ក្រុមការងារ ចុះ​ពង្រឹង​មូលដ្ឋាន​ឃុំ​ព្រែក​ចង្ក្រាន​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ ជាមួយ​កុមារា​ក្រីក្រ​កំព្រា​ទាំងពីរ​

14-February-2016 | ដោយ មែន កំសត់


​ព្រៃវែង​៖​បន្ទាប់ពី​ទទួលបាន​ការរាយការណ៍​របស់​អាជ្ញាធរ​ភូមិ ឃុំ អំពី​ស្ថានភាព ជីវិត​រស់នៅ​ដ៏​លំបាក​របស់​កុមារា សាន ប៊ី អាយុ ៩​ឆ្នាំ និង កុមារា សាន ប​យ អាយុ​៦​ឆ្នាំ រស់នៅ​ភូមិ​បា​ប្រិ​យ ឃុំ​ព្រែក​ចង្ក្រាន ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង​។
​គួរ​រំលឹក​អំពី​ឆាកជីវិត​ដ៏​កំសត់​របស់​កុមារ​ទាំងពីរ​៖ ឪពុក​ឈ្មោះ សាន ប៊​ន និង ម្តាយ​ឈ្មោះ គឹម​ស៊ា​ង ដែល​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​បាន​លែងលះគ្នា តាំងពី​កុមារ សាន ប​យ នៅក្នុង​ពោះ​ម្ល៉េះ​។ ក្រោយមក​ស្ត្រី​ជា​ម្តាយ បាន​យកប្តី​ថ្មី​ទៀត ជា​អ្នករស់នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល មានកូន​ម្នាក់ទៀត​!!
​បច្ចុប្បន្ន កុមារា​ទាំងពីរ កំពុង​រស់នៅក្នុង​ស្ថានភាព​លំបាក លំបិន គ្មាន​អ្នកគ្រប់គ្រង​តែ​២​នាក់​បងប្អូន លើផ្ទះ​ចាស់​របស់​ម្តាយមីង ដែល​ទៅរក​ស៊ី​នៅ​ប្រទេស​ថៃ​។ ដោយ​មើលឃើញ​ស្ថានភាព​បែបនេះ លោកគ្រូ​បង្រៀន​ចូលនិវត្តន៍​ម្នាក ជា​អ្នកជិតខាង​បាន​ជួយ​មើល​ខុសត្រូវ ក្នុងន័យ​មនុស្សធម៌​។​

​ទើប​នៅ​រសៀល ថ្ងៃទី ១៣​ខែ កុម្ភៈ​ឆ្នាំ ២០១៦- ក្រុមការងារ​គណបក្ស​ប្រជាជន​ចុះ​ពង្រឹង​មូលដ្ឋាន​ឃុំ​ព្រែក​ចង្ក្រាន ឃុំ​ល្វេ ដឹកនាំ​ដោយ នាយ​ឧ​ត្ត​ម​សេនីយ៍ កង សុខន អគ្គ​ស្នងការរង​នគរបាលជាតិ និង អមដំណើរ​ដោយ ឯកឧត្តម ប៉ុល រតនា ប្រធាន​ក្រុមការងារ ឯកឧត្តម នឹម ច័ន្ទ​តា​ណា អនុប្រធាន​ទី​១ លោក ម៉ន​នី បណ្ឌិត អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស៊ីធរ​កណ្ដាល និង សហការី បាន​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ ជាមួយ​កុមារា​ទាំងពីរ និង អ្នកមើលការខុសត្រូវ​/​អា​ព្យាបាល​បណ្ដោះអាសន្ន នៅ​ភូមិ​ឃុំ​ខាងលើ​។​
​នាឱកាស​នោះ​នាយ​ឧ​ត្ត​ម​សេនីយ៍ កង សុខន អគ្គ​ស្នងការរង​នគរបាលជាតិ បាន​នាំយក​ថវិកា​ផ្ទាល់ខ្លួន ចំនួន ៥០០,០០០​រៀល ជូន​ដល់​អាណាព្យាបាល និង ដល់​កុមារា​ទាំងពីរ ម្នាក់ ២០​ដុល្លា ដើម្បី​ទុក​គ្រាន់​សម្រួល​ជីវភាព​រស់​ប្រចាំថ្ងៃ​មួយរយៈ​។​
​ហើយ​លោក ម៉ន​នី បណ្ឌិត អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស៊ីធរ​កណ្ដាល ក៏បាន​នាំយក អង្ករ ២០ Kg មី​១​កេស និង​សំភារៈ​សម្រាប់​ប្រើប្រាស់​មួយចំនួន​ដូចជា​ចង្ក្រាន​ហ្កា​ស ចានដែក ឆ្នាំងបាយ សម្លរ​....​សម្រាប់​ប្រើប្រាស់​ផងដែរ​!​។​
​ជាងនេះទៅទៀត ក្រុមការងារ​បានធ្វើកា​រ​ផ្តែផ្តាំ ដល់​អាណាព្យាបាល​បណ្ដោះអាសន្ន ឱ្យជួយ​យកចិត្តទុកដាក់​ចំពោះ​ក្មេង​ទាំងពីរ ធ្វើយ៉ាងណា​អោយ​ពួកគេ​បាន​រៀនសូត្រ ហូបចុក​គ្រប់​គ្រាន់បើ​មានការ​ខ្វះខាត​ដោយ​ប្រការ​ណាមួយ សូម​រាយការណ៍​ទៅ​អាជ្ញាធរ និង ក្រុមការងារ ជាបន្ទាន់ ហើយ​បានធ្វើ​ការណែនាំ​ដល់ កុមារា​ទាំងពីរ​ផ្ទាល់​ឱ្យខិត​ខំរៀន​សូត្រ ដើរ​តាមផ្លូវ​ល្អ ចៀសវាង​ធ្វើអំពើ​អាក្រក់​ទាំងពួង​នាំឱ្យ​ប៉ះពាល់​ដល់​សង្គម និង អនាគត​ខ្លួនឯង​!!៕

ចំនួនអ្នកទស្សនា

    20486977

  • ថ្ងៃនេះ7261
  • ម្សិលមិញ10901
  • សប្តាហ៍នេះ22641
  • ខែនេះ44521
  • ឆ្នាំនេះ44521
  • សរុប20486977