ភ្នំពេញ៖ អាជ្ញាធរសង្កាត់ និងប្រជាពលរដ្ឋ នៅសង្កាត់ស្ទឹងមានជ័យ តែងតែចូលរួមអភិរក្សសត្វព្រៃនិងការពារធនធានបរិស្ថានធម្មជាតិ។ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ និងក្រុមប្រឹក្សាសង្កាត់ មេភូមិ ប្រជាពលរដ្ឋ បានធ្វើការប្រគល់ពស់ថ្លាន់១ក្បាលទំងន់១៥គីឡូក្រាម ដែលកំលាំងប្រជាការពារសង្កាត់និងប្រជាពលរដ្ឋចាប់បាននៅត្រង់ចំណុចប្រលាយទឹកម្ដុំលូ៥ ប្រគល់ទៅអោយភ្នាក់ងារអភិរក្សសត្វព្រៃភ្នំតាម៉ៅ។
នាឱកាសនោះដែរតំណាងមន្ត្រីអភិរក្សសត្វព្រៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរសង្កាត់ និងប្រជាពលរដ្ឋ ដែលបានចូលរួមចំណែក ការពារសត្វព្រៃ ដែលជាសម្បត្តិធម្មជាតិ ក្នុងនាមជាពលរដ្ឋខ្មែរយើងមិនត្រូវបំផ្លាញសត្វព្រៃទាំងនោះទេ យើងត្រូវនាំគ្នាថែរក្សាឲ្យបានគង់វង្ស ដើម្បីជាសម្បតិ្ត កេរតំណែល ហើយយើងក៏ត្រូវសហការ ទប់ស្កាត់ ចំពោះបុគ្គលដែលប្រព្រឹត្តនិងការជួញដូរសត្វព្រៃគ្រប់ប្រភេទ ដែលជាបទល្មើសបំផ្លាញធនធានបរិស្ថានជាតិ។
ក្នុងនោះផងដែរ រាជរដ្ឋាភិបាលបានចេញសារាចរណ៍ណែនាំ ដល់រដ្ឋមន្ត្រី ក្រសួងពាក់ព័ន្ធ មានក្រសួងបរិស្ថាន កសិកម្ម និងសមត្ថកិច្ច ពិសេសអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ត្រូវចូលរួមទប់ស្កាត់បង្ក្រាប បទល្មើស ធនធានធម្មជាតិ បរិស្ថានមានព្រៃឈើ សត្វព្រៃ គ្រប់ប្រភេទ យ៉ាងក្ដៅគគុកហើយនិងបើចាប់បានអ្នកប្រព្រឹត្តត្រូវផ្ដន្ទាទោសតាមច្បាប់កំណត់ទៀតផង៕ ដោយ មែន កំសត់