លោក កឹម សុខុន ទីប្រឹក្សា​រាជរដ្ឋាភិបាល នាំយក​មូលនិធិ សម្តេច ស ខេង ចែកជូន​ដល់​គ្រួសារ​អ្នកស្លាប់​និង​ទើប​រៀបការ នៅ​ខេត្តព្រៃវែង​

28-March-2016 | ដោយ មែន កំសត់



​ព្រៃវែង​៖ លោក កឹម សុខុន ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា ដែលជា​ប្អូនប្រុស​បង្កើត​របស់ លោក កឹម សុខា បាន​នាំយក​នូវ​ថវិកា​ជា​មូលនិធិ​សម្តេច​ក្រឡាហោម ស ខេង ចែកជូន​ដល់​ក្រុមគ្រួសារ​ប្រជាពលរដ្ឋ​ដែល​ទទួលមរណភាព​និង​កូន​ក​ម្លោះ​ក្រមុំ​ទើបនឹង​រៀបការ​ចំនួន​៥៩​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ថវិកា ២០​ម៉ឺន​រៀល ។​

​លោក​កឹម សុខុន ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ព្នៅ​ទី​១ ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង ដែលមាន​នយោបាយ​ផ្ទុយគ្នា​នឹង​លោក កឹម សុខា បាន​ចុះ​ចែក​មូលនិធិ​នេះ​ជូន​ដល់​ប្រជាពលរដ្ឋ​ដល់​ខ្នង​ផ្ទះ​ដោយផ្ទាល់ នៅ​ព្រឹក​ថ្ងៃទី​២៧​មីនាឆ្នាំ​២០១៦​នេះ បន្ទាប់ពី​ជួប​សំ​ណោះ​សំ​ណា​ល​ជាមួយ​សមាជិក សមាជិកា​បក្ស​ប្រមាណ ៦២០​នាក់​នៅ​ទីស្នាក់ការ​គណបក្ស​ឃុំ​ព្នៅ​ទី​១ រួចមក ។​

​លោក សំ សឿន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា​(NLC) ដែល​អមដំណើរ​ជាមួយ លោក កឹម សុខុន បាន​ថ្លែងថា​៖ ទៅកាន់​ប្រជាពលរដ្ឋ​ថា កម្មករ​-​កម្មការិនី​រោងចក្រ​កាត់ដេរ​និង​ស្បែកជើង ដែលជា​កូនចៅ​ប្រជាពលរដ្ឋ​កំពុង​បម្រើ​ការងារ​នៅ​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត​ផ្សេងទៀត កំពុង​ទទួលបាន​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​រាជរដ្ឋាភិបាល​ក​ម្ព​ជា​ជា​បន្តបន្ទាប់​ដូចជា ការដំឡើង​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ ការបញ្ចុះ​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង ការរៀបចំ​ឱ្យមាន​របប​សន្តិសុខ​សង្គម ឧបត្ថម្ភ​ប្រាក់​ទ្រទ្រង់​សុខភាព និង ប្រាក់​សោធន​និវត្តន៍ ជាដើម​។​

លោក​កឹម សុខុន នៅក្នុង​ឱកាស​ជួប​សំណេះសំណាល​នេះដែរ បានលើកឡើង​អំពី​ការខិតខំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ស្វែងរក​សន្តិភាព​បាន​ពេញបរិបូរណ៍​ដែល​ផ្តល់ឱកាស​ដល់​ប្រជាពលរដ្ឋ​ចូលរួមចំណែក​អភិវឌ្ឍ​ប្រទេស ។
លោក កឹម សុខុន ក៏បាន​អំពាវនាវ កុំឱ្យ​ប្រជាពលរដ្ឋ ជឿ​ក្រុម​ជន​អគតិ និង​ការបកស្រាយ​ណាមួយ​របស់​បក្សប្រឆាំង ដែល​បាន​មួលបង្កាច់ និង​លាប​ពណ៌​មកលើ​រដ្ឋាភិបាល​កម្ពុជា​នាពេល​កន្លងមកនេះ​៕

អត្ថបទ៖សីហា

ចំនួនអ្នកទស្សនា

    20487507

  • ថ្ងៃនេះ7791
  • ម្សិលមិញ10901
  • សប្តាហ៍នេះ23171
  • ខែនេះ45051
  • ឆ្នាំនេះ45051
  • សរុប20487507