ព្រៃវែង៖ នាព្រឹកថ្ងៃទី០៩ខែកុម្ភៈឆ្នាំ២០១៦ នៅស្នាក់ការបក្សប្រជាជនស្រុកស៊ីធរកណ្ដាលបានរៀបចំពិធីតែងតាំងសមាជិកបក្សខេត្ត និងជាអនុប្រធានបក្សស្រុកទទួលបន្ទុកការងារហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ ប៊ុនឡេង អនុប្រធានប្រចាំការខេត្តព្រៃវែង ។
ពិធីនេះមានការចូលរួមពី ឯកឧត្តម សុខ យាត គណៈកម្មាធិការអចិន្ត្រៃយ៍បក្សខេត្ត ឯកឧត្តមលោកជំទាវជាក្រុមការងារគណៈពង្រឹងស្រុក គណបក្សស្រុក គណបក្សឃុំ និងមន្ត្រីដែលពាក់ព័ន្ធជាច្រើននាក់ផងដែរ។
នាឱកាសនោះឯកឧត្តម អ៊ុំ ប៊ុនឡេងអនុប្រធានប្រចាំការខេត្តព្រៃវែងបានមានមតិសំណេះសំណាលទៅកាន់សមាជិកសមាជិកានិងពាំនាំនូវការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំបក្សគ្រប់លំដាប់ថ្នាក់ពិសេសសម្ដេចតេជានាយករដ្ឋមន្ត្រី សម្ដេចក្រឡាហោម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចវិបុលសេនា ប្រធានព្រឹទ្ធសភា សម្ដេចប្រធានរដ្ឋសភា ដែលសម្ដេចទាំង៤បានប្រឹងប្រែងលើការដឹកនាំអភិវឌ្ឍន៍និងកាត់បន្ថយលើសេវាផ្សេងៗដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋានឲ្យបានល្អប្រសើរ។
ឯកឧត្តមក៏បានមានមតិបន្ថែមថាដោយមើលឃើញពីស្នាដៃរបស់មន្ត្រីនិងសកម្មភាពការងារនិងបំពេញបន្ថែមនូវរចនាសម្ព័ន្ធបក្សខេត្តស្រុកទើបថ្នាក់កណ្ដាលក៏ដូចជាខេត្តបានសម្រេចតែងតាំងមន្ត្រី១រូបគឺសម្រេចតែងតាំងលោកម៉ននី បណ្ឌិត ឋានៈអភិបាលស្រុកស៊ីធរកណ្ដាលជាអនុប្រធានគណៈកម្មាធិការបក្សស្រុកទទួលបន្ទុកការងារហិរញ្ញវត្ថុចាប់ពីពេលនេះតទៅ។
បន្ទាប់លោកម៉ននីបណ្ឌិត អភិបាលស្រុកស៊ីធរកណ្ដាលនិងជាអនុប្រធានគណៈកម្មាធិការបក្សស្រុកទទួលការងារហិរញ្ញវត្ថុបានធ្វើការសម្ដែងនូវក្ដីត្រេកអរនិងបានប្ដេជ្ញាចិត្ត រក្សាសាមគ្គីភាពផ្ទៃក្នុង សហការបំផុសចលនាពង្រឹងគោលនយោបាយបក្ស ខិតខមគៀងគរសមាជិក ក៏ដូចជាដឹកនាំការងារប្រកបដោយស្មោះត្រង់តាមលក្ខន្តិកៈបក្ស ដើម្បីឈានបាននូវប្រជាប្រីយភាពនិងការអភិវឌ្ឍទទួលបានជោគជ័យនាពេលបោះឆ្នោត២០១៧និង២០១៨ តាមនយោបាយរបស់ថ្នាក់ដឹកនាំកំពូល។ក្រោយមកឯកឧត្តម អ៊ុំ ប៊ុនឡេងអនុប្រធានថ្នាក់កណ្ដាលប្រចាំការខេត្តព្រៃវែងបានធ្វើការថ្លែងអំណរគុណយ៉ាងជ្រៅចំពោះសមាជិកសមាជិកាដែលបានចូលរួមនាឱកាសនេះប្រកបដោយភាពរីករាយបំផុត៕