ព្រៃវែង ៖ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្រុកកញ្ជ្រៀច ជិត៥០០នាក់ ទទួលបានការផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩ អាណត្តិទី៥ ដែលពិធីនេះធ្វើឡើង នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកញ្ជ្រាច ខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម នេត សាវឿន សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច។
ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អស់លោក ដែលជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ប្រធាន អនុប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយឃុំ ភូមិ សមាជិក សមាជិកាគណៈកម្មាធិការបក្សស្រុក ឃុំ យុវជនគណបក្សប្រជាជនស្រុក ឃុំ និងសមាជិក សមាជិកាគណបក្សប្រជាជន ស្រុក សរុបជិត៥០០នាក់។ អង្គពិធីបានធ្វើការផ្សព្វផ្សាយនូវខ្លឹមសារសំខាន់ៗ៣៖ ១.ខ្លឹមសារជំនួយស្មារតី ក្នុងពេលសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៣៩, ២.ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ និង៣.ផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៣៩។
ឯកឧត្តម នេត សាវឿន សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច បានមានប្រសាសន៍គូសបញ្ជាក់ថា នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩ អាណត្តិទី៥ រយៈពេល ២ថ្ងៃ កាលពីថ្ងៃទី៩-១០ ខែមករា ឆ្នាំ២០១៦ កន្លងទៅ អង្គសន្និបាត បានពិនិត្យវាយតម្លៃសេចក្តីសម្រេចសន្និបាតលើកទី៣៨ និងគាំទ្រនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់ រាជរដ្ឋាភិបាល ដែលសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន ក្រោមការដឹកនាំ ដ៏ប៉ិនប្រសប់ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “មានសម្តេច មានគណៈបក្សប្រជាជន ទើបមានការអភិវឌ្ឍន៍គ្រប់វិស័យ”។
ឯកឧត្តម បន្តថា អង្គសន្និបាតក៏បានពិនិត្យវាយតម្លៃអំពីចំណុចខ្លាំង ចំណុចខ្សោយ និងបានដាក់ទិសដៅដើម្បីឆ្ពោះទៅការបោះឆ្នោតឆ្នាំ២០១៧-២០១៨ ទទួលបានជោគជ័យបន្តទៀត។ ឯកឧត្តម នេត សាវឿន មានប្រសាសន៍ទៀតថា ដើម្បីលើកស្ទួយសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន បានលុបចោលការធ្វើប័ណ្ណបើកបរម៉ូតូក្រោម ១២៥សេសេ លុបចោលការយកលុយពីប្រជាពលរដ្ឋឆ្លងកាត់ផ្លូវជាតិលេខ៤ និងផ្លូវវេងស្រេង បន្ថយថ្លៃសេវាធ្វើប័ណ្ណបើកបរ ស្លាកលេខ ឆៀក និងប័ណ្ណអាជីវកម្ម ពី៤០ទៅ៥០ភាគរយ ព្យួរការបង់ពន្ធផ្ទេរសិទ្ធដីធ្លីឲ្យកូនចៅប្រពន្ធប្តី និងបញ្ចុះថ្លៃអគ្គិសនី។
ជាមួយគ្នានោះ ឯកឧត្តម ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នា ថ្វីត្បិតតែករណីគ្រោះថ្នាក់មានការថយចុះ ប៉ុន្តែអត្រាមនុស្សស្លាប់មានការកើនឡើងគួរឲ្យព្រួយបារម្ភ។ ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានដាក់ទិសដៅមួយចំនួន ឲ្យគណបក្សស្រុកយកទៅអនុវត្តន៍ដូចជា៖ ជម្រុញការកសាងសមាជិកបក្ស កម្លាំងនយោបាយ គាំទ្របក្ស, ជម្រុញការអនុវត្តន៍គោលនយោបាលភូមិ ឃុំ មានសុវត្ថិភាព និងវេទិកាសាធារណៈ, ធ្វើបច្ចុប្បន្នភាពសមាជិកបក្សឡើងវិញ, ពង្រឹងក្បាលម៉ាស៊ីនដឹកនាំបក្សនៅមូលដ្ឋាន, ជម្រុញចលនា និងចិញ្ចឹមចលនាមូលដ្ឋាន, ជួយសម្រួល និងឧបត្ថម្ភដល់ប្រជាពលរដ្ឋជួបការលំបាក, ឃុំនីមួយៗត្រូវកសាងផែនការឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០១៧, ក្តាប់ឲ្យបានពីសកម្មភាពរបស់បក្សប្រឆាំង ដើម្បីវាយបកឲ្យទាន់ពេលវេលា។
ឯកឧត្តម បានសង្កត់ធ្ងន់ថា ដើម្បីឲ្យទទួលបានការគាំទ្រ និងទុកចិត្តពីប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុក ត្រូវតែធ្វើអំពើល្អ និងលុបបំបាត់ភាពអសកម្ម។ ក្នុងឱកាសនោះដែរ ឯកឧត្តម នេត សាវឿន ក៏បានឧបត្ថម្ភថវិកាដល់គណបក្សស្រុកកញ្ជ្រៀច ចំនួន ៥០ម៉ឺនរៀល, គណបក្សឃុំទាំង៨ ក្នុង១ឃុំ ៣០ម៉ឺនរៀល និងសមាជិក សមាជិកាបក្សស្រុក ៤៥៥នាក់ ក្នុងម្នាក់ ២ម៉ឺនរៀលផងដែរ ៕