មន្ត្រី​កាំកុងត្រូល​ខេត្តកំពត ចុះ​ត្រួត​ពិន​ត្យ​រក​សារធាតុ​ហាមឃាត់ ក្នុង​ស្ករត្នោត និង​គ្រឿង​សមុទ្រ​ស្រស់ ក្នុង​ផ្សារ​សាមគ្គី​

29-January-2016 | ដោយ មួយឡា

​កំពត​៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តកំពត​-​ខេត្ត​កែប សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពត និង​គណៈកម្មការ​ផ្សារ បាន​ចុះ​ត្រួតពិនិត្យ​ផលិតផល​ទំនិញ ដែល​បាន​ចរាចរណ៍​ដាក់តាំង​លក់ នៅលើ​ទីផ្សារ​ខេត្តកំពត ពិសេស គឺ​ស្ករត្នោត និង​មឹក បង្គា​ស្រស់ៗ ដែល​កន្លងមក​ប្រជាពលរដ្ឋ ធ្លាប់មាន​ការព្រួយបារម្ភ​ខ្លាច​មាន​ជាតិគីមី sodiumhydrosulfite (​ម្សៅ​ស​) និង​ហ្វូ​ក​ម៉ា​លីន ដែល​អាច​ប៉ះពាល់​សុខភាព​អ្នក​ទទួលទាន​។ ក្នុងការ​ធ្វើតេស្ត​អស់​រយៈពេល​មួយ​ព្រឹក​ធំ របស់​មន្ត្រី​ជំនាញ ឃើញថា ពុំមាន​វត្តមាន​សារធាតុ​គីមី​ហាមឃាត់ នៅក្នុង​ទំនិញ​ស្ក​ត្នោត ឬ​គ្រឿង​សមុទ្រ ដែល​បាន​ដាក់លក់​នោះទេ​។​

លោក ពា សារី អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្តកំពត បាន​ឲ្យ​ដឹងថា ការស្វែងរក​សារធាតុ​គីមី​ទាំងនេះ គឺ​ដើម្បី​បន្ថែម​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​មាន​ជម្ងឺ​ច្រើន​ប្រភេទ ឬ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នក​បរិភោគ​ផងដែរ​។​

​លោក ពា សារី ក៏បាន​អប់រំ​ណែនាំ​ដល់​អាជីវករ ត្រូវមាន​ការប្រុងប្រយ័ត្ន បើ​មានការ​ទទួល​ពី​អ្នកលក់​បោះ​ដុំ​ចែកចាយ ត្រូវ​ចេះ​សង្កេតមើល​ពី​អត្តសញ្ញាណ​ស្ករ យ៉ាងហោចណាស់​ក៏ត្រូវ​ដឹង​ពី​ប្រភព​ទំនិញ និង​អ្នក​ចែកចាយ​លក់​ឲ្យ​បានច្បាស់លាស់​ដែរ បើ​មិន​ដូច្នោះ​ទេ សមត្ថកិច្ច​រកឃើញ​នាំ​ឲ្យ​ខាតបង់ និង​ប្រឈមមុខ​ចំពោះ​ច្បាប់​ទៀតផង​។​

​ជាមួយ​នោះ​សមត្ថកិច្ច​កាំកុងត្រូល ក៏បាន​ធ្វើការ​ណែនាំ​អប់រំ​ដល់​អាជីវករ​លក់​ប្រហិត សាច់​ប៉ា​តេ​ច្រក​ថង់​ក្លាស្សេ ហាម​មិន​ឲ្យ​ដាក់តាំង​លក់​ក្រៅ​ធុង​ក្លាស្សេ​ទេ ព្រោះ​ធ្វើ​ឲ្យ​ខូច​ពុក​ស្អុយ​បង្ក​គ្រោះថ្នាក់​សុខភាព​ដល់​អ្នក​ហូប​។ សមត្ថកិច្ច ក៏បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​អាជីវករ បើ​នៅ​មិន​អនុវត្តតាម​ការណែនាំ​សមត្ថកិច្ច និង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​៕

 



​ប្រភព​៖ ann.com

ចំនួនអ្នកទស្សនា

    20487547

  • ថ្ងៃនេះ7831
  • ម្សិលមិញ10901
  • សប្តាហ៍នេះ23211
  • ខែនេះ45091
  • ឆ្នាំនេះ45091
  • សរុប20487547