ព្រៃវែង៖ នារសៀលថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៦ នៅស្នាក់ការបក្សប្រជាជនកម្ពុជា ខេត្ត ព្រៃវែង បានរៀបចំពិធី ប្រកាសសេចក្តីសម្រេចកែសម្រួលសមាសភាព ក្រុមការងារយុវជន គណបក្សស្រុកកំចាយមារ ក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណ:កម្មាធិការបក្សខេត្តព្រៃវែង។
កិច្ចសំណេះសំណាលនេះមានវត្តមានចូលរួម ពីឯកឧត្តម ងិន បាណាល់ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្តមួយចំនួនលោក លោក ស្រីជា ក្រុមការងារថ្នាក់គណៈពង្រឹងស្រុក គណៈកម្មាធិការ បក្ស ស្រុកឃុំ ប្រធានសាខាបក្ស អនុប្រធានសាខាបក្សភូមិ និងប្រធានក្រុមបក្ស យុវជនបក្សជាច្រើននាក់ផងដែរ។
ក្រោយពីស្ដាប់របាយការណ៍របស់បណ្ដា បក្សស្រុក ឃុំ និង សកម្មជនយុវជន ដែលបានលើកឡើង នូវបទពិសោធន៍ និងបញ្ហាប្រឈមមួយចំនួន ដែលកើតមាន និងជាតម្រូវការចាំបាច់នៅមូលដ្ឋានចំពោះមុខដែលយើងត្រូវរួមគ្នា ដោះស្រាយ នៅក្នុងឱកាសនោះឯកឧត្តម ស្បោង សារ៉ាត ប្រធានគណ:កម្មាធិការបក្សខេត្តព្រៃវែង បានមានមតិ សំណេះសំណាល និងបានពាំនាំ នូវការសាកសួរសុខទុក្ខពីសំណាក់ក្រុមការងារ បក្ស គ្រប់លំដាប់ថ្នាក់ ទៅកាន់បងប្អូន ដែលជា ប្រធាន បក្សឃុំ យុវជន សាខាភូមិ និងប្រធានក្រុម ហើយឯកឧត្តម បានបានធ្វើការសំណូមពរដល់បណ្ដា សមាជិកក្រុមបក្សគ្រប់ជាន់ថ្នាក់ ក្នុងនាមយើងជាមន្ត្រីត្រូវ បម្រើ ការងារសេវាជូនប្រជាពលរដ្ឋ ត្រូវតែមិនភ្លេច អំពីតួនាទី ភារកិច្ច របស់ក្រុមបក្ស ដែលត្រូវពង្រឹង និងត្រៀមខ្លួនមុនជាស្រេចនៅមុន ថ្ងៃបោះឆ្នោតមកដល់ ដើម្បីបង្ហាញអោយឃើញអំពី សាមគ្គីភាព ជំនឿ និងសង្ឃឹមយ៉ាងមុតមាំ មកលើអាជ្ញាធរ និងបក្ស ដែលជ្រកក្រោមម្លប់នៃដំបូលតែមួយ គឺ« គណបក្សប្រជាជនកម្ពុជា» តាមនយោបាយដឹកនាំប្រកបដោយ គតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំ ដែលសម្ដេចខិតខំដោះស្រាយ និងកែតម្រូវនូវ សកម្មភាព អសកម្មភាពរបស់មន្ត្រី នៅតាមក្រសួង ដើម្បីកិច្ចអភិវឌ្ឍន៍ និងកែប្រែប្រព័ន្ធរដ្ឋបាលនៅថ្នាក់ក្រោមជាតិឲ្យបានស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។
បន្ទាប់មក ឯកឧត្តមប្រធានក្រុមការងារ និងបានអានសេចក្ដីសម្រេច ប្រកាសទទួលស្គាល់ រចនាសម្ព័ន្ធ ក្រុម យុវជន បក្ស សមាជិក ក្រុមបក្សនៅតាមសាខាភូមិ ក្នុងស្រុកកំចាយមារ ចាប់ពីពេលនេះតទៅ និង បានថ្លែងនូវអំណរគុណចំពោះវត្តមាន បក្សគ្រប់លំដាប់ថ្នាក់ដែលបានចូលរួម ក្នុងកិច្ចប្រជុំនេះប្រកបដោយភាពស្និទ្ធស្នាល ៕