នៅ​ព្រឹក​នេះ CPP រៀបចំ​ទិវា​រំលឹក​វិញ្ញាណក្ខន្ធ​ជូន​អ្នកស្លាប់​ក្នុង​របប​ប្រល័យពូជសាសន៍ នៅ​ខេត្តព្រៃវែង

20-May-2016 | ដោយ មែន កំសត់


​ព្រៃវែង​៖ លោក ស៊ឹម កា សមាជិក​អចិន្ត្រៃយ៍​គណៈ​កម្ម​ធិ​ការ​កណ្តាល នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​នៅក្នុង​ពិធី​រំលឹក​ឡើងវិញ​នូវ​មហា ឧក្រិដ្ឋកម្ម នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប្រល័យពូជសាសន៍ ប៉ុលពត ២០ ឧសភា នៅ​ភូមិ​យាយ​ម៉ៅ ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង​ថា គណបក្ស ប្រជាជន​កម្ពុជា​បានកំណត់​យក​ថ្ងៃ​២០ ឧសភា ដើម្បី​ធ្វើ​ទិវា​រំលឹក​វិញ្ញាណក្ខន្ធ ដល់​ជន ដែល​បាន​បាត់បង់​យ៉ាង​អយុត្តិធម៌ និង​អ​ណោ​ច​អធម​បំផុត ដោយសារ​នយោបាយ​ប្រល័យពូជសាសន៍ ដែល​ពុំ​ធ្លាប់​កើតមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។​
​លោក​បាន​បន្តថា នៅក្នុង​របប​នោះ​ស្រុក​កំចាយមារ ជាពិសេស​ក្នុង​ឃុំ​ក្របៅ គឺជា​មូលដ្ឋាន​បង្អែក​យ៉ាងសំខាន់ របស់​អ្នកចូលរួម​ធ្វើ​បដិវត្តន៍ និង​មាន ប្រជាជន​អ្នកស្នេហាជាតិ​ជាច្រើន បាន​ចូលរួម​តស៊ូ​យ៉ាង​ស្វិតស្វាញ ដើម្បី​ដណ្តើមយក​ជ័យជម្នះ​មកវិញ នេះ​ជាការ​បង្ហាញ​ឲ្យ​ឃើញថា បើ​គ្មាន​ប្រជាជន​ចូលរួម​នោះទេ កម្ពុជា​មិនមាន​ថ្ងៃ​នេះដែរ ។​

​លោក ស៊ឹម កា បាន​បន្តទៀតថា ក្រោយ​ទទួល​ពី​ការរំដោះ​មក​គណបក្ស​ប្រជាជន​កម្ពុជា តស៊ូ​អភិវឌ្ឍន៍ ពី​បាត​ដៃទទេ​រហូតមកដល់​ពេលនេះ​កម្ពុ​ជាមាន សមិទ្ធផល​ជាច្រើន ក្រោម​ការអភិវឌ្ឍន៍​ឥតឈប់ឈរ ដែល​សមិទ្ធផល​ទាំងអស់នោះ គឺ​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន មិន​ថា​នៅក្នុង​ស្រុក កំចាយមារ ប៉ុណ្ណោះ​ទេ ជាពិសេស​កិច្ចការពារ​សមិទ្ធផល​នានា  ដែល​បានកើត​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុងមាន​ការរីក​ចម្រើន​យ៉ាងខ្លាំង មិន​ថា​នៅតាម​ខេត្ត​-​ក្រុង ឬ​នៅតាម​មូលដ្ឋាន​នោះឡើយ​។​

​នៅក្នុង​កម្មវិធី​នេះដែរ​លោក ស៊ឹម កា និង​លោក វង សូត ក៏បាន​ជួប​សំណេះសំណាល និង​សាកសួ​សុខទុក្ខ ជាមួយ​យុទ្ធ​មិត្ត​ចំនួន​២៧​នាក់ ដែល​ធ្លាប់​តស៊ូ​ក្នុង​របប​ប្រល័យពូជសាសន៍ ក្រោយពី​សំណេះសំណាល​រួច លោក​ក៏បាន​ឧបត្ថម្ភ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិការ​ចំនួន​១០០​ដុល្លារ និង​ឃី​ត​មួយកញ្ចប់​។ ចំណែក​ប្រជាពលរដ្ឋ​ចំនួន​ជាង​៣០០​នាក់ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះដែរ ក្នុង​ម្នាក់ៗ​ទទួលបាន សា​រ៉ុង​១ និង​ថវិកា ចំនួន​១​ម៉ឺន​រៀល​ផងដែរ​៕

ចំនួនអ្នកទស្សនា

    19577347

  • ថ្ងៃនេះ2921
  • ម្សិលមិញ4561
  • សប្តាហ៍នេះ20521
  • ខែនេះ13641
  • ឆ្នាំនេះ349901
  • សរុប19577347