ព្រះសីហនុ៖ ក្នុងការចុះពិនិត្យផ្លូវចំនួន២ខ្សែ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលត្រូវបានអ្នកមានអំណាចរំលោភយកដើម្បីសាងសង់សំណង់របស់ខ្លួននោះ អភិបាលខេត្តព្រះសីហនុបានបញ្ជាក់ជំហរថា លោកនឹងបើកផ្លូវទាំង២ខ្សែនេះ ឲ្យប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញក្នុងពេលឆាប់ៗនេះ។
ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានថ្លែងថា ផ្លូវទាំងពីរខ្សែ ដែលខ្សែទី១ពី UME ទៅ LV និង ខ្សែទី២ ពី LV ទៅផ្ទះសំណាក់អង្គរ នឹងត្រូវបើកឲ្យប្រើប្រាស់ឡើងវិញក្នុងពេលឆាប់ៗនេះ។ លោកថា លោកបានរៀបចំគណៈកម្មាធិការក្នុងការចុះដោះស្រាយរួចហើយ ដែលមានលោក សុខ ផន អភិបាលរងខេត្ត លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ និងស្ថាប័ណ្ណពាក់ព័ន្ឋចូលរួមផងដែរ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ឯកឧត្តមនឹងធ្វើការឈូសឆាយបើកផ្លូវនេះឲ្យបាន ដើម្បីប្រើប្រាស់ជាសាធារណៈ ប៉ុន្តែបើសិនជាការសម្របសម្រូលមិនបានសម្រេច ឯកឧត្តមនឹងចាត់វិធានការតាមផ្លូវច្បាប់ មិនមានការយោគយល់នោះឡើយ។
បើតាមក្រុមប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុឲ្យដឹងថា ផ្លូវសាធារណៈពីរខ្សែនេះ ត្រូវបានអ្នកមានអំណាចធ្វើរបង និងសំណង់រំលោភយកអស់ជិត២០ឆ្នាំមកហើយ ហើយដោយសារតែពួកគេជាអ្នកមានលុយ និងមានអំណាចផង ទើបបានជាគ្មានការដោះស្រាយ តែក្នុងជំនាន់អភិបាលខេត្តថ្មីនេះ ពួកគាត់សង្ឃឹមថា នឹងអាចជួយដោះស្រាយបើកផ្លូវឲ្យបានឆាប់។
ចំពោះករណីនេះ មន្ត្រីភូមិបាលក្រុងព្រះសីហនុបានបញ្ជាក់ថា ផ្លូវមួយខ្សែនេះកន្លងមកត្រូវបានក្រុមមន្ត្រីជំនាញចុះមកធ្វើការ វាស់វែង និងបានធ្វើការកំណត់ព្រំទីតាំងផ្លូវបានច្បាស់លាស់រួចរាល់អស់ហើយ តាំងពីរជំនាន់ លោក ស្បោង សារ៉ាត់ ជាអភិបាលខេត្តព្រះសីហនុម្ល៉េះ ពោលគឺនៅតែការចុះអនុវត្តន៍ជាក់ស្តែង បើកផ្លូវប៉ុណ្ណោះ។
ដោយឡែកមន្ត្រីភូមិបាលមួយរូបបានថ្លែងថា អាជ្ញាធរខេត្តចុះធ្វើការបើកផ្លូវនេះ អាចនិងជូបបញ្ហាលំបាកខ្លះៗ គេចមិនផុតនោះទេ ពីព្រោះនៅលើផ្លូវមួយខ្សែនេះ ចំណុចខ្លះត្រូវបានគេធ្វើការសាងសងសំណង់រឹងមាំរំលោភ លើដីផ្លូវ លើផ្លូវ ប្រវែង៥ទៅ៦ម៉ែត្រទៅហើយ ជាក់ស្តែងដូចជាសំណង់សាលារៀន (UME) របស់លោក ស្បោង សារ៉ាត់ អតីតអភិបាលខេត្តព្រះសីហនុ ដែលបានសាងសង់រំលោភលើដីផ្លូវប្រវែង៧ម៉ែត្រឯណោះ។
ចំណែកលោក ណុប ហេង ប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុវិញ បានថ្លែងថា ចំពោះបញ្ហាផ្លូវនេះ នឹងអាចដោះស្រាយចេញនាពេលឆាប់ៗនេះ ចំពោះខាងមន្ទីរជំនាញរបស់លោក រងចាំតែសាងសង់ជូនប្រជាពលរដ្ឋទេ តែនៅពេលនេះ ទុកពេលឲ្យអាជ្ញាធរដោះស្រាយតាមដំនាក់កាលជាមុខសិន៕
ប្រភព៖ ann.com