ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ មករា នេះ លោក ប៉ាង លីដា អភិបាលរងនៃគណៈអភិបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងប្រជាការពារ គណកម្មការផ្សារ និងមន្ត្រីបរិស្ថាន ចុះរៀបចំសណ្តាប់ធ្នាប់ បរិស្ថានជុំវិញផ្សារនាគមាស និងផ្សារដើមគ នៅតាមបណ្តោយផ្លូវ២៣០ ផ្លូវមុន្នីរ៉េត ផ្លូវ២៣១ ផ្លូវ២៣៤ ផ្លូវ២៣៩ ផ្លូវ៣៣៦ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
លោកអភិបាលរង បានជំរាបជូនបងប្អូនអាជីវករទាំងអស់ ដែលយកចំណីផ្លូវធ្វើជាប្រយោជន៍ខ្លួន លក់ដូរទៅតាមការកំណត់របស់គណៈកម្មការផ្សារ ដែលបានកំណត់ទីតាំង និងពេលវេលា សូមរក្សាអនាម័យវេចខ្ចប់សំរាម យកទៅចោលនៅកន្លែងទុក ដើម្បីឲ្យក្រុមហ៊ុន ស៊ិនទ្រី ងាយស្រួលប្រមូល ហើយត្រូវចូលរួមកុំយកទ្រូងផ្លូវ ធ្វើជាចំណត និងធ្វើជាកន្លែងលក់ដូរ ដែលបង្កឲ្យផ្លូវមានការស្ទះចរាចរណ៍។
លោកក៏បានផ្តាំផ្ញើរ ទៅដល់អ្នកលក់ដូរទាំងអស់ ចូលរួមគោរពច្បាប់ទាំងអស់គ្នា និងចូលរួមថែរក្សាសណ្តាប់របៀបរៀបរយ ព្រមទាំងអនាម័យសំរាមឲ្យបានល្អប្រសើរ លោកថា នេះជាការព្រមាន ចំពោះអាជីវករមួយចំនួនតូច ដែលមិនអនុវត្តន៍តាម បើជនណាមិនស្តាប់ លោកនឹងចាត់វិធានការក្តៅជាក់ជាមិនខាន៕
ប្រភព៖ ann.com