អភិបាលខេត្ត​ព្រះវិហារ អំពាវនាវ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​នៅ​ឃុំ​ប្រមេរ វិល​ទៅ​លំនៅដ្ឋាន​ដោះស្រាយ​បញ្ចប់​បញ្ហាដីធ្លី​

30-December-2015 | ដោយ មួយឡា

ព្រះវិហារ​៖ ឯកឧត្តម អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត​ព្រះវិហារ បាន​ថ្លែង​អំពាវនាវ​ដល់​អង្គការ​សង្គម​ស៊ីវិល​ទាំងឡាយ​ជាពិសេស​ប្រជាពលរដ្ឋ​ផ្ទាល់ នៅ​ឃុំ​ប្រមេរ​ប្រមាណ​ពី​២០​ទៅ​៣០​នាក់​បង្ហាញ​ឆ​ន្ទះ​ពិតប្រាកដ វិល​ទៅ​លំនៅដ្ឋាន​វិញ ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហាដីធ្លី​ដែល​បានកើត​ឡើង រហូតដល់​ពួកគាត់​មក​តវ៉ា នៅមុខ​សាលាខេត្ត​ដោយ​មិន​ព្រម​ត្រឡប់​ទៅវិញ​បើទោះបី​ខាង​អាជ្ញាធរខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​បាន​ចូលរួម​ដោះស្រាយ​ជូន​ជា​បន្តបន្ទាប់​ក៏ដោយ​នោះ ។​

​បន្ថែម​លើ​បញ្ហា​នេះ សាលាខេត្ត​ព្រះវិហារ នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥​បានចេញ​លិខិត​ជូនដំណឹង​មួយ​ដែល​ទើប​ទទួលបាន​នៅ​ព្រឹក​ថ្ងៃនេះ​បាន​ឲ្យ​ដឹងថា​៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ប្រជាពលរដ្ឋ​ប្រមាណ​៣០​នាក់ នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ បាន​ឡើងមក​តវ៉ា​នៅមុខ​សាលាខេត្ត​ដោយមាន​ផលប៉ះពាល់​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ដាំ​អំពៅ​ផលិត​ស្ករស ឡាន ហ្វេ​ង ។​

​សាលាខេត្ត​ព្រះវិហារ មានការ​សោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការ​ឡើងមក​តវ៉ា​ទាមទារ​ដីធ្លី​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កន្លងមក​រដ្ឋបាល​ខេត្ត​រួមជាមួយ​មន្ទីរជំនាញ​បាន​ខិតខំ ដោះស្រាយ​ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ឃុំ​ប្រមេរ​និង​ក្រុមហ៊ុន​វិនិយោគ ហើយ​យន្តការ​ដោះស្រាយ​នេះ ត្រូវបាន​គណៈកម្មការ​ទី​១​របស់​រដ្ឋសភា និង​ព្រឹទ្ធសភា​វាយតម្លៃ​និង​ទទួលស្គាល់​ការប្រឹងប្រែង​របស់​រដ្ឋ​បាល​ខេត្ត​ទៀតផង​។​

​ជុំវិញ​បញ្ហាដីធ្លី​នេះ អភិបាលរង​ខេត្តព្រះវិហារ លោក សុខ ហៃ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥​នេះ​ថា ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ប្រមេរ និង​ក្រុមហ៊ុន​វិនិយោគ​ខាងលើនេះ បានកើត​ឡើង​នៅ​អំឡុង​ឆ្នាំ​២០១២​។

​លោក​បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ប្រមាណ​តែ​២០​ទៅ​៣០​នាក់ ប៉ុណ្ណោះ​បាន​ឡើងមក​តវ៉ា​នៅមុខ​សាលាខេត្ត ហើយ​ដេកចាំ​នៅ​ទីនោះ​បើទោះបី​អាជ្ញាធរខេត្ត​ប្រាប់​ឲ្យ​ពួកគាត់​ត្រឡប់​ទៅវិញ ដើម្បី​ដោះស្រាយ​ក៏​ពួកគាត់​មិន​ទៅ​ដែរ មិនដឹងថា ពួកគាត់​ចង់បាន​អី​ទៀត​។​

​លោក សុខ ហៃ អភិបាលរង​ខេត្ត បាន​រំលឹកថា កន្លងទៅ​ប្រជាពលរដ្ឋ​ទាំងនេះ​សុំ​ឲ្យ​អាជ្ញាធរ​ចេញ​ដីកា​រក្សា​ការពារ​លើដី​សហគមន៍ ដែលមាន​ផ្ទៃក្រឡា ជិត​៣​ម៉ឺន​ហិច​តា​ដែល​ត្រូវ​គ្របដណ្តប់​ផ្ទៃដី ឃុំ​ប្រមេរ​ទាំងមូល ប៉ះ​ចូល​ដី​ស្រុក​ឆែប​ប្រមាណ​ជិត​៥​ពាន់​ហិច​តា ប៉ះពាល់​ដីឯកជន ប៉ះពាល់​ដី​វិនិយោគ​របស់​ក្រុមហ៊ុន​ដែល​បាន​បង្កើត​ផលិត​ស្ករស ហើយ​ដំណើរការ​នៅ​ខែ​មិនា ឆ្នាំ​២០១៦​នេះ នឹង​ប៉ះពាល់​ព្រៃ​អភិរក្ស ព្រះរ​ការ​ទៀតផង ដែល​រដ្ឋបាលខេត្ត​បាន​ប្រជុំ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ និង​សង្គម​ស៊ីវិល កន្លងមកហើយ​ឯក​ភាពមិន​យល់ព្រម​នោះឡើយ ។​

​អភិបាលរង​ខេត្ត​រូបនេះ បានបញ្ជាក់​ទៀតថា នាពេល​កន្លង​ទៅខាង​ក្រុមការងារ​បាន​ចុះ​វាស់​ដីធ្លី​ជូន​ពួកគាត់ ហើយ​ប្រជាពលរដ្ឋ​ខ្លះ មាន​ផ្ទៃដី​ដាំ​ដុះ​អាស្រ័យ​ផល​ប្រមាណ​កន្លះ​ហិច​តា ពេលនោះ​ក្រុមការងារ​សម្រេច​វាស់​ជូន​បន្ថែម​២​ហិច​តា​តែ​ពួកគាត់​ទាមទារ​រហូតដល់ ៥​ហិច​តា ទៅ​១០​ហិច​តា ដែល​យើង​មិនអាច​ធ្វើ​ជូន​បាន​ទើប​ធ្វើ​ឲ្យ​មានការ​តវ៉ា​ជា​បន្តបន្ទាប់​យ៉ាង​ដូច្នេះ​៕ ដោយ មែន កំសត់


ចំនួនអ្នកទស្សនា

    20495877

  • ថ្ងៃនេះ3591
  • ម្សិលមិញ12561
  • សប្តាហ៍នេះ31541
  • ខែនេះ53421
  • ឆ្នាំនេះ53421
  • សរុប20495877