ភ្នំពេញ៖នៅព្រឹកថ្ងៃទី២១ខែឧសភា ឆ្នាំ២០១៦ នៅស្នាក់ការបក្សសង្កាត់ព្រែកថ្មី បានរៀបចំពិធីសម្ពោធទីស្នាក់ការគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ក្រោមអធិបតីភាពឯកឧត្តម ប៉ា សុជាតិវង្សប្រធានគណៈកម្មាធិការបក្ស និងជាអភិបាលរាជធានីភ្នំពេញ ។
ពិធីសម្ពោធនេះមានវត្តមានចូលរួមពី ឯកឧត្តម ក្រុមការងារ បក្ស ចុះជួយ ខណ្ឌ សង្កាត់ គណៈកម្មាធិការបក្ស ខណ្ឌ គណៈកម្មាធិការបក្សមូលដ្ឋានសង្កាត់ សាខាបក្ស ភូមិ យុវជន កងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីរាជការ រួមនឹងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
ក្រោយពីស្ដាប់របាយការណ៍របស់លោក អ៊ាង ស៊ីផាន ប្រធានគណបក្សខណ្ឌច្បារអំពៅដែលបានលើកឡើងនូវសកម្មភាពនៃការសហការកសាង នូវសមិទ្ធិ នានាក្នុងក្របខណ្ឌ សង្កាត់ ពិសេស អាគារស្នាក់ការបក្ស ប្រជាជននៅក្នុងសង្កាត់ព្រែកថ្មី សម្រាប់ជាមូលដ្ឋាន ឲ្យមន្ត្រី បក្សសង្កាត់ និងក្រុមការងារ មានកន្លែងធ្វើការត្រឹមត្រូវ ក្នុងកិច្ចការប្រជុំ ការងារ រដ្ឋបាលបក្សប្រកបដោយ ប្រសិទ្ធភាព និងនិរន្តរភាព សំដៅលើកកំពស់ ផែនការសកម្មភាពរបស់មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសមាជិកបក្សប្រជាជនកម្ពុជា ក្រោមកិច្ចវត្តមានដ៏ខ្ពង់ខ្ពស់ពីសំនាក់ ឯកឧត្តម ប៉ាសុជាតិវង្ស ប្រធានគណបក្សរាជធានីភ្នំពេញ រួមទាំងនឹងការខិតខំប្រឹងប្រែងរបស់បណ្ដាសប្បុរសជនក្នុងស្រុក ដែលជាក្រុមការងារ បានសហការ សាងសង់នូវអាគារកណបក្សថ្មីស្រឡាង នៅក្នុងសង្កាត់ព្រែកថ្មីនេះ ប្រទេសមានសុខសន្តិភាព មានកិច្ចអភិវឌ្ឍន៍ក៏ដោយសារការដឹកនាំរបស់បក្សប្រជាជនកម្ពុជាដែលមានសម្ដេច តេជោហ៊ុនសែន ជាប្រមុខដឹកនាំ។
នាឱកាសនោះ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការបក្ស និងជាអភិបាលរាជធានីភ្នំពេញ បានមានមតិសំណេះសំណាលទៅកាន់សមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួម ក្នុងពេលនេះ ហើយឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរ ខណ្ឌ សង្កាត់ និងក្រុមការងារបក្សគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង អភិវឌ្ឍន៍ចូលរួមកិច្ចការសង្គម ជាតិ ទាំងការងាររដ្ឋបាលដែនដី និងការងារ ដឹកនាំក្បាលម៉ាស៊ីនបក្ស ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។ជាងនេះទៅទៀត ឯកឧត្តមក៏បានបន្តផងដែរថា៖មានគណបក្សណាដែលដឹងសុខទុក្ខប្រជាកសិករជាងគណបក្សប្រជាជនកម្ពុជា នោះទេ ព្រោះថ្នាក់នាំកំពូលរួមមានសម្តេចតេជោ ហ៊ុន សែន ក៏បានកើតចេញពីត្រកូលកសិករដូចគ្នាដែរ ហើយគោលនយោបាយដឹកនាំ និងធនធានថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ របស់គណបក្សប្រជាជនកម្ពុជា ល្អជាងលើសមេបក្សដ៏ទៃដាច់ឆ្ងាយគ្រប់យ៉ាង មានសមត្ថភាពគ្រប់គ្រាន់ ហើយមានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើន ។
ដោយសារតែមានមេដឹកនាំដូចសម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះ នោះគណបក្សប្រជាជនកម្ពុជានឹងត្រូវបានបន្តឈ្នះឆ្នោត ពេលបោះឆ្នោតឃុំ-សង្កាត់នៅ២០១៧ និងបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨ ដើម្បីដឹកនាំប្រទេសបន្តការអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើនថែមទៀត ដូច្នេះក្រុមការងាររម្នាក់ៗត្រូវបង្កើនសកម្មភាព ចុះជួយ ប្រជាពលរដ្ឋកាន់តែខ្លាំងជាងមុន។
ឯកឧត្តមក៏ បានជម្រាបដល់សមាជិកបក្ស ទាំងអស់ថា ៖ « គណបក្ស ប្រជាជន តែងប្រកាន់ខ្ជាប់នូវ គោលការណ៍ចំបង គឺធ្វើអ្វីៗដើម្បីបម្រើផលប្រយោជន៍និងយកប្រជាជនជាធំ និងដើម្បីប្រទេសជាតិយើង»។ គណបក្សប្រជាជនកម្ពុជា មានមហិច្ឆតាក្នុងការកសាងប្រទេសជាតិយើង ឲ្យរីកច្រើន និងរុងរឿងដើម្បីឲ្យកូនចៅជំនាន់ក្រោយរបស់យើង បានរស់នៅ ក្នុងសុខសន្តិភាពបានយូរអង្វែង ជាពិសេសដើម្បី ធ្វើឲ្យប្រទេសជាតិ យើងអាចធ្វើម្ចាស់ជោគវាសនា របស់ជាតិយើង ដោយខ្លួនឯង ឯករាជ្យ ឯកភាពជាតិតែមួយ ប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា។ ក្រោយពីថ្វើការសំណេះសំនាលចប់ឯកឧត្តមក៏បានជូននូវថវិកាមួយចំនួនដល់ សាខាបក្ស សង្កាត់ គណបក្សខណ្ឌ ក្រុមការងារ និងអ្នកចូលរួម ផងដែរនិងប្រកាសបើកឲ្យដំណើរការ ស្នាក់ការបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកថ្មី ចាប់ពីពេលនេះតទៅ៕