កណ្ដាល ៖ កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៦ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានមូលនិធិបាយ័ន និងប្រតិភូម្ចាស់អំណោយផ្ទះគឺ លោកជំទាវ លឹម ឈីវហូរ បានមកប្រគល់ផ្ទះទេវតាចំនួន០៤ ខ្នងជូនទុរគតជន ជនចាស់ជរាគ្មានទីពឹងដែលរស់នៅក្នុងទឹកដីនៃខេត្តកណ្ដាល ។
ផ្ទះទេវតា ដែលប្រគល់ជូន ជនចាស់ជរាគ្មានទីពឹងនាពេលនេះ គឺជាផ្ទះ លេខ១៥០ ដល់១៥៣ ដែល២ខ្នងប្រគល់ជូននៅក្នុងឃុំគោកទ្រព្យ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និង ២ខ្នងទៀតប្រគល់ជូននៅក្នុង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ដែលក្នុងនោះរួមមាន ៖
១ . ផ្ទះ លេខ ១៥២ ប្រគល់ជូនលោកតា ជួន ជុំ អាយុ៨៧ឆ្នាំ គ្មានទីពឹង រស់នៅភូមិស្វាយកើត ឃុំគោកទ្រព្យ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។
២ . ផ្ទះ លេខ១៥៣ ប្រគល់ជូនលោកតា ព្រាប ខេន អាយុ៨៥ឆ្នាំ និងលោកយាយខៀវ រាំ រស់នៅភូមិស្វាយកើត ឃុំគោកទ្រព្យ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។
៣ . ផ្ទះលេខ១៥០ ប្រគល់ជូនលោកយាយ ជុំ សារឿន អាយុ៧៩ឆ្នាំ រស់នៅភូមិកូនជ្រៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
៤ . ផ្ទះលេខ១៥១ ប្រគល់ជូនលោកយាយ អ៊ំ យិន អាយុ៧៨ឆ្នាំ រស់នៅភូមិព្រែកគ្រូស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
អំណោយផ្ទះទាំង០៤ ខ្នងនេះបានមកពីសប្បុរសជន លោកជំទាវឧកញ៉ា លឹម ឈីវហូ ប្រជាពលរដ្ឋដែលទទួលបានអំណោយ ដ៏សប្បុរសធម៌នេះ ពួកគាត់ភាគច្រើនគឺជាទុរគតជន និងជនចាស់ជរាគ្មានទីពឹង ដោយរស់នៅដោយមិនមានកូនចៅ រឺ អ្នកពឹងពាក់នោះទេនិងមានគ្រួសារខ្លះទៀតត្រូវកូនចៅបោះបង់ចោលជា ដើម ។ នៅក្នុងជំនួបជាមួយលោកយាយ លោកតាដែលទទួលបានអំណោយផ្ទះនាពេលនេះ លោកជំទាវ ហ៊ុន ម៉ាណា និង លោកជំទាវ លឹម ឈីវហូរ បានមានអារម្មណ៍រីករាយ និងរំភើបចំពោះ លោកយាយលោកតា ដែលទទួលបានអំណោយផ្ទះនាពេលនេះ។
លោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍ថា មូលនិធិបាយ័ននៅតែបន្តសកម្មភាពមនុស្សធម៌នេះជាបន្តទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលជួបការលំបាកក្នុងជីវភាព ជាពិសេសទុរគតជន ជនចាស់ជរាគ្មានទីពឹងនេះឯង ។ លោក ជំទាវ ថា ការងារមនុស្សនេះ មិនបំរើអោយគណៈបក្សនយោបាយឡើយ គឺជួយគ្រប់ប្រជាពលរដ្ឋ ទូទាំងប្រទេស ដែលជួបការលំបាកក្នុងជីវភាព។
នៅក្នុងពិធីប្រគល់ផ្ទះនេះផង ដែរ លោកយាយ លោកតា មិនត្រឹមតែទទួលបានផ្ទះប៉ុណ្ណោះនោះទេ ថែមទាំងមាននូវអំណោយ មួយចំនួនពីសម្ដេច តេជោ និងសម្ដេចកិតិ្តព្រឹទ្ឋបណ្ឌិត ដែលរួមមានជាសំភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគបរិភោគ និងថវិកា ៥០ម៉ឺន រៀល និងថវិការបស់សប្បុរសជនមួយចំនួនទៀត សរុបមួយផ្ទះៗទទួលបានថវិកា១លាន ២សែន រៀល ។
សូមជំរាបថា ចាប់តាំងពីកម្មវិធីផ្ទះទេវតា នេះបង្កើតឡើងមក គឺបានសាងសង់ផ្ទះទេវតានេះ ចំនួនជាង១០០ ខ្នងផ្ទះហើយជូនដល់ទុរគតជន និងជនចាស់ជរាគ្មានទីពឹង នៅតាមបណ្ដាខេត្តផ្សេងៗ និងបានកំពុងស្វែងរក និងសាងសង់ជាបន្តបន្ទាប់ទៀត ។
នាឱកាសនោះផងដែរ ក្រុមការងារមូលនិធិបាយ័ន ដែលដឹងនាំដោយ លោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូអ្នក គ្រូនិងសិស្សានុសិស្សនៃសាលា បឋមសិក្សា ព្រែគ្រួស ស្ថិតនៅក្នុងឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ព្រមទាំងបាន ចែកជូន នូវទឹកដោះគោ ដល់ក្មេងៗសិស្សសាលា នេះ ក្នុងបរិយាកាសរីករាយក្រៃលែង ៕