ព្រៃវែង៖ នៅព្រឹកថ្ងៃទី ១៨ ខែ មេសា ឆ្នាំ២០១៦ នៅក្នុងបរិវេណវត្ត ឬស្សីសាញ់ ឃុំ ឬស្សីសាញ់ ស្រុក ស៊ីធរកណ្ដាល ខេត្តព្រៃវែង បានរៀបចំពិធីបុណ្យឆ្លងសមិទ្ធផល នានាក្រោម អធីបតីភាព ឯកឧត្តម អ៊ួង វិបុល ប្រធានក្រុមការងារចុះជួយឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ។
ពិធីនេះមានវត្តមានចូលរួម ពី លោក ស៊ាង ប៊ុន្ថា ប្រធានក្រុមប្រឹក្សា ស្រុក លោក ម៉ននី បណ្ឌិត អភិបាល ស្រុក មន្ត្រីសាលាស្រុក លោកលោកស្រី អភិបាលរងស្រុក កងកម្លាំងទាំង៣(អាវុធហត្ថ ស្រុក បញ្ជាការសឹករង ស្រុក អធិការ នគរបាល ស្រុក )លោកអនុប្រធានមន្ទីធម្មការសាសនាខេត្ត លោក ប្រធានការិយាល័យ ជុំវិញស្រុក មន្ត្រីរាជការក្រោមឱវាទទាំងអស់ មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ នាយប៉ុស្ដិ៍ ព្រមទាំង មានការចូលរួមពីប្រជាជន សរុបប្រមាណ២៣០នាក់ផងដែរ។
ក្រោយពីស្ដាប់របាយការណ៍របស់ លោក ម៉ននី បណ្ឌិត អភិបាល ស្រុកស៊ីធរកណ្ដាលជុំវិញសកម្មភាពការអភិវឌ្ឍ ការងារសប្បុរសធម៌ សន្តិសុខសណ្ដាប់ធ្នាប់និងការដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការចូលរួមសាងសង់របស់សប្បុរសជននានា ក្នុងនិងក្រៅស្រុក នៅទីអារាម វត្តឬស្សីសាញ់ ឃុំ ឬស្សីសាញ់ ស្រុក ស៊ីធរកណ្ដាល ខេត្តព្រៃវែង និងសមិទ្ធផលនានាដែលសម្រចបានកន្លងមក គោរពជម្រាបជូនគណៈអធិបតីនិងប្រជាពលរដ្ឋរួចមក។
ឆ្លៀតក្នុងឱកាសសំណេះសំណាល ឯកឧត្តម អ៊ួង វិបុល ប្រធានក្រុមការងារចុះជួយឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល បានលើកឡើងអំពីការងារភូមិឃុំមានសុវត្ថិភាព, ការអនុវត្តច្បាប់ចរាចរណ៍ថ្មី, ការងារអត្តសញ្ញាណប័ណ្ណ, ការងារអត្រានុកូលដ្ឋាន និងការងារផ្តល់ថវិកាមូលនិធិមនុស្សធម៌ ស ខេង ដល់ក្រុមគ្រួសារអ្នកទទួលមរណៈភាព និងក្រុមគ្រួសារសម្រាលកូននៅតាមមូលដ្ឋាន។
ឯកឧត្តមក៏បានធ្វើការក្រើនរំលឹកម្តងហើយម្តងទៀត ទៅដល់អាជ្ញាធរដែនដី និង កងកម្លាំងទាំងបី ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ទៅលើការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ បម្រើសេវាសាធារណៈ និង ផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តមក៏បាន បញ្ជាក់ជូនបងប្អូន អ្នកចូលរួមផងដែរថា៖ នៅក្នុងទឹកដីខេត្តព្រៃវែង ក៏ដូចជាស្រុកស៊ីធរកណ្ដាល សម្រាប់គ្រួសារអ្នកទទួលមរណៈភាព និង គ្រួសារអ្នកសម្រាលកូន មូលនិធិមនុស្សធម៌ ស ខេង នឹងផ្តល់ជូនមួយគ្រួសារ ២០០,០០០៛ ហើយសម្តេចក៏បានផ្តាំផ្ញើដល់អាជ្ញាធរ ឱ្យយកចិត្តទុកដាក់ឱ្យមែនទែន ចំពោះការទទួលនូវពត៌មាន និង ធ្វើការឆ្លើយតបឱ្យបានទាន់ពេលវេលា។ក្រោយពីធ្វើការសំណេះសំណាល ចប់ នៅក្នុងឱកាសនោះឯកឧត្តម បានធ្វើការចែកជូនដល់ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋក្នុងម្នាក់ៗចំនួន៥០០០រៀល និងបានចូលរួមបច្ច័យចូលបុណ្យជាថវិកាចំនួន ៦៦០០០០០រៀល ផងដែរ ៕