ភ្នំពេញ៖ នាព្រឹក ថ្ងៃ ទី២១ ខែ ឧសភា ឆ្នាំ ២០១៦ នៅ ស្នាក់ការ គណបក្សប្រជាជនកម្ពុជា សង្កាត់ស្ពានថ្ម មានរៀបចំពិធីប្រកាស ប្រធាន អនុប្រធាន សមាជិក គណៈកម្មាធិការបក្ស និង សំណេះសំណាល ជាមួយប្រធាន អនុប្រធាន ក្រុមបក្ស ចំនួន ២៩០ នាក់ក្នុង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ពិធីសំណេះសំណាល នេះ មានវត្តមានចូលរួមពី ឯកឧត្តម ក្រុមការងារ បក្ស ចុះជួយ ខណ្ឌ លោក នុត ពុធដារ៉ា អភិបាល ខណ្ឌ លោក លី សុវណ្ណ ក្រុមការងារ គណៈកម្មាធិការបក្ស ខណ្ឌ គណៈកម្មាធិការបក្សមូលដ្ឋានសង្កាត់ សាខាបក្ស ភូមិ យុវជន កងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីរាជការ រួមនឹង ប្រធាន-អនុប្រធាន ក្រុមបក្ស ចំនួន ២៩០ នាក់ផងដែរ ស្ថិត ក្រោមអធិបតីភាព ឯកឧត្តម លី ឆេង អនុ ប្រធាន ក្រុមការងារចុះជួយខណ្ឌដង្កោ និង ជា ប្រធានក្រុមការងារចុះជួយ សង្កាត់ ស្ពានថ្ម ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។
ក្រោយពីបានស្ដាប់របាយការណ៍របស់ លោក នុត ពុធដារ៉ា អភិបាលខណ្ឌ និង ជា ប្រធានគណបក្សខណ្ឌ ដង្កោ ដែលបានលើកឡើងនូវសកម្មភាពនៃការសហការកសាង នូវសមិទ្ធិ នានាក្នុងក្របខណ្ឌ សង្កាត់ ពិសេស ផែនការសកម្មភាពរបស់មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសមាជិកបក្សប្រជាជនកម្ពុជា ក្រោមកិច្ចវត្តមានគាំទ្រ ពីសំណាក់ ឯកឧត្តម ប្រធានក្រុមការងាររួមទាំងនឹងការខិតខំប្រឹងប្រែងរបស់បណ្ដាអង្គភាព ក្រុមការងារ បានសហការដឹកនាំការងារការកសាងក្រុមបក្ស នៅតាមបណ្ដាមូលដ្ឋានសាខា ភូមិ និងសង្កាត់ បានល្អប្រសើរ។
នាឱកាសនោះ ឯកឧត្តម លី ឆេង អនុប្រធានក្រុមការងារចុះជួយ ខណ្ឌដង្កោ និង ប្រធានក្រុមការងារចុះជួយ សង្កាត់ស្ពានថ្ម បានមានមតិសំណេះ សំណាលទៅកាន់សមាជិក សមាជិកា នៃអង្គប្រជុំប្រកបដោយភាពស្និទ្ធស្នាល និង កក់ក្ដៅបំផុត លើសពីការសំណេះសំណាលឯកឧត្តមប្រធានក្រុមការងារ ក៏បានលើកឡើងដែរថា៖ ឯកឧត្តម ក៏សូមថ្លែងនូវការកោតសរសើរចំពោះ អាជ្ញាធរ ខណ្ឌ សង្កាត់ និង ក្រុមការងារបក្សគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង អភិវឌ្ឍន៍ចូលរួមកិច្ចការសង្គម ជាតិ ទាំងការងាររដ្ឋបាលដែនដី និងការងារ ដឹកនាំក្បាលម៉ាស៊ីនបក្ស ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ លើគ្រប់វិស័យ ក្រោមកិច្ចដឹកនាំរបស់ សម្ដេច តេជោ ហ៊ុន សែន ជាប្រមុខ។
បន្ទាប់ពីធ្វើការសំណេះសំណាលប្រកបដោយ ភាពកក់ក្ដៅ រួចមក ឯកឧត្តមប្រធានក្រុមការងារ ក៏ បានធ្វើការប្រកាសទទួលស្គាល់ នូវរចនាសម្ព័ន្ធប្រធាន អនុប្រធាន សមាជិក គណៈកម្មាធិការបក្ស សង្កាត់ស្ពានថ្ម ព្រមទាំងបានឧបត្ថម្ភ ជូននូវថវិកា មួយចំនួន ដល់ សាខាបក្ស សង្កាត់ គណបក្សខណ្ឌ និង សមាជិក សមាជិកា អ្នកចូលរួម ផងដែរ - ៕