ឯកឧត្ដម ហ៊ុន ណេង​បាន​លើកឡើងថា «​សាមគ្គី ជា​កត្តា​ជ័យជំនះ​»

01-May-2016 | ដោយ មែន កំសត់


កំពង់ចាម ៖ ឯកឧត្ដម ហ៊ុន ណេង​សមាជិក​គណៈកម្មាធិការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា អនុប្រធាន​គណៈកម្មាធិកា​រ​ថ្នាក់កណ្ដាល​ចុះជួយ​ខេត្តកំពង់ចាម បានស្នើ​ទៅដល់​សមាជិក​គណៈកម្មាធិកា​រ​គណបក្ស​គ្រប់លំដាប់​ថ្នាក់ និង​អាជ្ញាធរ សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ឈរលើ​«​សាមគ្គី ជា​កត្តា​ជ័យជំនះ​»​។​

​មានប្រសាសន៍​បែបនេះ គឺ​បាន​ធ្វើឡើង នៅក្នុង​ឱកាស ដែល​ឯកឧត្ដម​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូកសរុប​សក​ម្ម​ភាព​ការងារ គណបក្ស និង​ក្រុមការងារ​ចុះជួយ​ស្រុក​ស្ទឹងត្រង់​ប្រចាំត្រីមាស​ទី​១ និង​លើក​ទិសដៅ​ត្រីមាស​ទី​២ ឆ្នាំ​២០១៦ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៦​នេះ ។​
​ឯកឧត្ដម​មានប្រសាសន៍​លើកឡើង​ទៀតថា ក្នុង​ត្រីមាស​ទី​១ កន្លងទៅនេះ គណៈកម្មាធិការ​គណបក្ស​គ្រប់​ថ្នាក់ និង​ក្រុមការងារ​គណបក្ស បាន​ផ្តោត​ការយកចិត្តទុកដាក់​ជាសំខាន់ លើ​ការងារ​បង្កបង្កើន​សក​ម្ម​ភាព​ចិញ្ចឹម​ចលនា​មហាជន ក្នុង​គោលដៅ​គ្រប់គ្រង និង​ពង្រឹងគុណភាព សមាជិការ​បក្ស​ដែលមាន​ស្រាប់ បន្ទាប់ពី​យើង​បានធ្វើ​បច្ចុប្បន្នភាព សមាជិក​បក្ស​ចប់សព្វគ្រប់​ហើយ​នោះ ។ ទន្ទឹមនឹងនោះ យើង​បាន​ខិតខំ​ជំរុញ​ការកសាង និង​ពង្រីក​សមាជិក​គណបក្ស​ថ្មី​បន្ថែមទៀត ។ ជាមួយគ្នា​នោះដែរ អាជ្ញាធរ និង​ភ្នាក់ងារ​មាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ បាន​បំពេញភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ ធ្វើ​ឲ្យ​ការផ្ដល់​សេវាសាធារណៈ ជូន​ដល់​ប្រជាពលរដ្ឋ​កាន់តែ​ត្រូវបាន​កែលម្អ ការពង្រឹង​ច្បាប់ និង​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព កាន់​តែមាន​ភាពល្អប្រសើ​រ ធ្វើ​ឲ្យ​ប្រជាជន​កាន់តែ​មាន​ជំនឿ​ទុកចិត្ត​មកលើ​គណបក្ស​យើង ។​

​ឯកឧត្ដម ហ៊ុន ណេង ក៏បាន​វាយតម្លៃ​នូវ​សកម្មភាព ដែល​បាន​អនុវត្ត​យ៉ាងសកម្ម នូវ​រាល់​ទិសដៅ​ភារកិច្ច ដែល​គណបក្ស​បាន​ប្រគល់ជូន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​ជា​លទ្ធផល​ដែល​គណបក្ស ក៏ដូចជា​ក្រុមការងារ​សម្រេចបាន រយៈពេល ១​ត្រីមាស កន្លងទៅ ដោយសារតែ​ការជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី និង​សម្ភារៈ​ពី​សំណាក់​ឯកឧត្ដម លោក​ឧកញ៉ា លោក លោកស្រី​ទាំងអស់ ដែល​បាន​បង្ក​លទ្ធភាព​សម្រាប់​ចិញ្ចឹម​ចលនា និង​ការ​ឃោសនាអប់រំ នយោបាយ​សតិអារម្មណ៍ ធ្វើ​ឲ្យ​ប្រជាជន មហាជន​មាន​ជំនឿ​ទុកចិត្ត និង​គាំទ្រ ចំពោះ​គណៈបក្ស​ប្រជាជន និង​រាជរដ្ឋាភិបាល ។​

​ដោយឡែក ដើម្បី​ឈរលើ​មូលដ្ឋាន​ក្ដាប់ជាប់​នូវ​តួនាទី​ភារកិច្ច​រួម ក្នុង​គោលដៅ​យុទ្ធសាស្ត្រ​របស់​គណបក្ស ឯកឧត្ដម សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល បាន​ជំរុញ​ដល់​គណបក្ស​គ្រប់​ថ្នាក់ និង​គួរ​គប្បី​យកចិត្តទុកដាក់​អនុវត្ត ជាបន្ទាន់​ចំពោះមុខ ជាពិសេស លើ​ការអនុវត្ត​យុទ្ធសាស្ត្រ​ផ្នែក​កិច្ចការ​នយោបាយ​សន្តិសុខ​សណ្ដាប់ធ្នាប់ សង្គម សេដ្ឋកិច្ច ដោយ​រក្សា​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ឲ្យ​បាន​រឹងមាំ​លើ​មូលដ្ឋាន​បន្ត​ខិតខំ​លើកកម្ពស់​សមត្ថភាព ការទទួលខុសត្រូវរ​បស់​កម្លាំង ក្នុងការ​បំពេញភារកិច្ច ពង្រឹង​ការគោរព​ច្បាប់ ការចូលរួម​របស់​ប្រជាពលរដ្ឋ និង​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ។​

​លើសពីនេះទៅទៀត ក៏ត្រូវ​គិតគូរ និង​យកចិត្តទុកដាក់ អំពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ជាពិសេស ក្នុង​មូលដ្ឋាន​មួយចំនួន ដែល​អាច​នឹង​ប្រឈម​ទៅនឹង​ខ្វះខាត​ទឹក និង​ការត្រៀម​បង្ការ​ជាមុន​ទៅលើ​គ្រោះមហន្តរាយ​ផ្សេងៗ ស្របទៅតាម​អនុសាសន៍​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ដាក់ចេញ​នូវ​គោលការណ៍​ចែកចាយ​ទឹក​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន ទាន់ពេលវេលា ។​ដូចគ្នា​នោះដែរ សមាជិក​គណៈកម្មាធិកា​រ​គណបក្ស និង​អាជ្ញាធរ សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ក៏ត្រូវ​ខិតខំ​យកចិត្តទុកដាក់ ក្នុង​ការផ្ដល់​សេវាសាធារណៈ ជូន​ដល់​ប្រជាពលរដ្ឋ ឲ្យ​បាន​កាន់តែ​ប្រសើរ​ថែមទៀត ។​

​សូមបញ្ជាក់​ដែរ កិច្ចប្រជុំ​បូកសរុប​ស​កម្ម​ភាព​ការងារ​គណបក្ស និង​ក្រុមការងារ​ចុះជួយ​ស្រុក​ស្ទឹងត្រង់​ប្រចាំត្រីមាស​ទី​១ និង​លើក​ទិសដៅ​ត្រីមាស​ទី​២ ឆ្នាំ​២០១៦ បាន​ដំណើរការ​តាមរបៀប​វារៈ ១​ព្រឹក តាមរយៈ ការអាន​របាយការណ៍​បូកសរុប​ការងារ​គណបក្ស និង​សកម្មភាព​ក្រុមការងារ​ចុះជួយ​ស្រុក​ប្រចាំត្រីមាស​ទី​១ និង​ទិសដៅ​ត្រីមាស​ទី​២ ព្រមទាំង កិច្ចពិភាក្សា​នានា របស់​សមាជិក សមាជិកា នៃ​អង្គប្រជុំ ទាក់ទង​ទៅនឹង​សភាពការណ៍​គ្រប់ផ្នែក នៅក្នុង​មូលដ្ឋាន ៕

ចំនួនអ្នកទស្សនា

    20487887

  • ថ្ងៃនេះ8171
  • ម្សិលមិញ10901
  • សប្តាហ៍នេះ23551
  • ខែនេះ45431
  • ឆ្នាំនេះ45431
  • សរុប20487887