សៀមរាប៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានលើកឡើងថា កងទ័ពគឺជាឆ្អឹងខ្នង នៃប្រទេសជាតិគ្រប់កាលៈទេសៈទាំងអស់ ជាតិរុងរឿង ជាតិខ្លាំងក្លា ក៏ខ្លាំងដោយសារកងទ័ព។
ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ខណៈដែលចុះជួបជាមួយ នាយទាហាន នាយទាហានរង ពលទាហាន និងនិស្សិតនាយទាហានសកម្មចំនួន១១០នាក់ នៅក្នុងពិធីសច្ចាប្រណិធាន របស់នាយទាហាននៅមុខប្រាសាទអង្គវត្តនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា «កងទ័ពគឺជាឆ្អឹងខ្នងនៃ ប្រទេសជាតិគ្រប់កាលៈទេសៈទាំងអស់ ជាតិរុងរឿង ជាតិខ្លាំងក្លា ក៏ខ្លាំងដោយសារកងទ័ព។
ដូច្នេះប្អូនៗ នាយទាហាន ដែលបានសច្ចាប្រណិធាននៅទីនេះ គឺត្រូវប្តេជ្ញាចិត្តក្នុងនាម ជានាយទាហានជំនាន់ក្រោយ»។ ក្នុងនាមអ្នកកាន់កាប់ជោគវាសនាអនាគត សុខសន្តិភាពរបស់ជាតិ ការពារបូរណភាពទឹកដីរបស់យើង ត្រូវប្តេជ្ញាចិត្ត ដើម្បីបំពេញភារកិច្ច ជូនជាតិមាតុភូមិ ចូលរួមកសាងជាតិ និងលើកកិត្យានុភាពជាតិឱ្យដូចកងទ័ពបុព្វបុរស របស់យើងដែលបាន ឆ្លាក់នៅតាមប្រាង្គប្រាសាទអង្គរវត្តនិងប្រាសាទនានា ដែលបានបង្ហាញប្រវត្ដិតួនាទី និងភារកិច្ចរបស់កងទ័ព។
ឯកឧត្តម ហ៊ុន ម៉ាណែត បានអបរអរសាទរ ចំពោះជោគជ័យ របស់និស្សិតនាយទាហាន សកម្មជំនាន់ទី១៦សែនជ័យ ក្រោមការខិតខំប្រឹងប្រែង អំណត់ តស៊ូ ឆ្លងកាត់វគ្គសិក្សា និងហ្វឹកហ្វឺនជិត៤ឆ្នាំកន្លងមក។
ជាមួយនោះដែរ ឯកឧត្តមក៏បានសម្តែងនូវការកោតសរសើរ ដោយស្មោះ ចំពោះនិស្សិតទាំងអស់ ដែលមានសេចក្តីក្លាហាន និងមនសិកាសេ្នហាជាតិខ្ពស់ ស្ម័គ្រចិត្តចូលបំរើក្នុងជួរកងយោធពលខេមរភូមិន្ទផងដែរ៕