក្រវាត់ ការផ្ទុក​ទំនិញ​សំពីងសំពោង យានយន្ត​មិន​គ្រប់លក្ខណៈ​បច្ចេកទេស​ជាដើម។

ទីតាំង​ដែល​ធ្វើ​យុទ្ធនាការ​រួមមាន តាម​គោលដៅ​ដើមទី ចំណត​យានយន្ត កំពង់ផែ ផែស្ងួត កំពង់ចម្លង ស្ថានីយ៍​ជញ្ជីង សាលាបង្រៀន​បើកបរ យានដ្ឋាន ជួសជុល​កែ​ច្នែ និង​តាម​ដងផ្លូវ​នានា។ ឯកឧត្តម នាយឧត្តមសេនីយ៍ នេ​ត សាវឿន មើលឃើញ​ពី​ភាពល្អប្រសើរ​ជា​បន្តបន្ទាប់​ស្តីពី​ស្ថានភាព​ចរាចរណ៍ ដោយមាន​ការចូលរួម​គាំទ្រ​ពី​បណ្តា​ស្ថាប័ន អាជ្ញាធរ​មូលដ្ឋាន អង្គការ​សង្គម​ស៊ីវិល​នានា តាមរយៈ​ការជំរុញ​ការឃោសនា​អប់រំ​ប្រជាជន មហាជន​ឲ្យ​យល់ដឹង និង​ចូលរួម​គោរព​ច្បាប់។

អគ្គស្នងការ​នគរបាល​ជាតិ បាន​លើកឡើងថា៖ «រយៈពេល​នៃ​ការផ្សព្វផ្សាយ​អប់រំ លើក​កំពស់​ការយល់ដឹង​ខ្លឹមសារ​ច្បាប់ និង​បទដ្ឋាន​គតិយុត្តិ​នានា​ដែល​ពាក់ព័ន្ធ​ការធ្វើ​ចរាចរណ៍​ផ្លូវគោក សមល្មម​ឈានដល់​ពេលវេលា​មួយ​តម្រូវ​ឲ្យ​អនុវត្ត​ច្បាប់ សំដៅ​ធ្វើ​ឲ្យ​សភាពការណ៍​សណ្តាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក និង​សណ្តាប់ធ្នាប់​សាធារណៈ​មានការ​វិវត្តន៍​ប្រែប្រួល​ថ្មី ជាពិសេស​ការកាត់បន្ថយ​គ្រោះថ្នាក់ និង​ភាព​កកស្ទះ​ចរាចរណ៍»។

ឯកឧត្តម នាយឧត្តមសេនីយ៍ នេ​ត សាវឿន រំពឹងថា សាធារណជន​នឹងមាន​ការយោគយល់​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​សំដៅ​ រក្សា​សុវត្ថិភាព និង​ជួយ​ធ្វើ​ឲ្យ​ស្ថានភាព​សណ្តាប់ធ្នាប់ ចរាចរណ៍​នៅ​កម្ពុជា បានល្អ​ប្រសើរ៕

ចំនួនអ្នកទស្សនា

    20487407

  • ថ្ងៃនេះ7691
  • ម្សិលមិញ10901
  • សប្តាហ៍នេះ23071
  • ខែនេះ44951
  • ឆ្នាំនេះ44951
  • សរុប20487407