ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ កម្លាំងរបស់លោក សហការជាមួយកម្លាំង ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅត្រួតពិនិត្យនិងឃាត់ខ្លួន ជនជាតិវៀតណាម២៥នាក់ ក្នុងនោះស្រី៦នាក់ ដែលកំពុងធ្វើការ និងរស់នៅតាមរោងសិប្បកម្ម កែច្នៃឈើ ហាងបាយ ហាងកាហ្វេ ដោយខុសច្បាប់ ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយការឃាត់ខ្លួន ជនជាតិវៀតណាមទាំងនេះត្រូវបាន យកទៅសួរនាំ នៅនាយកដ្ឋាន ដើម្បីចាត់ការបន្តតាមនីតិវិធី។ បើតាមលោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ កម្លាំងរបស់លោក និងកម្លាំងនគរបាល ខេត្តព្រះវិហារ ក៏បានឃាត់ខ្លួនជនជាតិវៀតណាម ចំនួន២៨នាក់ផងដែរ នៅខេត្តព្រះវិហារ ហើយពួកគេទាំងនេះ ស្ថិតក្រោមការសួរនាំ ដើម្បីចាត់ការតាមនីតិវិធី៕