ភ្នំពេញ៖ ដោយពិនិត្យឃើញសកម្មភាពរបស់ប្រជាពលរដ្ឋ ដែលតែងតែរំលោភយកដីសាធារណៈនិងដីអភិវឌ្ឍន៍ផ្សេងៗ នៅក្នុងសង្កាត់ភូមិ នៅវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ក្រុមការងារចុះវាស់វែងករណីប្រជាពលរដ្ឋរំលោភយកដីប្រឡាយ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដឹកនាំដោយ លោក ធឹម សំអាន អភិបាលរងនិងជាអនុប្រធានគណៈកម្មាធិការដោះស្រាយវិវាទដីធ្លីខណ្ឌទួលគោក។
ក្នុងការចុះត្រួតពិនិត្យនោះដែរក៏មានការចូលរួមពី មន្ត្រីភូមិបាល សុរិយោដី មន្ត្រីសាលាខណ្ឌមន្ត្រីសាលាសង្កាត់បឹងសាឡាង ប៉ុស្តិ៍នគរបាលសង្កាត់ និងលោកមេភូមិទី៣ និងមេភូមិទី១៧ ផងដែរ។
នាឱកាសនោះដែរ លោក ធឹម សំអាន អភិបាលរងក្នុងនាមអាជ្ញាធរខណ្ឌនិងក្រុមការងារបានចុះពិនិត្យនៅទីតាំង ប្រឡាយដែលបងប្អូនបាននាំគ្នារំលោភយកជាកម្មសិទ្ធិផ្ទាល់ខ្លួន លោកក៏បានបញ្ជាក់ជូនដល់បងប្អូនមេត្តាបញ្ឈប់ លើការប្រើប្រាស់សាងសង់នូវសំណង់ដែលបងប្អូនរៀបចំត្រៀមធ្វើ ជាបន្ទាន់ ដោយយោងតាមច្បាប់ភូមិបាល គឺមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ ឬបុគ្គលណា រំលោភយកដីសាធារណៈដូចជា បឹងទន្លេ ប្រឡាយ ផ្លូវថ្នល់ ផ្សេងៗដែលជាសម្បត្តិរដ្ឋយកមកគ្រប់គ្រង លក់ដូរ អាស្រ័យផលជាកម្មសិទ្ធិផ្ដាច់មុខនោះទ ហើយក៏គ្មានសមត្ថកិច្ចណាចេញប័ណ្ណកម្មសិទ្ធិ ឬប្លង់ជូនដែរ តែអនុគ្រោះអាចឲ្យស្នាក់នៅជាបណ្ដោះអាសន្នបានដោយមានកិច្ចសន្យាជាលាយលក្ខណ៍និងដឹងលឺពីភូមិសង្កាត់ ហើយនៅពេលអាជ្ញាធរយើងត្រូវការអភិវឌ្ឍផ្សេងៗ នឹងដកហូតយកមកវិញពុំមានការសងសំណងអ្វីឡើយ។
ចំពោះករណីខាងលើមុនពេលបងប្អូនធ្វើអ្វីមួយត្រូវមករាយការណ៍ប្រាប់ដល់ថ្នាក់ភូមិ សង្កាត់ ពិសេសមន្ត្រីសុរិយោដីភូមិបាលខណ្ឌឲ្យជំនាញគេចុះទៅវាស់វែងទើបស្របតាមច្បាប់ មិនមែនចេះតែនាំគ្នាធ្វើអ្វីៗតាមតែទំលាប់ វានាំឲ្យខុស ច្បាប់នោះឡើយ ហើយបើមានបញ្ហាខាងអាជ្ញាធរខណ្ឌនឹងអនុវត្តន៍តាមច្បាប់សុរិយោដី ភូមិបាល និងបញ្ឈប់នូវការសាងសង់ឬក៏បំផ្លាញចោល ហើយបើកាលណាបំផ្លាញចោលបងប្អូននឹងរិះគន់លើថ្នាក់ដឹកនាំ។
បន្ទាប់មកលោកអភិបាលខណ្ឌ ក៏បានដាក់វិធានការណ៍ដល់សង្កាត់ភូមិ និងមន្ត្រីសុរិយោដីភូមិបាលខណ្ឌ ត្រូវរៀបចំប្រជុំណែនាំដល់បងប្អូនដែលបានរំលោភយកដីទាំងនោះអប់រំឲ្យពួកគាត់យល់ដឹងច្បាប់និងបញ្ឈប់នូវការរំលោភ វាតទី ដីសាធារណៈទាំងនោះ និងឲ្យគាត់ធ្វើកិច្ចសន្យាផ្ដិតមេដៃ ជៀសវាងមានបញ្ហាពាក់ព័ន្ធផ្លូវច្បាប់ដោយប្រការណាមួយ ហើយគេរិះគន់ថា អាជ្ញាធរយើងមិនបានផ្សព្វផ្សាយនិងមិនមានចំណាត់ការច្បាស់លាស់៕ ដោយ មែន កំសត់