ភ្នំពេញ៖ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បានទម្លាយរឿងពុករលួយ ដែលកើតមានឡើង នៅក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ គឺ «អ្នកចង់ចូលធ្វើការត្រូវចំណាយលុយពី១០០០ដល់៥០០០ដុល្លារ»។ ការទម្លាយរឿងពុករលួយនេះ នៅក្នុងឱកាស ឯកឧត្តមអភិបាលរាជធានី ចូលរួមជាអធិបតីភាពនៅក្នុងពិធីប្រកាសតែងតាំងប្រធានថ្មី នៅមជ្ឈមណ្ឌលឱកាសខ្ញុំ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។
ឯកឧត្តម ប៉ា សុជាតិវង្ស បានបញ្ជាក់ថា «ខ្ញុំមិនយល់ថានៅក្នុងមណ្ឌលនេះ បើអ្នកចង់មកធ្វើការនៅក្នុងមណ្ឌល ត្រូវចំណាយលុយចាប់ពី១០០០ដុល្លារ ដល់ ៥០០០ដុល្លារ? ថាតើការចំណាយនេះ បានអ្វីមកវិញខណៈបានធ្វើការនៅក្នុងមណ្ឌលនេះ?»។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានថ្លែងទៀតថា «អស់លោកលោកស្រីត្រូវចាំ គ្មានអាណាព្យាបាលណាម្នាក់ គេសប្បាយចិត្តនឹងយើងដែលចេះតែត្អូញត្អែរ សុំតែលុយ ខណៈកូនចៅគេអត់កែប្រែ ផ្តាច់ញៀនមិនបាននៅតែជាប់ញៀននោះទេ គេយកកូនក្មួយមកឲ្យយើងជួយផ្តាច់ញៀន តែយើងធ្វើមិនបាន តើយើងបើកមណ្ឌលនេះធ្វើអ្វី?»។
សម្រាប់ការងារនៅមជ្ឈមណ្ឌលមួយនេះ ឯកឧត្តម ប៉ា សុជាតិវង្ស បានផ្តាំផ្ញើដល់លោកស្រី មុំ ចាន់ដានី ដែលមកកាន់តំណែងជាប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ និងមន្ត្រីទាំងអស់ ឲ្យក្លាយជាកម្លាំងនិងជាការលើកទឹកចិត្ត ឲ្យដល់ការដឹកនាំសាលារាជធានីភ្នំពេញក្នុងបេសកកម្មកែប្រែ ស្តារនិតិសម្បទា។
ដូច្នេះសូមលោកស្រីប្រធាននិងអនុប្រធាន ព្រមទាំងមន្ត្រី បុគ្គលិកទាំងអស់ ត្រូវមានមោទនភាពដែលបានមកនៅក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ ចំពោះការងារ ដែលលោកស្រីបានបំពេញសម្រាប់ជួយសង្គ្រោះដល់ កូនចៅប្រជាពលរដ្ឋ ដែលបានយកផ្ញើនៅក្នុងមណ្ឌលគឺធ្វើយ៉ាងណាជួយឲ្យ ចាកផុតពីការញៀននូវគ្រឿងញៀន និងមានជំនឿថាបងប្អូនដែលបានចាកចេញពី មណ្ឌលត្រឡប់ទៅផ្ទះវិញ ថាមិនត្រឡប់មកជាលើកទី២នោះទេ ។
ឯកឧត្តមក៏បានលើកឡើងទៀតថា យើងជាមន្ត្រី ត្រូវប្រាស្រ័យទាក់ទងជាមួយអាណាព្យាបាល មុននឹងឲ្យកូនក្មួយរបស់គេចេញ ថាតើអាចធានាថាមិនត្រឡប់មកមណ្ឌលជាលើកទី២ ជាដាច់ខាត មិនមែនជួបអាណាព្យាបាលដើម្បីត្អូញត្អែរសុំលុយ សុំអង្ករពីគេ ដោយមិនបាននិយាយពីការងារដែលត្រូវធ្វើការកែប្រែ ស្តារនិតិសម្បទា អ្នកញៀនពីលទ្ឋផលដែលកូន គេមកស្នាក់នៅក្នុងមណ្ឌល ដើម្បីផ្តាច់ញៀន តែបែរគិតពីត្អូញត្អែរ ដើម្បីឲ្យគេធ្លាក់លុយមកនោះទេ៕ ដោយ មែន កំសត់