កំពង់ចាម៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាមរួមនឹង ឯកឧត្តម ហ៊ុន ណេង អនុប្រធានទី១ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាមថ្ងៃទី ១៣ ឧសភា ឆ្នាំ២០១៦បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា និងអំណោយរបស់អាជ្ញាធរខេត្តកំពង់ចាម ទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៥៨៧គ្រួសារ ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។
លោក ឡោចាន់លី អភិបាលស្រុកបាធាយ បានឲ្យដឹងថា ប្រជាពលរដ្ឋទាំង៥៦០គ្រួសារខាងលើ ស្ថិតក្នុងឃុំចំនួន៤ គឺឃុំតាំងក្រសាំង, ឃុំត្រប់, ឃុំ ទំនប់ និងឃុំសណ្តែក បានទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី១១ ឧសភា ឆ្នាំ២០១៦ ក្នុងនោះ ដួលរាបដល់ដី និងធ្ងន់ធ្ងរ ចំនួន១៣២ខ្នងផ្ទះ និងរបើកដំបូល ចំនួន៤២៨ខ្នងផ្ទះ បណ្តាលឲ្យរងរបួសធ្ងន់២នាក់ ស្រាល២នាក់ ព្រមទាំងមានរន្ទះបាញ់១ខ្នងផ្ទះ និងរន្ទះបាញ់ក្របីងាប់១ក្បាល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនានឹករលឹក របស់សម្តេចទាំង៤ គឺសម្តេចប្រធានព្រឹទ្ធសភា សមេ្តចប្រធានរដ្ឋសភា សមេ្តចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជាដែលសម្តេចទាំង៤ តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូបគ្រប់ពេលវេលា ព្រមទាំងសូមចូលរួមសោកស្ដាយជាមួយបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារខ្យល់កន្ត្រាក់នាពេលកន្លងមកនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា ទីណាមានការលំបាក ទីនោះតែងតែមានកាកបាទក្រហមកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែរួមសុខរួមទុក្ខជាមួយប្រជាជន និងនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា ចាប់ពីពេលនេះ ទៅភ្លៀងចាប់ផ្តើមធ្លាក់ជាបណ្តើរៗហើយ ដូច្នេះប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះហានិភ័យទាំងឡាយដែលអាចកើតឡើងជាយថហេតុ ដូចជាខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ផ្គរ រន្ទះ ជាដើម ម្យ៉ាងទៀត ត្រូវយកចិត្តទុកដាក់ចំពោះអនាម័យ គឺត្រូវរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងត្រូវត្រៀមលក្ខណៈ ឧបការណ៍សម្ភារៈឲ្យបានគ្រប់គ្រាន់សម្រាប់ធ្វើស្រែចំការ បង្កបង្កើនផល។
ប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ បានថ្លែងអំណរគុណចំពោះសមេ្តចទាំង៤ ពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកកបាទក្រហមកម្ពុជា ព្រមទាំងអាជ្ញាធរខេត្តកំពង់ចាម ដែលបានផ្តល់អំណោយទាន់ពេលវេលាដល់ប្រជាជនដែលទទួលរងគ្រោះធម្មជាតិ នេះ។
អំណោយដែលយកមកចែកជូនគ្រួសាររងគ្រោះទាំង៥៦០គ្រួសារនៅពេលនេះ គឺសំរាប់គ្រួសារដែលរងគ្រោះធ្ងន់ធ្ងរ, ក្នុង ១គ្រួសារទទួលបានទឹកប្រាក់ចំនួន៣០ម៉ឺនរៀលនិងស័ង្កសីចំនួន២០ សន្លឹក។ ចំណែកឯគ្រួសារដែលរងគ្រោះស្រាល ទទួលបានស័ង្កសីតាមការខូចខាតជាក់ស្តែង រួមនឹងទឹកប្រាក់ចំនួន៥ម៉ឺនរៀល៕