ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​៖ ប្រជាពលរដ្ឋ​នៅ​ទូទាំង ខេត្តបន្ទាយមានជ័យ នឹង​លែង​មានផ្ទះ​ប្រក​ដំបូល​ស្បូវ​ទៀតឡើយ​

09-April-2016 | ដោយ មែន កំសត់


​បន្ទាយមានជ័យ​៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​រស់នៅ ក្នុងស្រុក​មង្គល​បូរី​ថា បច្ចុប្បន្ននេះ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានធ្វើ​ឲ្យ​ប្រទេស​កាន់តែ​រីកចំរើន ជា​បន្តបន្ទាប់​គ្រប់​វិស័យ ហើយ​សម្រាប់​ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋ​ទាំងអស់ នឹង​លែងមាន​ដំបូង​ស្បូវ​ទៀតឡើយ ពោល​ប្រែក្លាយ​ប្រក​ស័ង្កសី​ទាំងអស់​តែម្តង​(​សម្រាប់​ផ្ទះ​ដែល​ប្រក​ស្បូវ​)​។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​ជម្រុញ​ឲ្យ​មន្ត្រី​ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត ថ្នាក់ស្រុក ចុះជួយ​មូលដ្ឋាន​ត្រូវ​ប្រើ​កម្លាំង​សរុប​ចុះជួយ​ជួសជុល ឬ​សាងសង់​ប្តូរ​ផ្ទះ​ប្រក​ស្លឹក ឬ​ស្បូវ​ជូន​ពលរដ្ឋ​ក្រីក្រ ឲ្យ​បាន​រួចរាល់​ទាំងស្រុង​យ៉ាងយូរ​ត្រឹម​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៦ ឬ​ឲ្យ​បាន​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។​

​ឯក​ឧបនាយករដ្ឋមន្ត្រី ចុះជួយ​ខេត្តបន្ទាយមានជ័យ​រូបនេះ បានលើកឡើង​នៅក្នុង​ពិធី​សំណេះសំណាល និង​ប្រគល់​ផ្ទះ​ជូន​ពលរដ្ឋ​ក្រីក្រ ដែល​បាន​ប្តូរ​ដំបូល​ស្បូវ ទៅ​ស​ង្ក័​សី​ចំនួន​២៣៦​ខ្នង​ផ្ទះ នៅ​ស្រុក​មង្គល​បូរី ធ្វើ​នៅ​សាលាបឋមសិក្សា​បន្ទាយ​នាង ឃុំ​បន្ទាយ​នាង នៅ​រសៀល​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៦​។

​ឯកឧត្តមបាន​ថ្លែងថា ក្រៅពី​ការងារ​មាន​ភារកិច្ច ដែល​ទទួលខុស​ត្រូវចំ​ពោះ​មុខ​តាម​ដែន​សមត្ថកិច្ច ភូមិសាស្ត្រ​របស់ខ្លួន​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រុមការងារ​ទាំងអស់ ត្រូវតែ​ប្រើ​កម្លាំង​សរុប វិធាន​ការសរុប ចុះ​សម្រុក​ជួសជុល សាងសង់​ប្តូរ​ផ្ទះ​ប្រក ឬ​ស្លឹក​ទៅជា​ស័ង្កសី ជូន​ពលរដ្ឋ​ក្រីក្រ ឲ្យ​រួចរាល់​ទាំងស្រុង ដើម្បី​ឲ្យ​ពួកគាត់ មាន​ជម្រក​ស្នាក់នៅ សមរម្យ និង​បាន​រីករាយ​បំផុត ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ដ៏​ខ្លី​ខាងមុខនេះ​។​

​សម្រាប់​ពលរដ្ឋ​បាន​ចំនួន​២៣៦​គ្រួសារ ទទួលបាន​កន្ទេល​១ ម៉ុង​១ ឆ្នាំងបាយ​១ ចានបាយ​១​ឈុត ទឹក​ស៊ី​អ៊ិ​វ ទឹកត្រី អំបិល ប៊ីចេង នំ​ធុង សារុង​១ ក្រមា​១ និង​ថវិកា​មួយចំនួន​។ សម្រាប់​ពលរដ្ឋ​ដែល​និវត្តន៍​ជន និង​អតីតយុទ្ធជន​ទទួលបាន​សារុង​១ វែ​នតា​១ និង​ថវិកា​មួយចំនួន​។ ដោយឡែក​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ចំនួន​៦៥០​នាក់ ម្នាក់ៗ​ទទួលបាន​សរុង​១ និង​ថវិកា​មួយចំនួន​ផងដែរ​។ នៅក្នុង​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ផងដែរ ពី​ថ្នាក់ដឹកនាំ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ហត្ថ និង​មន្ត្រីរាជការ​ជាច្រើន​នាក់​ផ្សេងទៀត​៕

ចំនួនអ្នកទស្សនា

    20998697

  • ថ្ងៃនេះ3151
  • ម្សិលមិញ3441
  • សប្តាហ៍នេះ6601
  • ខែនេះ79341
  • ឆ្នាំនេះ556241
  • សរុប20998697