លោកស្រី ទេព កូ​លាប នាំ​អំណោយ​ចែកជូន​ដល់​ស្ត្រី​ជាប់ឃុំ នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២

08-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖  លោកស្រី ទេព កូ​លាប សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ ភ្នំពេញ​អន្តរជាតិ (PPIU) និង​ជា​ប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ប្រចាំ​សាកល​វិ​ទ្យ​ល័យ​នេះ​ផ្ទាល់ បាន​ពាំនាំ​អំណោយ​ជាច្រើន ទៅ​ចែកជូន​ដល់​ស្ត្រី ដែល​កំពុង​ជាប់ឃុំ នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២(​គុក​ព្រៃ​ស​) ប្រមាណ​៥៥០​នាក់ ក្នុងឱកាស​ទិវា សិទ្ធិនារី​អន្តរជាតិ​៨​មីនា ខួប​លើក​ទី​១០៥ ឆ្នាំ​២០១៦​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ការលំបាក របស់​បងប្អូន​ស្ត្រី ដែល​កំពុង​ជាប់ឃុំ និង​ជាការ​បង្ហាញ​ពី​ទឹកចិត្ត​ស្រឡាញ់ ផ្ដល់​កម្លាំងចិត្ត បង្កើន​ភាពស្និទ្ធស្នាល និង​ជាការ​គិតគូ​ពី​សុខទុក្ខ​ដល់​ពួកគេ ដែលជា​រៀងរាល់ឆ្នាំ លោកស្រី ទេព កូ​លាប តែងតែ​ជួប​សំណេះសំណាល ជាមួយ​ស្ត្រី​ជាប់ឃុំ​ទាំងនោះ​ជា​ហូរហែ ។​
​ក្នុងឱកាស​ពាំនាំ​អំណោយ ចែកជូន​ដល់​ស្ត្រី​ជាប់ឃុំ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​មិនា ឆ្នាំ​២០១៦​នេះ ក៏មាន​ការអញ្ជើញ ចូលរួម​ពី​សំណាក់​លោក គឹម សារិន អគ្គនាយក​ស្ដីទី នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ លោក​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​២ មន្ត្រី​ពន្ធនាគារ ព្រមទាំង​ស្ត្រី​ជាប់ឃុំ​ឃាំង ប្រមាណ​ជាង​៥០០​នាក់ ។​

លោក គឹម សារិន អគ្គនាយក​ស្ដីទី នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា មណ្ឌល​អប់រំ​កែប្រែ​ទី​២ ជា​មណ្ឌល​កែប្រែ​ដែល​គ្រប់គ្រង ដោយផ្ទាល់​ពី​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ និង​គ្រប់គ្រង​ជន​ជាប់ឃុំ ជា​២​ប្រភេទ មានដូចជា ជន​ជាប់ឃុំ​ជា​អ​និតិ​ជន និង​ជន​ជាប់ឃុំ​ជា​ស្ត្រី ដោយមាន​អាគារ​ឃុំឃាំង ទាំងអស់​ចំនួន​៣​អាគារ ស្មើនឹង​១៥​បន្ទប់ ហើយ​បច្ចុប្បន្ន​ជន​ជាប់​ឃុំឃាំង ទាំងអស់​មាន​ចំនួន ៨២០​នាក់ ស្រី​៥៥០ នាក់ ប្រុស​២៧០​នាក់ ក្នុងនោះ ស្ត្រី​មាន​ផ្ទៃពោះ ៩​នាក់ និង​កូន​តាម​ម្ដាយ ៧​នាក់​។​

​លោក​បន្តថា អ្នក​ជាប់ឃុំ​ទាំងអស់ សុទ្ធតែ​ទទួលបាន​នូវ​ជំនាញ ផ្សេងៗ​គ្នា ដោយ​ការងារ​អប់រំ​កែប្រែ និង​ការបណ្ដុះបណ្ដាល​វិជ្ជា​ជិ​វៈ មាន​ជាច្រើន​ថ្នាក់ និង​បាន​បញ្ចេញ​ទណ្ឌិត​ជា​ស្ត្រី​ធ្វើ​ការងារ​សិប្បកម្ម ដេរ​កំទេច​ក្រណាត់ ដាំ​ដំណាំ សំអាងការ សំណង់ ចិញ្ចឹម​ត្រី និង​ការងារ​កសិកម្ម ជាច្រើន​ទៀត​។ ក្នុងនាម​លោក​ជា​អគ្គនាយក​ពន្ធនាគារ លោក​សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោកស្រី ទេព កូ​លាប សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ ភ្នំពេញ​អន្តរជាតិ និង​សហការី​ទាំងអស់ ដែល​បាន​អញ្ជើញ​មក​សំណេះសំណាល និង​ចែក​អំណោយ ក្នុងឱកាស​ទិវា​សិទ្ធិនារី​អន្តរជាតិ ដោយ​ពុំមាន​ការរើសអើង អ្វី​ទាំងអស់ ។​

​ក្នុងឱកាស​នោះ លោកស្រី ទេព កូ​លាប សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ ភ្នំពេញ​អន្តរជាតិ ក៏បាន​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​ផ្ដល់​កម្លាំងចិត្ត​ដល់​ស្ត្រី​ជាប់ឃុំ​ទាំងអស់ ឲ្យ​ចេះ​តស៊ូ ក្នុង​ជីវិត កុំ​អស់សង្ឃឹម ត្រូវ​ចេះ​តស៊ូ​រៀន​ជំនាញ ចេះ​ស្រឡាញ់​ខ្លួនឯង និង​អ្នក​នៅ​ជុំវិញខ្លួន ផ្ដល់​អំពើ​ល្អ​ឲ្យ​ខ្លួនឯង និង​អ្នកដទៃ ហើយ​សង្ឃឹមថា ពេល​បាន​រួច​ទោស​ចេញទៅ​វិញ នឹង​នាំគ្នា​សាង​តែ​អំពើ​ល្អ ចេះ​កែប្រែ​កំហុស​របស់ខ្លួន ក្លាយជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គមជាតិ​។​
​លោកស្រី​សាកលវិទ្យាធិការ​រូបនេះ បាន​សង្កត់ធ្ងន់ថា​៖ លោកស្រី​នឹង​សង្ឃឹមថា បងប្អូន​ស្ត្រី​ទាំងអស់ ដែល​កំពុង​ជាប់ឃុំ នៅទីនេះ​នឹងមាន​សុខភាព​ល្អ បាន​រួច​ទោស​មាន​សេរីភាព ក្នុងពេល​ឆាប់ៗ​នេះ ។ ក្នុង​ពេលនេះ ទោះបីជា​អំណោយ​មាន លក្ខណៈ​តិចតួច​ក្ដី តែ​ក៏​ជាការ​បង្ហាញ​ឲ្យ​ឃើញ ពី​ការយកចិត្តទុកដាក់ ផ្ដល់នូវ​ក្ដី​អាណិត​ស្រឡាញ់ នៅក្នុង​ថ្ងៃជា​ពិសេស​នេះ ។តម្លៃ និង​គុណធម៌​របស់​មនុស្ស​យើង​ជា​ស្ត្រី ត្រូវ​ចេះ​ឲ្យ​តម្លៃ​ខ្លួនឯង មិនចាំបាច់​បុរស​ជា​អ្នក​ឲ្យ​តម្លៃ​យើង​នោះទេ ។

លោកស្រី​ចង់​ឲ្យ​ស្ត្រី​ជាប់ឃុំ​ទាំងអស់ ត្រូវ​ចេះ​ឲ្យ​តម្លៃ​ខ្លួនឯង ធ្វើ​អ្វី​ជា​អំពើ​ល្អ បើ​យើង​ចង់បាន​អំពើ​ល្អ លុះត្រាតែ​យើង​ធ្វើអំពើ​ល្អជា​មួយ​អ្នកដទៃ ទើប​អំពើ​ល្អ​នោះ ត្រឡប់មក​យើង​វិញ ។​
​សូមបញ្ជាក់ថា អំណោយ​ដែល​បាន​ចែ​ជូន​ដល់​ស្ត្រី​ជាប់ឃុំ ប្រមាណ​៥៥០ នាក់ ក្នុងឱកាស​នោះ មានដូចជា ទឹកត្រី ទឹកស៊ីអ៊ីវ មី ទឹកដោះគោ សំឡី​អនាម័យ និង​ថវិកា មួយចំនួនទៀត ៕

ចំនួនអ្នកទស្សនា

    20484007

  • ថ្ងៃនេះ4291
  • ម្សិលមិញ10901
  • សប្តាហ៍នេះ19671
  • ខែនេះ41551
  • ឆ្នាំនេះ41551
  • សរុប20484007