ព្រៃវែង៖ដោយពិនិត្យឃើញសកម្មភាពរបស់ថ្នាក់ដឹកនាំគណបក្សមូលដ្ឋាន ឃុំស្រុក ស៊ីធរកណ្ដាល ខេត្តព្រៃវែង ក្រោមការដឹកនាំរបស់លោកម៉ននី បណ្ឌិត អនុប្រធានបក្សស្រុកនិងជាអភិបាលស្រុកនិងលោកប្រធានក្រុមប្រឹក្សាស្រុក បានសហការជាមួយអាជ្ញាធរ សមត្ថកិច្ចដែលពាក់ព័ន្ធផ្សេងៗទៀត លើការចុះសកម្មភាពជួយរំលែកមរណទុក្ខដល់ជនក្រីក្រទីទ័លក្រក្នុងដែនដីស្រុកស៊ីធរកណ្ដាល។ ទើបនៅព្រឹកថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១៦ ឯកឧត្តម បណ្ឌិតសាស្ត្រាចារ្យ អេង ហួតរដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានក្រុមការងារចុះជួយស្រុកស៊ីធរកណ្ដាលបាននាំយកថវិកាមូលនិធិសម្ដេច ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជូនដល់គណកម្មាធិការបក្សមូលដ្ឋានឃុំទាំង៨ឃុំ ពិធីនេះរៀបចំនៅស្នាក់ការបក្សស្រុក។
កិច្ចប្រជុំនោះដែរមានការចូលរួមពីលោកប្រធានគណបក្សស្រុកលោក ម៉ននី បណ្ឌិត អភិបាលស្រុក លោក ប្រធានក្រុមប្រឹក្សាស្រុក ប្រធានគណបក្សឃុំទាំង៨ឃុំផងដែរ។
នាឱកាសនោះដែរឯកឧត្តម បណ្ឌិតសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានក្រុមការងារចុះជួយស្រុកស៊ីធរកណ្ដាលបានមានមតិសំណេះសំណាលទៅកាន់សមាជិកសមាជិកានិងបានពាំនាំការសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនិងសម្ដេចក្រឡាហោម សខេង ប្រធានក្រុមការងារខេត្តព្រៃវែងទៅកាន់សមាជិក សមាជិកា បក្សដែលបានចូលរួមប្រជុំនាថ្ងៃនេះផងដែរ ឯកឧត្តមក៏បានស្នើដល់សមាជិកស្រុកឃុំ បន្តលើការយកចិត្តទុក្ខដាក់ដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋទោះបីថវិកាវាតិចតួចក៏ដោយប្រសើរជាងយើងមិនបានយកចិត្តទុកដាក់និងជួយពួកគាត់។
បន្ទាប់មកលោក ម៉ននី បណ្ឌិត អនុប្រធានបក្សស្រុកនិងជាអភិបាលស្រុកបានមានមតិជម្រាបជូនទៅកាន់អង្គប្រជុំ ដែរថា៖ សកម្មភាពការងារចុះមូលដ្ឋានកន្លងមកលោកបានសហការជាមួយសមត្ថកិច្ចអាជ្ញាធរឃុំឲ្យតែទទួលបានព័ត៌មានទោះលំបាកយ៉ាងណាក៏លោកមិនដែររាថយដើម្បីប្រជាពលរដ្ឋហើយក្នុងការចុះប្រគល់គឺស្រុកបានរាយប្រមូលរួមគ្នាពិសប្បុរសជននូវថវិកាបន្ថែមពីលើថវិកាមូលនិធិសម្ដេចស ខេង យកទៅប្រគល់ទៅដល់ ផ្ទះសពដែលក្រីក្រនិងខ្វះខាតដោយមិនរើសអើង លោកអភិបាលក៏បានបន្តទៀតដែរក្នុងពេលចុះសកម្មភាពនោះលោកនិងក្រុមការងារបានផ្សព្វផ្សាយពង្រឹងគោលជំហរដល់សតិអារម្មណ៍ ឲ្យគាត់មានជំនឿលើការដឹកនាំរបស់បក្សយើងកុំឲ្យចាញ់បោកការញុះញង់ពីបក្សប្រឆាំង ដែលតែងតែបោកប្រាស់មិនបានជួយអ្វីបន្តិចសោះ សូម្បីតែមកចូលរួមបុណ្យសពក៏គ្មានដែរ ជុំវិញសកម្មភាពនេះមានការថ្លែងអំណរគុណនិងកោតសរសើរពីប្រជាពលរដ្ឋ។
លោកក៏បានបញ្ជាក់បន្ថែមទៀតដែរថា៖ស្រុកស៊ីធរកណ្ដាលមានឃុំសរុប១១ តែសម្រាប់៣ឃុំទៀតគឺឃុំ ល្វេ ឃុំ ព្នៅ២ និងព្រែកចង្ក្រាន ទទួលបន្ទុកឧបត្ថម្ភដោយក្រុមការងារ ឯកឧត្តម ឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរងនគរបាលជាតិ និង អភិបាលស្រុក។
ក្រោយមកឯកឧត្តម បណ្ឌិតសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានក្រុមការងារចុះជួយស្រុកស៊ីធរកណ្ដាលបានប្រគល់ថវិកាមូលនិធិសម្ដេច ស ខេង ដល់គណបក្សឃុំទាំង៨នូវថវិកាសរុបប្រមាណជាង៣០លានរៀល សម្រាប់ដំណើរការចូលរួមដោះស្រាយរំលែកមរណទុក្ខដល់ប្រជាពលរដ្ឋក្រីក្រទៀតផង៕