នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល បញ្ជា​ក្រុមការងារ​ឲ្យ​ចុះជួយ​កុមារី​ដែល​ចង់​រៀន​តែ​គ្មាន​លទ្ធភាព នៅ​ស្រុក​បាណន់​

28-January-2016 | ដោយ មួយឡា

បាត់ដំបង​៖ នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​និង ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​បាណន់ បាន​បញ្ជា​ក្រុមការងារ​របស់លោក​ចុះទៅ​សួរនាំ និង​ផ្គត់ផ្គង់​ដល់​កុមារី ហួច ឡៃ​ហៀក ដែលមាន​ចិត្ត​ចង់​រៀន តែ​ខ្វះ​លទ្ធភាព​នៅ​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ បាន​រៀនសូត្រ​រហូតដល់​ចប់​ចុង​ចប់​ដើម​។​

ឧ​ត្ត​ម​សេនីយ៍​ត្រី សាន ហាក់ ស្នងការរង​នគរបាល​ខេត្តបាត់ដំបង អនុប្រធាន​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​បាណន់ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ភ្នំ​សំពៅ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យមើល​ដល់​មូលដ្ឋាន នៅ​សាលារៀន​ជួប​ជាមួយ​ក្មេងស្រី​និង អ្នកគ្រូ លោកគ្រូ ក្នុង​សាលា ព្រមទាំង​ចុះ​ដល់ផ្ទះ​ស្នាក់នៅ​របស់​ក្មេងស្រី​ផ្ទាល់ ទាំង​ជីតា​ខាង​ឪពុក​និង​ខាង​ម្តាយ​ដើម្បី​ឲ្យ​អស់លោក​សមាជិក​ក្រុមប្រឹក្សា​ស្រុក ឃុំ លោក​មេភូមិ ពិសេស​លោក​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ភ្នំ​សំពៅ ចាត់ចែង​ឯកសារ មានដូចជា​សំបុត្រកំណើត​សៀវភៅ​ស្នាក់នៅ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន ហាក់ បាន​ចុះទៅ​ជួប​ជីតា​ខាង​ឪពុក និង​បាន​ជម្រាប​ថា​ឲ្យ​ក្មេងស្រី​ម្នាក់នេះ​ក្នុងចំណោម​បងប្អូន​៣​នាក់មក​ស្នាក់នៅ​ជុំគ្នា​ជាមួយ​ជីតា​ខាង​ឪពុក​វិញ និង​បាន​សម្រួល​ឲ្យ​រៀនសូត្រ​ដូច​គេឯង​តាម​បំណងប្រាថ្នា​របស់​នាង​ផង​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន ហាក់ ក៏បាន​ថ្លែងអំណរគុណ​លោ​គ្រូ អ្នកគ្រូ​បាន​យកចិត្តទុកដាក់​ដល់​ក្មេង និង ផ្តាំផ្ញើ​ដល់​លោកគ្រូ អ្នកគ្រូ នៅក្នុង​សាលាបឋមសិក្សា​កំ​ប៉ូវ​ទាំងអស់ ឲ្យ​ជួយ​មើល​ការខុសត្រូវ​បន្តទៀត ។​

​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន ហាក់ បាន​បញ្ជាក់ថា ដំណើរ​ចុះសួរសុខទុក្ខ​នា​រសៀល​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦​នេះ ដើម្បី​សិក្សា ក្នុង​គោលបំណង​ស្រាវជ្រាវ​ឯកសារ​ពាក់ព័ន្ធ​និង​ពិនិត្យ​ស្ថានភាព ជីវភាព​រស់នៅ​គ្រួសារ​របស់​ក្មេង​ជាក់ស្តែង ដើម្បី​ងាយស្រួល​ដល់​ក្រុមការងារ​តាម​ជួយឧបត្ថម្ភ ផ្គត់ផ្គង់ ទាំង​ជីវភាព​និង​ការរៀនសូត្រ ឲ្យ​ក្មេង​មានចំណេះដឹង​បានយូរ​អង្វែង​រហូតដល់​ទីបញ្ចប់​។​

​សូមបញ្ជាក់ថា​កុមារី ហួច ឡៃ​ហៀក ហៅ ហួច ស្រី​វិ រស់នៅក្នុង​ភូមិ​កំ​ប៉ូវ​ត្បូង ឃុំ​ភ្នំ​សំពៅ ខេត្តបាត់ដំបង​។ នាង​មាន​បងប្អូន​ចំនួន ៣​នាក់ រាល់ថ្ងៃ​មិន​ទទួលបាន​ភាពកក់ក្តៅ ឬ​ការមើល​ថែទាំ​ពី​ឪពុក​-​ម្តាយ​នោះឡើយ ដោយសារតែ​ជីវភាព​បានធ្វើ​ឲ្យ​ឪពុក​-​ម្តាយ​របស់​នាង​ធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ទាំងពីរ​នាក់​។ កុមារី ហួច ឡៃ​ហៀក និង​ប្អូនៗ​ពីរ​នាក់​ទៀត​ត្រូវ​រស់​ជាមួយ​ជីតា​វ័យ​ចំណាស់​ក្នុងស្ថានភាព​លំបាក​រក​ព្រឹក​ខ្វះ​ល្ងាច រក​ល្ងាច​ខ្វះ​ព្រឹក​។​

​ព្រោះតែ​ស្ថានភាព​គ្រួសារ​នេះ បានធ្វើ​ឲ្យ​កុមារី ហួច ឡៃ​ហៀក និង ប្អូនៗ របស់​នាង​គ្មាន​ឱកាស​ទៅ​ទទួល​ការអប់រំ​ដូច​ក្មេង​ដទៃ​នោះឡើយ​។ តែ​អំណោយផល​ពី​ធម្មជាតិ​ផ្នែក​បញ្ញា​ស្មារតី បាន​ជំរុញ​ឲ្យ​កុមារី​រូបនេះ​ចង់​រៀន​ចង់​ទទួលបាន​ចំណេះដឹង និង​តែងតែ ដើរ​លើ​ចម្ងាយ​ផ្លូវ​ប្រមាណ ១​គីឡូម៉ែត្រ ទៅ​លួច​មើល​គេ​រៀន​ជា​រៀងរាល់ថ្ងៃ​៕ ដោយ មែន កំសត់​

 

ចំនួនអ្នកទស្សនា

    20498607

  • ថ្ងៃនេះ6321
  • ម្សិលមិញ12561
  • សប្តាហ៍នេះ34271
  • ខែនេះ56151
  • ឆ្នាំនេះ56151
  • សរុប20498607