ភ្នំពេញ៖ នៅម៉ោង ២០:០០យប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយលោកអធិការនគរបាលខណ្ឌ តាមការចង្អុលបង្ហាញពីលោកអភិបាលខណ្ឌនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានចុះត្រួតពិនិត្យជាតិអាកុល កញ្ចក់ និង មួកសុវត្ថិភាព នៅតាមគោលដៅផ្លូវលេខ១៦៩ មុខវិទ្យាល័យបាក់ទូក ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
នៅក្នុងកិច្ចចុះប្រតិបត្តិការនេះ មានកំលាំងចូលរួមសរុបចំនួន ៤៥នាក់ មានដូចជា៖នគរបាលការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ រាជធានីភ្នំពេញ ៣នាក់ មន្ត្រីសាលាខណ្ឌ ៤នាក់ នគរបាលខណ្ឌនិងប៉ុស្ដិ៍សង្កាត់សរុប២០នាក់ និងកម្លាំងប្រជាការពារខណ្ឌសង្កាត់ចំនួន ១៨នាក់។
ក្រុមការងារបានបំពេញភារកិច្ចនៅតាមគោលដៅរៀងៗខ្លួនក្នុងដែនសមត្ថកិច្ច ពិសេសត្រង់ចំណុចផ្លូវ១៦៩មុខវិទ្យាល័យបាក់ទូក សង្កាត់វាលវង់ ខណ្ឌ៧មករា ដែលជាចំណុចស្មុគស្មាញ និងសំបូរបទល្មើស។ ចំណែកឯការត្រួតពិនិត្យគឺពុំមានសភាពការណ៍អ្វីគួរឲ្យកត់សំគាល់ទេ ក្រុមការងារ បានចុះសកម្មភាពយ៉ាងផុសផុលរហូតដល់ម៉ោង១យប់រំលងអាធ្រាត្រឈានចូលដល់ថ្ងៃទី១៩ខែំមករា ឆ្នាំ២០១៦ទើបបញ្ចប់៕ ដោយ មែន កំសត់