កំពង់ចាម៖ឯកឧត្តម មិន ឃិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានិងជាប្រធានក្រុមការងារចុះជួយស្រុកកងមាស បានអញ្ជើញចុះសួរសុខទុក្ខនាំយកអំណោយជូនគ្រួសាររងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះចំនួន ២ គ្រួសារគឺ ១-លោកស្រី ភាង ណៃសិម ជាស្ត្រីមេម៉ាយ ស្ថិតនៅភូមិវ៉ារិន្ទទី៣ ឃុំខ្ចៅ ស្រុកកងមាស និង ២-លោក ណោ ស្រ៊ីមនិងអ្នកស្រី ហុង ស៊ាន ស្ថិតភូមិពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី០៧ខែកុម្ភៈឆ្នាំ២០១៦។
ពិធីសំណេះសំណាលក៏មានការចូលរួមពីលោកអនុសាខាកាកបាទស្រុក លោកអភិបាលស្រុក ក្រុមប្រឹក្សាឃុំ យុវជនឃុំ មេភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល ។
ក្រោយពីបានស្ដាប់របាយការណ៍របស់តំណាងអនុសាខាកាកបាទក្រហមស្រុកនិងអាជ្ញាធរ ពីការអនុវត្តផែនការសកម្មភាពរបស់អ្នកស្ម័គ្រចិត្ត និងកិច្ចប្រឹងប្រែងរបស់អាជ្ញាធរក៏ដូចជាការចូលរួមផ្ដល់សំភារៈ ថវិការបស់សប្បុរសជនទាំងក្នុងក្រៅស្រុកជំរាបជូនដល់គណៈអធិបតីឱកាសនោះឯកឧត្តម មិន ឃិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញមានមតិសាកសួរសំណេះសំណាលប្រកបដោយភាពកក់ក្ដៅ លើសពីនេះទៅទៀតឯកឧត្តម ក៏បានបញ្ជាក់ពីទិសដៅរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន ប្រធានគណបក្ស កម្ពុជា ដែលសម្ដេចតែងតែនឹកគិតនិងដោះស្រាយនូវរាល់ទុក្ខលំបាកជូនដល់ ប្រជាពលរដ្ឋនៅមូលដ្ឋានមិនប្រកាន់និងរើសអើង ឲ្យតែបានទទួលនូវរបាយការណ៍ពីបណ្ដាមូលដ្ឋាន ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់និង សប្បុរសជនដែលបានលះបង់នូវធនធានផ្ទាល់ខ្លួនចូលរួមលើការងារមនុស្សធម៌ ប្រកបដោយទឹកចិត្តស្មោះត្រង់និងតាមយុទ្ធសាស្ត្រកិច្ចអភិវឌ្ឍន៍របស់ រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្លាតវៃ។
បន្ទាប់មកក្រុមការងារក៏បានផ្ដល់សំភារៈនិងថវិកាដល់គ្រួសារដែលត្រូវភ្លើងឆេះ២គ្រួសារគឺ ១-លោកស្រី ភាង ណៃសិម ជាស្ត្រីមេម៉ាយ ស្ថិតនៅភូមិវ៉ារិន្ទទី៣ ឃុំខ្ចៅ ស្រុកកងមាស និង ២-លោក ណោ ស្រ៊ីមនិងអ្នកស្រី ហុង ស៊ាន ស្ថិតភូមិពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ផងដែរ៕