ភ្នំពេញ៖នៅព្រឹកថ្ងៃ ទី០១ ខែមិថុនា ឆ្នាំ២០១៦ អបអរសាទរ ខួបលើទី៦៧ នៃទិវាកុមារអន្តរជាតិ កម្មវិធីសម្ភោធអគារសិក្សា ក្នុងឳកាសប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា១ខ្នង ៣ជាន់ មាន១៨បន្ទប់.សាលអាន១បន្ទប់បន្ទប់អនាម័យចំនួន១០បន្ទប់ រួមនិងសមិទ្ធផលផ្សេងៗ នៅក្នុងបរិវេណវិទ្យាល័យ ឥន្ទ្រទេវី ដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ។
ក្នុងពិធិនេះដែរមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខណ្ឌ លោក លោកស្រីអភិបាលខណ្ឌអភិបាលរងខណ្ឌ ទួលគោកតំណាងអធិការនគរបាលខណ្ឌ តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ នាយករងរដ្ឋបាលខណ្ឌ ចៅសង្កាត់ ប្រធាន និងតំណាងទីរួមផ្សារទាំង៣ ប្រធាន-អនុប្រធានការិយាល័យ អង្គភាពទាំង៥ និងប្រធានការិយាល័យជំនាញជុំវិញខណ្ឌ ព្រមទាំងតំណាងប្រជាពលរដ្ឋ និងមន្ត្រីរាជការលោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ផងដែរ។
លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានលើកឡើងថា៖ ទិវា កុមារកម្ពុជា និង ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំនេះ គឺប្រារព្វធ្វើឡើង ក្រោមប្រធានបទ រួមគ្នាការពារកុមារ ពីអំពើកុមារនិងការ ប្រើប្រាស់គ្រឿងញៀន និង ទិវាពិភពលោកប្រឆាំង ពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ រួមគ្នាបញ្ចប់ពលកម្មកុមារនៅក្នុងចង្វាក់ ផលិតកម្មកុមារដើម្បីរំលឹកសិទ្ឋិជាមូលដ្ឋានរបស់កុមារ និងការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយ បញ្ហាប្រឈមទាំងឡាយរបស់កុមារ ជាពិសេសការបង្ការទប់ស្កាត់ ការការពារកុមារពីអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀននិងការ លុបបំបាត់ពលកម្មកុមារ ។
នៅក្នុងខ្លឹមសារ នៃសារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលអានដោយឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា សង្គមជាតិរបស់យើង នឹងបន្តលើកកំពស់ នូវវប្បធម៌ស្រឡាញ់កុមារ សំដៅរួមចំណែកលប់បំបាត់អំពើហិង្សាលើកុមារ ការកេងប្រវ័ញ្ចលើពលកម្មកុមារ និង ការរំលោភបំពាន ការជួញដូរកុមារ និងលើកស្ទួយ សេចក្តីថ្លៃថ្នូររបស់កុមារ ដែលជាការលើកកំពស់សុខុមាលភាពរបស់សង្គមជាតិ កម្ពុជា យើងទាំងមូលផងដែរ។
ទិវាកុមារអន្តរជាតិ១មិថុនា, ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា, និង ទិវាកុមារកម្ពុជាឆ្នាំ២០១៦ នឹងពង្រឹងបន្ថែមទៀត នូវឆន្ទៈ ប្តូរផ្តាច់របស់ប្រជាជនកម្ពុជាយើង អោយបន្តយកចិត្តទុកដាក់ខ្ពស់ ជាប្រចាំ លើវិស័យសុខុមាលភាពកុមារនៅក្នុងទូទាំង ព្រះរាជាណាចក្រកម្ពុជាយើង។
បន្ទាប់មកឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រកាសនិងសម្ភោធបើកឲ្យប្រើប្រាស់អគារសិក្សា១ខ្នង ៣ជាន់ មាន១៨បន្ទប់.សាលអាន១បន្ទប់បន្ទប់អនាម័យចំនួន១០បន្ទប់ រួមនិងសមិទិ្ផលផ្សេងៗ នៅក្នុងបរិវេណវិទ្យាល័យ ឥន្ទ្រទេវី ដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនិងបានផ្ដល់សម្ភារៈថវិកាដល់លោកគ្រូ អ្នកគ្រូនិងអ្នកចូលរួមផងដែរ៕