ភ្នំពេញ៖ ដោយបានទទួលដំណឹងពីបងប្អូនប្រជាពលរដ្ឋ ស្ដីពីរឿងហាងលក់ម៉ូតូ១កន្លែង ចាក់ធុងបាស់ធ្វើអោយថ្លង់និងប៉ះពាល់រំខាន ធ្វើឲ្យអ្នកជិតខាងសំរាកមិនបាន ភ្លាមនោះ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ លោក ឃ្លាំង ហួត អភិបាលខណ្ឌបានបញ្ជាជាកំហិតអោយមន្ត្រីពាក់ព័ន្ធនឹងសណ្ដាប់ធ្នាប់ខណ្ឌ រួមមានការិយាល័យអន្តរវិស័យ ការិយាល័យវប្បធម៌វិចិត្រសិល្បៈ ប្រធានសន្តិសុខសណ្ដាប់ធ្នាប់ ខណ្ឌ និងតំណាងសង្កាត់ ព្រែកលៀប ចុះឃាត់នឹងដកហូតឧបករណ៍ មានធុងបាស១ មីក្រូបំពងសំលេង១ និងបញ្ជូនខ្លួនម្ចាស់ ហាងលក់ម៉ូតូ ម៉េងលី នៅភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញមកធ្វើការណែនាំយ៉ាងខ្លាំងៗ នឹងធ្វើកិច្ចសន្យាភ្លាមៗដើម្បីបញ្ឈប់និងគោរពច្បាប់ ទុកពេលវេលាឲ្យអ្នកក្បែរខាងមានពេលសំរាកផង ម្ចាស់ហាងម៉ូតូ ម៉េងលី បានគោរពនិងយល់ព្រមតាមការណែនាំ របស់សាលាខណ្ឌនិងសន្យាមិនឲ្យមានជាលើកទី២ឡើយ ។
នាឱកាសនោះ មន្ត្រីរដ្ឋបាលសាលាខណ្ឌបានបញ្ជាក់ផងដែរថាលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ សូមប្រកាសថារាល់ការលំបាកនឹងមានបញ្ហាអ្វីរបស់ប្រជាជនសូមបងប្អូនមេត្តាទាក់ទងមក សាលាខណ្ឌ ឬ មន្ត្រីសាលាខណ្ឌ ជាពិសេសតាមរយៈ Facebook line What app និងតាមរយៈយុវជនប្រតិកម្មរហ័សខណ្ឌ សង្កាត់ គឺលោកអភិបាលខណ្ឌនឹងទទួលដោះស្រាយគ្រប់បញ្ហា មិនអោយបងប្អូនខកបំណងឡើយ ៕ ដោយ មែន កំសត់