កង់ ៤០០​គ្រឿង ត្រូវបាន​យកទៅ​ចែកជូន​សិស្ស​ក្រីក្រ ក្នុង​ខេត្ត​ត្បូងឃ្មុំ​

29-March-2016 | ដោយ មែន កំសត់


ត្បូងឃ្មុំ​៖ កង់ ដែលជា​ជំនួយ​របស់​សប្បរ​សជ​ន​ជប៉ុន​ចំនួន ៤០០​គ្រឿង ត្រូវបាន​យកទៅ​ជូន​សិស្ស​កំព្រា និង​ក្រីក្រ​នៅ ស្រុក​តំបែរ និង​ស្រុក​ក្រូចឆ្មារ នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ធ្វើ​ឲ្យ​សិស្ស​ក្រីក្រ ដែល​ខ្វះ​មធ្យោបាយ​ក្នុងការ​សិក្សា​រៀនសូត្រ​នេះ កើត ក្តីរំភើប​សប្បាយរីករាយ​គ្រប់ៗ​គ្នា​។​

​ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​ យុវនីតិសម្បទា បាន​ថ្លែង​ក្នុងពេល​ចែក​កង់​ដល់​សិស្ស​កំព្រា និង​ក្រីក្រ នៅ រសៀល​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៦ ថា ៖​ប្រទេស​ជប៉ុន ជា​ដៃគូ​សំខាន់​មួយ ជាពិសេស​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​( កុ​កឹ​សៃ )​បាន​ចូល រួមចំណែក​ជា​បន្តបន្ទាប់ ក្នុ្ង​ង​ការផ្តល់​ជា​សម្ភារៈ​ផ្សេងៗ ជួយ​មកដល់​កុមារកំព្រា​កម្ពុជា​។ ជាក់ស្តែង​ការផ្តល់​កង់​នេះ បាន​ជួយ​ដល់​កុមារ​ក្រីក្រ​កម្ពុជា ឲ្យ​មានលទ្ធភាព​បន្ត​ស្វែងរក​ចំណេះដឹង​បន្ថែម ឬ​ការប្រកបមុខរបរ​ផ្សេងៗ​ជាដើម​។​

​ឯកឧត្តម រដ្ឋមន្ត្រី បន្តទៀតថា ក្រៅពី​ការ​ផ្តល់ជំនួយ​ពី​ប្រទេស​ជា​ដៃគូរ ឬ​អង្គការ ដែលជា​ដៃគូ​នោះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​យកចិត្ត​ទុក ដាក់​យ៉ាងខ្លាំង លើ​កា​រលើ​កម្ពស់​កុមារៗ ព្រោះ​ពួកគេ​ជា​ទំ​ពាង​ស្នង​ឫស្សី និង​ជា​សសរទ្រូង​សម្រាប់​ប្រទេសជាតិ​យ៉ាងសំខាន់ ដែល​រាជរដ្ឋាភិបាល បាន​កំពុង​ជំរុញ​យកចិត្តទុកដាក់​លើ​វិស័យ​អប់រំ​នេះ ដើម្បី​ឲ្យ​កម្ពុជា​ជា​ប្រទេស​មាន​ធនធានមនុស្ស ប្រកបដោយ​សក្តានុពល ដើម្បី​ជម្រុញ​ឲ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន​ឥត​ឈប​ឈរ​ផងដែរ​។​

ឯកឧត្តម វង សូត បាន​គូស​បញ្ជាក់ទៀតថា​៖ ក្រោម​ការដឹកនាំ​របស់ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​ឲ្យ​ប្រទេសជាតិ​ទាំងមូល មាន​សុខសន្តិភាព មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​ពុទ្ធចក្រ និង​អាណាចក្រ និយាយ​រួម និង​និយាយ​ដោយឡែក ស្ថានភាព​នៃ​ការវិវត្តន៍​ទៅមុខ​របស់​ស្រុក​តំបែរ ក៏មាន​ការប្រែប្រួល​រីកចម្រើន​ជា​បន្តបន្ទាប់​ឥតឈប់ឈរ​ផងដែរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

​គូសបញ្ជាក់ថា «​វឌ្ឍនភាព​នេះ ក៏បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការយកចិត្ត​ទុក​ដា​ក់រួ​ម​ចំណែក​ពី​សំណាក់​ថ្នាក់ដឹកនាំ និង ពី​គ្រប់​កោសិកា​សង្គម​ដែល​រួមមាន​ស្ថាប័ន​នានា​របស់​រាជរដ្ឋាភិបាល អាជ្ញាធរ​ដែនដី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​សមត្ថកិច្ច​គ្រប់ផ្នែក​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ សង្គម​ស៊ីវិល វិស័យ​ឯកជន និង​ការចូលរួម​របស់​ប្រជាជន​ផងដែរ​»​។​

​លោកស្រី គឹម គិ​ម​ឡាង តំណាង​អង្គការ​កុមារ​អាស៊ី​អេស​ស្បេ​ការ បាន​ឲ្យ​ដឹងថា នេះ​ជា​លើក​ទី​៤៤ ហើយ ដែល​អង្គការ (​កុ​កឹ​សៃ​) បានផ្តល់​កង់​ជូន​ដល់​មជ្ឈមណ្ឌល​កុមារកំព្រា​រ នឹង​តាម​បណ្តា​សហគមន៍​ក្រីក្រ​ផ្សេងៗ សរុប​កង់​ទាំងអស់ មាន​ជិត ២​ម៉ឺន​គ្រឿង សម្រាប់​ការអនុវត្តន៍​គម្រោង ចាប់តាំងពី​ឆ្នាំ​២០០៩ មកដល់​ពេលបច្ចុប្បន្ន ហើយ​សម្រាប់​ពេលនេះ​ផងដែរ គឺ​អង្គការ​បានផ្តល់​កង់​ចំនួន​៤០០​គ្រឿង​បន្ថែមទៀត ដើម្បី​ឲ្យ​កុមារ​នៅក្នុង​ស្រុក​ទាំងពីរ​នេះ ទទួលបាន​ឱកាស​កាន់តែ​ប្រសើរ​ផងដែរ​។​

​លោកស្រី តំណាង​អង្គការ​កុមារ​អាស៊ី​អេស​ស្បេ​ការ បាន​សំណូមពរ​ឲ្យ​ប្អូនៗ ដែល​ទទួលបាន​កង់​នៅក្នុង​ថ្ងៃនេះ ត្រូវ​រក្សា​កង់​ឲ្យ​បានល្អ ព្រោះ​វា​ផ្តល់​សារៈសំខាន់​ដល់​ប្អូនៗ ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ទីកន្លែង​ផ្សេងៗ និង​ត្រូវ​ជិះ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ផ្សេងៗ​កើតមានឡើង និង​សូម​ឲ្យ​ប្អូនៗ​ត្រូវខិតខំ​រៀនសូត្រ​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ឲ្យ​ក្លាយទៅជា​មនុស្ស​ល្អ​ក្នុងសង្គម នឹង​ជា​ទំ​ពាង​ស្នង​ឫស្សី​ពិតប្រាកដ​៕

ចំនួនអ្នកទស្សនា

    20487837

  • ថ្ងៃនេះ8121
  • ម្សិលមិញ10901
  • សប្តាហ៍នេះ23501
  • ខែនេះ45381
  • ឆ្នាំនេះ45381
  • សរុប20487837