កំពង់ចាម៖ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម នៅថ្ងៃព្រឹកថ្ងៃទី១២ ឧសភា ឆ្នាំ២០១៦ បានចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឃុំខ្នារស ឃុំទងត្រឡាច និងឃុំជីផាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
លោក ហេង វណ្ណនី អភិបាលស្រុកស្រីសន្ធរ បានឲ្យដឹងថា ស្រុកស្រីសន្ធរមានផ្ទៃដី៣៥០,៥០គីឡូម៉ែត្រក្រឡា, ចែកចេញជា១៤ឃុំ មានប្រជាជនសរុប ១២៣,៤៩៦ នាក់ ស្មើនឹង២៥៧៥០គ្រួសារ។ ចំពោះបញ្ហាទឹកប្រើប្រាស់ក្នុងឃុំទាំង៣ គឺពុំមានការខ្វះខាតធ្ងន់ធ្ងរឡើយ ដោយនៅថ្ងៃទី៦ ឧសភា មានភ្លៀងធ្លាក់នៅ១១ឃុំ ហើយនៅយប់ថ្ងៃទី១១ ខែឧសភា មានភ្លៀងធ្លាក់នៅ១០ឃុំ ក្នុងនោះ ឃុំខ្នារស, ឃុំស្វាយពោធិ៍, ជីផាល, ប្រាំយ៉ាម, បារាយណ៍ និងឃុំទងត្រឡាច មានទឹកដក់ក្នុងស្រែ ចំណែកឯឃុំមួយចំនួនទៀត ភ្លៀងធ្លាក់សើមដី តែពុំមានខ្យល់កន្ត្រាក់ឡើយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានពាំនាំនូវការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកកបាទក្រហមកម្ពុជាជូនចំពោះប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ ទាំងមូល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជាខ្លាំងដល់ការកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស, ការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តមបន្តថា កម្ពុជាត្រូវពិភពលោកវាយតម្លៃថា ជាប្រទេសទី១១ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេល១០ ឆ្នាំជាប់ៗគ្នា និងជាប្រទេសទី៥ ដែលបានសម្រេចនូវគោលដៅអភិវឌ្ឍន៍សហវត្សរ៍ ហើយជាប្រទេសទី១នៅអាស៊ីប៉ាស៊ីហ្វិកដែលសម្រេចបាននូវសូចនាករសង្គម ពោល គឺកាត់បន្ថយភាពក្រីក្របានជាមធ្យម១%ក្នុង១ឆ្នាំ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បាន ណែនាំដល់ប្រជាកសិករទាំងអស់ឲ្យត្រៀមលក្ខណៈបង្កបង្កើនផល និងត្រូវប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ទឹក និងមហន្តរាយធម្មជាតិ ព្រមទាំងជំងឺដង្កាត់ផ្សេងៗ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ផ្តល់ស៊ីម៉ង់ចំនួន៣តោន ដើម្បីកសាងវត្តខ្នារ និងបាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិតជូនដល់ប្រជាការពារ, ប្រជាពលរដ្ឋដែលចូលរួមក្នុងកម្មវិធី សិស្សានុសិស្ស និងកុមារកុមារីផងដែរ៕