ស្វាយរៀង៖ លោកជំទាវឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ២០១៥ និងទិសដៅ ឆ្នាំ២០១៦ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសណ្ឋាគារវ៉ៃកូ ខេត្តស្វាយរៀង ។
កិច្ចប្រជុំមានការចូលរួមពីឯកឧត្តម ជៀង អំ អភិបាលខេត្តស្វាយរៀង ក្រុមប្រឹក្សាខេត្ត អភិបាលរង កងកម្លាំងទាំង៣ មន្ទីរជុំវិញសាលាខេត្ត លោកអភិបាលក្រុងស្រុក មេឃុំចៅសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលនិងមន្ត្រីដែលពាក់ព័ន្ធជាច្រើននាក់ផងដែរ។
នៅក្នុងកិច្ចប្រជុំនោះ លោកជំទាវ បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបានអនុវត្តកន្លងមក ដូចជាការចុះតាមមូលដ្ឋានផ្ទាល់ និងអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែង អស់ពីសមត្ថភាព អស់កម្លាំងកាយចិត្ត ដើម្បីបម្រើការងារ និងការខិតខំជួយគាំទ្រយ៉ាងសកម្មគ្រប់សកម្មភាព ដោយបានដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ នូវការផ្តល់អគារសិក្សាថ្មី១ខ្នង កម្ពស់ ២ជាន់ ១០បន្ទប់ និងអគារទីចាត់ការថ្មី ១ខ្នង ៣បន្ទប់ ដែលជាអំណោយថ្លៃថ្លា របស់ ឯកឧត្តម ម៉ឹង សំផន និងលោកជំទាវនិង ឯកឧត្តម លោកជំទាវ ក្រុមការងារទាំងអស់ និងបានដោះស្រាយ ផ្លូវក្រាលកៅស៊ូ ជួសជុលផ្លូវ ដោះដូរទីតាំងចាក់សំរាមនៅស្រុកស្វាយទាប និងសាងសង់ទំនប់ក្រាលកៅស៊ូ និងសំណូមពរផ្សេងៗទៀត របស់ប្រជាពលរដ្ឋ ដោយគោរពតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
តាមរយៈកិច្ចប្រជុំនាថ្ងៃនេះ លោកជំទាវ ក៏បានផ្តល់អានុសាសន៍សម្រាប់អនុវត្តនៅឆ្នាំ២០១៦ ៖ បន្តចាត់តាំងការអនុវត្តឲ្យបានល្អនូវកម្មវិធីនយោបាយ ច្បាប់ សរាចរណែនាំ និងសេចក្តីណែនាំសម្រាប់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវពង្រឹងសាមគ្គីភាព និងឯកភាពក្នុងក្រុមការងារ ត្រូវក្តាប់ឲ្យបានច្បាស់លាស់នូវរាល់សំណូមពរ បញ្ហាប្រឈម ការលំបាក និងរិះរកគ្រប់មធ្យោបាយជួយដោះស្រាយ ឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីផ្តល់ភាពកក់ក្តៅ និងការជឿជាក់លើរាជរដ្ឋាភិបាល បន្តផ្សព្វផ្សាយអំពីសមិទ្ធិផល និងស្នាដៃរបស់រាជរដ្ឋាភិបាលត្រូវបង្កើនចំណេះផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា IT និងត្រូវចេះប្រើមធ្យោបាយបណ្តាញសង្គម ដោយសារបច្ចុប្បន្ននេះ ការប្រើប្រាស់ទំនាក់ទំនងតាម Facebook E-mail Line និង Telegram ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង និងទទួលបានព័ត៌មានពីប្រជាពលរដ្ឋទូទៅ៕