ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារនិងជាប្រធានគណៈកម្មាធិការសុរិយោដីថ្នាក់ខណ្ឌ បានអញ្ជើញចុះពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែ និងពិនិត្យទីតាំងដីទំនាស់បញ្ហាសាងសង់របងមួយកន្លែងនៅភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦។
ការចុះត្រួតពិនិត្យនេះក៏មានការចូលរួមពីសំណាក់លោក លោកស្រី មន្ត្រីការិយាល័យជំនាញមន្ត្រីរាជការសាលាខណ្ឌ ចៅសង្កាត់ មេភូមិនិងមន្ត្រីជាច្រើនរូបទៀត។
លោក ឃ្លាំង ហួត អភិបាលខណ្ឌបានមានមតិបញ្ជាក់ថា៖ ការចុះត្រួរពិនិត្យទីតាំងខាងលើ នេះគឺមានការសំណូមពររបស់ប្រជាពលរដ្ឋ ដែល (ខមមិន) ស្នើសុំចូលទៅក្នុងហ្វេសប៊ុករបស់សាលាខណ្ឌ និងហ្វេសបុកសម្ដេច ហ៊ុនសែន ដើម្បីឲ្យអាជ្ញាធរខណ្ឌមានគោលការណ៍ពិនិត្យនិងអន្តរាគមន៍ លើការប៉ះពាល់ផ្សេងៗ លោកក៏បានបន្តទៀតថាការសាងសង់របង់និងស្ថាបនាផ្លូវនេះជាគំរោងមូលនិធិអភិវឌ្ឍន៍របស់សាលាខណ្ឌឆ្នាំ២០១៥។
លុះពេលចុះដល់ទីតាំងដីទំនាស់ខាងលើឃើញថា របងដែលភាគីម្ខាងបានសាងសង់នោះរួចរាល់ជាស្ថាពរ ហើយបញ្ហាទំនាស់នេះក៏កំពុងរង់ចាំតុលាការសម្រេចអង្គសេចក្តីព្រោះរឿងរ៉ាវនៃទំនាស់នេះ កំពុងស្ថិតក្នុងដែនសមត្ថកិច្ចរបស់តុលាការ ដូចនេះក្នុងនាមអាជ្ញាធរ គឺគោរពតាមការសម្រេចរបស់តុលាការនិងរង់ចាំសហការជានិច្ច បើសិនជាក្នុងករណីតុលាការស្នើសុំការបំភ្លឺពីអាជ្ញាធរ។
ចំពោះករណីសាងសង់របងនេះកន្លងមកសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាសម្រេចរក្សាការពារលេខ ៦៣១ វភ.ព.កា ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ ដែលសម្រេច «ហាមឃាត់កូនបំណុលឈ្មោះ កែវចំរើន, ជុំ ខូវ, កែវ សារី ហៅ ទុយ ហ៊ីង និង កែវ ស្រស់ ហៅ ហាយ ហឿត មិនឲ្យសាងសង់ ជួសជុលរបង លក់ដូរ ជួល បញ្ចាំ ផ្ទេរសិទ្ធិកាន់កាប់ ផ្ទេរកម្មសិទ្ធិ ប្រទានកម្ម ធ្វើអំណោយ ឬ ធ្វើបណ្តាំមរតកឲ្យទៅអ្នកដទៃឬធ្វើការផ្សេងៗ នៅលើអចលនវត្ថុដែលជាដីទំនាស់រវាងម្ចាស់បំណុលឈ្មោះ នូ នឹម និងកូនបំណុលឈ្មោះ កែវ ចំរើន, ជុំ ខូវ, កែវ សារី ហៅ ទុយ ហ៊ីង និង កែវ ស្រស់ ហៅហាយ ហឿត ដែលមានទីតាំងស្ថិតនៅភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ជាបណ្តោះអាសន្ន រង់ចាំតុលាការសម្រេចដល់អង្គសេចក្តី»។ ដីកានេះត្រូវបានអនុវត្តនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ដឹកនាំដោយលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនិងជាមន្ត្រីទទួលបន្ទុកកិច្ចការអាជ្ញាសាលា ដោយមានលោក សួស ចិន្តាជាក្រឡាបញ្ជីអមផង ប៉ុន្តែភាគីខាងកូនបំណុលមិនព្រមសហការជាមួយតុលាការឡើយ ។
បន្ថែមក្នុងពេលជាមួយនោះ បន្ទាប់ពីសកម្មភាពចុះត្រួតពិនិត្យ ទីតាំងគំរោងនិងដីទំនាស់រួចមក លោកអភិបាលបាលខណ្ឌ និងក្រុមការងារក៏បានឧបត្ថម្ភថវិកាចំនួន ១០០ដុល្លាដល់លោក ឈាង យិង សមាជិកក្រុមប្រឹក្សាសង្កាត់កោះដាច់ ដែលមានជម្ងឺលើសឈាមដើម្បីយកទៅព្យាបាលនិងប្រើប្រាស់ទៀតផង៕ ដោយ មែន កំសត់