ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិឲ្យដឹងថាក្នុងរយៈពេល ៣ថ្ងៃដំបូងនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីបានរកឃើញមធ្យោបាយល្មើសជាង ២៤ ៣៤២ គ្រឿងនិងបានឃាត់ទុកយានយន្តអត់ស្លាកលេខមួយចំនួនខណៈស្ថាប័នមួយនេះអះអាងថា នឹងបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយនិងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ថ្មីនេះបន្ថែមទៀតដើម្បីពញ្ញាក់អារម្មណ៍ប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរឱ្យងាកមកគោរពច្បាប់វិញ។
អនុប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់នៃក្រសួងមហាផ្ទៃ លោក ឌី ឡុង ថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃអាទិត្យម្សិលមិញថា នៅថ្ងៃទី ៣មករា ប៉ូលិសបានត្រួតពិនិត្យយានយន្តចំនួន ៣០ ៣១២ គ្រឿងក្នុងនោះបានរកឃើញយានយន្តល្មើស ៨៨៩៨គ្រឿងនិងបានអប់រំម្ចាស់យានយន្ត (មិនផាកពិន័យ) ចំនួន ៥ ២២៦គ្រឿងចេញបង្កាន់ដៃពិន័យចំនួន ៣៦៧២ គ្រឿង និងឃាត់ទុកយានយន្តចំនួន៧៣ គ្រឿងដែលភាគច្រើនគ្មានស្លាកលេខ។
ដោយឡែកអគ្គស្នងការរងនគរបាលជាតិ លោក ហ៊ឹម យ៉ាន ឱ្យដឹងកាលពីថ្ងៃទី ១ ថា ប៉ូលិសបានឃាត់យានយន្តលើ្មស ៧ ៥១៩គ្រឿងក្នុងនោះយានយន្ត ៤ ៥៤៣ គ្រឿងធ្វើការអប់រំ ផាកពិន័យ ២ ៩២៥គ្រឿងនិងឃាត់ទុកយានយន្តគ្មានស្លាកលេខ ១១០ គ្រឿង។ ចំណែកថ្ងៃទី២ មានយានយន្ត ៧ ៩៦៣ គ្រឿង ក្នុងនោះយានយន្ត ៣ ៧០០ គ្រឿងធ្វើការអប់រំ និងបានធ្វើការពិន័យ ៤ ២៦០ គ្រឿងនិងឃាត់យានយន្តមានចំនួន ១៤៩ គ្រឿង។
ក្នុងរយៈពេលនៃការអនុវត្តច្បាប់ចរាចរណ៍ថ្មីនេះលោកសង្កេតឃើញពលរដ្ឋប្រមាណ ៨០ ភាគរយ គោរពច្បាប់បានល្អមានតែពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះ ដែលមិនទាន់គោរពវិន័យ។លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន ចៀសវាងគ្រោះថ្នាក់ជាយថាហេតុនិងត្រូវចេះអធ្យាស្រ័យគ្នាក្នុងការបើកបរ។
បើតាមលោក ហ៊ឹម យ៉ាន ករណីល្មើសភាគច្រើន គឺម៉ូតូដែលអ្នករួមដំណើរមិនបានពាក់មួកសុវត្ថិភាព តាមអនុក្រឹត្យលេខ ៨៥គឺត្រូវពិន័យចំនួន ១៥ ០០០ រៀលក្នុងម្នាក់ ហើយការផាកពិន័យនេះមិនត្រូវបានបង់ប្រាក់នៅនឹងកន្លែងផ្ទាល់នោះទេគឺសមត្ថកិច្ចគ្រាន់តែចេញប័ណ្ណការផាកពិន័យហើយឲ្យទៅបង់នៅទីកន្លែងមួយដែលសមត្ថកិច្ចបានកំណត់។
លោកបានបញ្ជាក់ថា ចំពោះការបង់ប្រាក់ផាកពិន័យ បើម្ចាស់យានយន្តមិនបានទៅបង់លើសពី ៣០ ថ្ងៃ ប្រាក់ផាកពិន័យនឹងត្រូវគុណនឹងពីរ។បើលើសពី ៦០ថ្ងៃ ត្រូវគុណនឹងបី ហើយក្នុងករណីលើសពី ៩០ ថ្ងៃនៅតែមិនព្រមបង់នោះសមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ តែលោកបានបញ្ជាក់ថា ចំពោះអ្នកបើកបរយានយន្តទាំងម៉ូតូនិងរថយន្តដែលមិនទាន់មានប័ណ្ណបើកបរនគរបាលមិនទាន់ផាកពិន័យនៅឡើយទេ។
នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ លោក អៀ ចរិយា បានថ្លែងថាការអនុវត្តនេះអាចមានផលវិជ្ជមាន និងអវិជ្ជមានពោលគឺភាពវិជ្ជមាននៃការរឹតបណ្តឹងច្បាប់នេះនឹងធ្វើឱ្យពលរដ្ឋមានការភ្ញាក់រឭកក្នុងការយល់ដឹងអំពីច្បាប់ចរាចរណ៍និងឈានទៅរកការបង្ការគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗដែលកើតឡើង។ដោយឡែកផលអវិជ្ជមានវិញគឺនឹងប៉ះពាល់ដល់ប្រជាពលរដ្ឋភាគច្រើនដែលពុំទាន់បានយល់ដឹងពីច្បាប់ថ្មីដែលករណីនេះសមត្ថកិច្ចគួរធ្វើការអប់រំប្រជាពលរដ្ឋបន្ថែមទៀតថាមុននឹងធ្វើការផាកពិន័យ និងមានការយល់យោគគ្នាទៅវិញទៅមក។លោកថា៖«ករណីខ្លះ ដូចជាអត់មានប័ណ្ណបើកបរឬក៏ប័ណ្ណសម្គាល់យានយន្តតាមខ្លួនអីហ្នឹងប្រជាជនច្រើនដល់រាប់លាននាក់ ហើយចាប់ដាក់ពន្ធនាគារម៉េចកើតទាល់តែមានការយោគយល់គ្នាក្នុងដំណាក់ទី ១មិនទាន់អាចបញ្ជូនគាត់ទៅតុលាការ ឬដាក់ពន្ធនាគារកើតទេគឺគ្រាន់តែអប់រំ និងផាកពិន័យជាជំហានដំបូង»។ទោះយ៉ាងណាលោកនៅតែគាំទ្រឱ្យមានការរឹតបន្តឹងច្បាប់បន្ថែមទៀតជាពិសេសផាកពិន័យឱ្យខ្លាំងទៅលើអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើកបរលើសល្បឿនកំណត់ដោយលោកចាត់ទុកថាបញ្ហាទាំងនេះជាហេតុផលចម្បងនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍។
របាយការណ៍របស់អគ្គស្នងការនគរបាលជាតិ ឱ្យដឹងថា នៅក្នុងឆ្នាំ២០១៥ គ្រោះថ្នាក់ចរាចរណ៍កើតមានចំនួន ៤៥៩៥ លើកបើប្រៀបធៀបនឹងឆ្នាំ ២០១៤ ថយចុះ ៥%។ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនោះបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន២២៦៥នាក់ កើនឡើង ១១៧នាក់ស្មើនឹង៥%៕ ដោយ មែនកំសត់