ព្រៃវែង៖នៅព្រឹកថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៦ នៅស្នាក់ការគណបក្សស្រុកមានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែនិងលើកទិសដៅការងារបន្ត ក្រោមអធិបតីភាព ឯកឧត្តម កង សុខន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។
ពិធី នេះ ដែរក៏ មានការ ចូលរួមមកពី ក្រុមការងារ បក្ស ស្រុក សកម្មជនយុវជនឃុំសាខាបក្សភូមិ និងយុវជន រួមទាំងមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ កងកម្លាំង ទាំង៣ និងថ្នាក់ដឹកនាំបក្ស ជាច្រើនផងដែរ ។
ក្រោយពីបានស្ដាប់របាយការណ៍របស់ ប្រធាន គណៈកម្មាធិការបក្សស្រុកស៊ីធរកណ្ដាល លើការគ្រប់គ្រង ការងាររដ្ឋបាលបក្ស សកម្មភាពកាងារយុវជន បក្ស សង្កាត់ ភូមិ សកម្មភាព ចលនានៅក្នុងមូលដ្ឋាន កិច្ចអភិវឌ្ឍន៍ របស់ក្រុមការងារបក្ស គ្រប់លំដាប់ថ្នាក់ និងបញ្ហប្រឈមមួយចំនួន ជម្រាបជូន គណៈអធិបតីនាឱកាសនោះរួចមក ។
ថ្លែងក្នុងឱកាស ប្រជុំ នាពេលនោះ ឯកឧត្តម កង សុខន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកស៊ីធរកណ្តាល បានមានមតិ និងជំរាបជូន សមាជិកបក្សប្រជាជនកម្ពុជានៅមូលដ្ឋានថា គ្មានគណបក្សណាដែលដឹងសុខទុក្ខប្រជាកសិករជាងគណបក្សប្រជាជនកម្ពុជា នោះទេ ព្រោះថ្នាក់នាំកំពូលរួមមានសម្តេចតេជោ ហ៊ុន សែន ក៏បានកើតចេញពីត្រកូលកសិករដូចគ្នាដែរ ហើយគោលនយោបាយដឹកនាំ និងធនធានថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ របស់គណបក្សប្រជាជនកម្ពុជា ល្អជាងលើសមេបក្សដ៏ទៃដាច់ឆ្ងាយគ្រប់យ៉ាង មានសមត្ថភាពគ្រប់គ្រាន់ ហើយមានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើន ។
ដោយសារតែមានមេដឹកនាំដូចសម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះ នោះគណបក្សប្រជាជនកម្ពុជានឹងត្រូវបានបន្តឈ្នះឆ្នោត ពេលបោះឆ្នោតឃុំ-សង្កាត់នៅ២០១៧ និងបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨ ដើម្បីដឹកនាំប្រទេសបន្តការអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើនថែមទៀត ដូច្នេះក្រុមការងាររម្នាក់ៗត្រូវបង្កើនសកម្មភាព ចុះជួយ ប្រជាពលរដ្ឋកាន់តែខ្លាំងជាងមុន។
ឯកឧត្តម បានជម្រាបដល់សមាជិកបក្ស ទាំងអស់ថា ៖ «គណបក្ស ប្រជាជន តែងប្រកាន់ខ្ជាប់នូវ គោលការណ៍ចំបង គឺធ្វើអ្វីៗដើម្បីបម្រើផលប្រយោជន៍និងយកប្រជាជនជាធំ និងដើម្បីប្រទេសជាតិយើង»។ គណបក្សប្រជាជនកម្ពុជា មានមហិច្ឆតាក្នុងការកសាងប្រទេសជាតិយើង ឲ្យរីកច្រើន និងរុងរឿងដើម្បីឲ្យកូនចៅជំនាន់ក្រោយរបស់យើង បានរស់នៅ ក្នុងសុខសន្តិភាពបានយូរអង្វែង ជាពិសេសដើម្បី ធ្វើឲ្យប្រទេសជាតិ យើងអាចធ្វើម្ចាស់ជោគវាសនា របស់ជាតិយើង ដោយខ្លួនឯង ឯករាជ្យ ឯកភាពជាតិតែមួយ ប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា។
ឯកឧត្តម បានស្នើដល់មន្ត្រីគណបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ទាំងអស់ ឱ្យបន្តខិតខំធ្វើអំពើល្អ និងចេះកែលំអរនូវចំណុចខ្វះខាត និងភាពអសកម្មទាំងឡាយកន្លងមក ហើយទុកផលប្រជាយោជន៍ប្រជាពលរដ្ឋជាធំ ដើម្បីបន្តទាក់ទាញនូវ ការគាំទ្រពីសំណាក់ប្រជាជន។ ជាមួយគ្នានេះ ត្រូវយើងបន្តខិតខំបម្រើនិងផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនដល់ ប្រជាជនឱ្យបានល្អ៕