ខេត្តព្រះសីហនុ ៖ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញចុះពិនិត្យ និងក្តាប់សភាពការណ៍ ស្ថានភាពជីវភាពរស់នៅ របស់ប្រជាជន ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ក្នុងឱកាសចុះជួបសំណោះសំណាល សួរសុខទុក្ខមន្ត្រីរាជការ អាជ្ញាធរ .... នៅសាលាស្រុកស្ទឹងហាវ សម្តេចភក្តី បានជំរាបជូនត្រួសៗ អំពីបច្ចប្បន្នភាព និងសភាពការណ៍រួមរបស់ប្រទេសជាតិ ដែលកំពុងមានការអភិវឌ្ឍន៍ រីកចម្រើនឥតឈប់ឈរ និងបានផ្តល់អនុសាសន៍ ឲ្យអាជ្ញាធរ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ បន្តព្យាយាមដោះស្រាយបញ្ហា និងការលំបាករបស់ប្រជាជនយើង ដោយបង្កើនការ យកចិត្តទុកដាក់កាន់តែខ្លាំងលើការងារ៖
-ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឲ្យបានកាន់តែល្អ បើទោះជា ភូមិសាស្ត្រស្រុកយើង មានអំណោយផលល្អក្តី ក៏យើងមិនត្រូវធ្វេសប្រហែស ឬមើលស្រាលសភាពការណ៍ឡើយ ។
-ចំពោះការផ្តល់សេវាសាធារណៈ បំរើប្រជាជន ត្រូវបន្តយកចិត្តទុកដាក់ធ្វើឲ្យបានល្អទៀត និងខិតខំកាត់បន្ថយភាពអសកម្មដែលធ្វើឲ្យប៉ះពារ ដល់ផលប្រយោជន៍ របស់ប្រជាជន ដែលធ្វើឲ្យប្រជាជនថ្នាំងថ្នាក់ ..។
-ចំពោះការគ្រប់គ្រង ការងារផលិតកម្ម អាជីវកម្ម នៅក្នុងមូលដ្ឋាន ក៏ត្រូវតែពង្រឹង ការការពារអ្នកវិនិយោគទុនដែលមានស្រាប់ និងទាក់ទាញប្រភពទុនវិនិយោគ ទាំងក្នុង ទាំងក្រៅប្រទេស បន្ថែមកាន់តែច្រើន... ចំពោះបញ្ហារងផលប៉ះពាល់ ពីរោងចក្រ និងមូលដ្ឋានឧស្សាហកម្ម ផលិតកម្ម មួយចំនួន គឺត្រូវមានវិធានការដោះស្រាយទាន់ពេលវេលា និងបកស្រាយពន្យល់ប្រជាជនយើងឲ្យបានសមស្របបំផុត ។
-យកចិត្តទុកដាក់ចំពោះការគ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងសម្បតិ្តវប្បធម៌ដែលមាននៅក្នុងមូលដា្ឋន
-ចំពោះបញ្ហប្រឈម ការលំបាកនានា សូមបន្តអប់រំ បន្តដោះស្រាយ ដោយប្រើប្រាស់ធនធានសរុប កម្លាំងសរុប និងមិនត្រូវអស់សង្ឃឹម ហើយត្រូវតែមានជំនឿ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលយើង។ វិធានការណ៍ គ្រប់គ្រង ដោះស្រាយ ដែលប្រកបដោយប្រសិទ្ធភាពនោះគឺ ៖ វិធានការណ៍អប់រំ វិ.រដ្ឋបាល និងវិធានការណ៍ច្បាប់ ។ ចំពោះមុខ ត្រូវបន្តជំរុញខ្លាំងក្លា ការធ្វើអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ និងលិខិតឯកសារគតិយុត្តិ ចាំបាច់នានា ជូនប្រជាពលរដ្ឋ បើមានជួបការលំបាក សូមទំនាក់ទំនង ជាមួយក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីរួមគ្នាដោះស្រាយ ។
មុនបញ្ចប់សម្តេចភក្តី បានណែនាំអំពីលក្ខការណ៍នៃការងារគ្រប់គ្រងដឹកនាំ ដែលត្រូវតែមានការតាមត្រួតពិនិត្យជាប្រចាំ ... បញ្ហាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និង ការកសាងធ្លុងសាមគ្គីភាពក្នុងប្រជាជនទាំងមូល ធានាឲ្យប្រជាជនយើងរស់នៅបានសុខសាន្ត គ្មានការរើសអើង ដើម្បី រួមគ្នាកសាង អភិវឌ្ឈមូលដ្ឋានយើង ខេត្តយើង និងប្រទេសជាតិយើង..៕