ភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី ២៦ ខែមិនា ឆ្នាំ២០១៦ នៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅបានរៀបចំពិធីសំណេះសំណាល និងធ្វើការវាស់ ខោអាវជូនដល់មន្រ្តី នគរបាល និងក្រុមប្រជាការពារ ភូមិ សង្កាត់ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ពិធីនេះមានការអញ្ជើញចូលរួមពី សមាជិកគណៈកម្មាធិការបក្ស ខណ្ឌ សង្កាត់ សាខាបក្សភូមិ ប្រជាការពារ ភូមិ សង្កាត់ នគរបាលប៉ុស្តិ៍និងប្រជាពលរដ្ឋមួយចំនួនផងទៀតដែរ ស្ថិតក្រោម អធិបតីភាព លោក ជំទាវ សុភ័គ្គ ថាវី ក្រុមការងារចុះជួយ សង្កាត់ព្រែកថ្មី ។
បន្ទាប់ពីស្ដាប់នូវរបាយការណ៍ដែលបាន លើកឡើងរបស់ក្រុមការងារបក្សគ្រប់ចំណុះអង្គភាពនិងវិវឌ្ឍនភាពនៃការដឹកនាំរបស់បក្សនៅក្នុងការគ្រប់គ្រង និងការពង្រឹងគោលជំហរស្មារតី ការចូលរួមសកម្មភាពនៅតាមក្រុម និងសាខា ជម្រាបជូនដល់លោកជំទាវគណៈអធិបតីរួចមក មានមតិទៅកាន់សមាជិសមាជិកានាឱកាសនោះ លោក ជំទាវ សុភ័គ្គ ថាវី ក្រុមការងារចុះជួយសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានសម្ដែងនូវគារវកិច្ចយ៉ាងកក់ក្ដៅចំពោះ សមាជិកបក្សដែលបានចូលរួមប្រកបដោយភាពរីករាយ និងស្និទ្ធស្នាលបំផុត ព្រមទាំងបានកោតសរសើរដល់អាជ្ញាធរសង្កាត់ ប្រជាការពារ នគរបាលដែលបានចូលរួមលើការងាររក្សា សន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋបានល្អប្រសើរ។
លោកជំទាវក៏បានបន្តផងដែរថា៖ មានតែគណបក្សប្រជាជនកម្ពុជាទេដែលដឹកនាំ បងប្អូននិងប្រជាតិខ្មែរប្រកបដោយ សុខសន្តិភាពស្ថេរភាព និងអភិវឌ្ឍន៍ កាត់បន្ថយភាពក្រីក្រ ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។
លើសពីការសំណេះសំណាល លោកជំទាវនិងក្រុមការងារ បានធ្វើការវាស់ខោអាវ ដល់ប្រជាការពារសង្កាត់ និងនគរបាលចំនួន មួយនាក់ពីរកំប្លេរ និងបានចែក នូវថវិកាជូនដល់ក្រុមប្រជាការពារ និងប្រជាពលរដ្ឋក្នុងម្នាក់ៗ ចំនួន ២០,០០០រៀលផងដែរ៕ដោយ ៖ ទឹម វ៉ា