ក្រុមការងារ​ថ្នាក់ជាតិ​ឃុំ​ពាន​រោង នាំ​មូលនិធិ​សម្តេច​ក្រឡាហោម ស ខេង ជូន​គ្រួសារ​ដែល​កូន​លង់ទឹក​ស្លាប់

02-May-2016 | ដោយ មែន កំសត់


​ព្រៃវែង​៖ ក្រោយពី​ទទួលបាន​ព័ត៌មាន អំពី​ការ​លង់ទឹក​ស្លាប់​របស់​យុវតី​២​នាក់ នៅ​ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦​នេះ ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ឃុំ​ពាន​រោង បាន​នាំយក​មូលនិធិ​របស់​ស​ម្តេច​ក្រឡាហោម ស ខេង យកទៅ​ប្រគល់ជូន​ក្រុមគ្រួសារ នៃ​សព​ដើម្បី​ចូលរួម​ធ្វើបុណ្យ និង​សម្រាប់​ការកាត់បន្ថយ​លើ​ការចំណាយ​ផ្សេងៗ​។​

​អំណោយ​ដែលជា​មូលនិធិ​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ខាងលើនេះ​ត្រូវបាន​លោក គង់ ម៉េង​ឃាង តំណាង​លោក អ៊ី សុខ​ឃី ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ឃុំ​ពាន​រោង​យកទៅ​ប្រគល់ជូន​គ្រួសារ​សព និង​គ្រួសារ​របស់​យុវតី​ដែល​កំពុង​ជួយសង្គ្រោះ​ដោយសារតែ​ហេតុការណ៍​នេះ​ផងដែរ​។ សម្រាប់​គ្រួសារ​យុវតី​ដែល​ស្លាប់​ទាំង​២​គ្រួសារ បានទទួល​ថវិកា​២០​ម៉ឺន​រៀល អង្ករ​៥០​គីឡូក្រាម និង​ម៉ី​០២​កេស ហើយ​សម្រាប់​គ្រួសារ​ដែល​រងគ្រោះ និង​កំពុង​សម្រាក​ព្យាបាល​នោះ​ទទួលបាន​១០​ម៉ឺន​រៀល ម៊ី​០២​កេស​។​
​សូមបញ្ជាក់ថា កាលពី​ម្សិលមិញ យុវតី​៣​នាក់ ពេល​ទៅ​ជីក​ក្ដាម​នៅ​វាលស្រែ ស្រាប់តែ​ចុះ​លាង​ជើង​ក្នុង​ទឹកស្រះ​ក៏ បាក់​ដី​មាត់​ស្រះ​លង់ទឹក បណ្ដាលឱ្យ​លង់​ស្លាប់​២​នាក់ និង​ម្នាក់ទៀត​ជួយសង្គ្រោះ​ទាន់ពេលវេលា​។​

​ហេតុការណ៍​ខាងលើនេះ កើតឡើង​នៅ​រសៀល​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦​នេះ ស្ថិតក្នុង​ភូមិ​ព្រៃ​ជ្រាំង ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ មន្ត្រីនគរបាល​មូលដ្ឋាន​បានឱ្យដឹងថា ក្មេងរងគ្រោះ​លង់ទឹក​នោះ​មាន​៣​នាក់ ទី​១​ឈ្មោះ ហាន គ​ន្ធា អាយុ​១៤​ឆ្នាំ (​ស្លាប់​) ទី​២​ឈ្មោះ អាន វណ្ណ​លីដា អាយុ​១៥​ឆ្នាំ (​ស្លាប់​) និង​ទី​៣​ឈ្មោះ ស៊ា​ត ចរ​យា អាយុ​១៤​ឆ្នាំ ត្រូវបាន​សង្គ្រោះ​ទាន់ពេល​។ បច្ចុប្បន្ន​សាកសព​ត្រូវបាន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ចំនួនអ្នកទស្សនា

    20488237

  • ថ្ងៃនេះ8521
  • ម្សិលមិញ10901
  • សប្តាហ៍នេះ23901
  • ខែនេះ45781
  • ឆ្នាំនេះ45781
  • សរុប20488237